ឌូម៉ាហ្គេត៖ ក្រុមជួយសង្គ្រោះ របស់ប្រទេសហ្វីលីពីន កំពុងតែព្យាយាមជីកកម្ទេចថ្ម ដោយប្រើប្រាស់ប៉ែល, ឧបករណ៍ផ្សេងៗទៀត និងដោយដៃពួកគេតែម្តង នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកមនុស្សដែលកំពុងតែជាប់ខ្លួន ក្នុងគំនរបាក់បែកទាំងនោះ បន្ទាប់ពីគ្រោះធម្មជាតិ រញ្ជួយ ដីដ៏កក្រើក បានវាយប្រហារ បណ្តាលឲ្យមានដីបាក់ និងគេហដ្ឋានជាច្រើនដួលរលំ ព្រមទាំងមនុស្សជាច្រើននាក់ស្លាប់ របួស និង បាត់ខ្លួនផងដែរ។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយទៀតថា រញ្ជួយដីកម្រិត ៦.៨នៃ រង្វាស់រិកទ័រ បានវាយប្រហារភាគកណ្តាលហ្វីលីពីនចន្លោះ កោះដែលមាន ប្រជាជនរស់ច្រើន ដូចជា ណេក្រូស និង សេប៊ូ នៅពេលថ្ងៃត្រង់ ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ដែលការរញ្ជួយនេះមាន ចំនួន២០០ដង ទំាងខ្លាំង និង មធ្យម ដោយវាបាន បង្កការភ័យខ្លាចពេញមួយថ្ងៃនោះតែម្តង។
មេបញ្ជាការយោធាប្រចាំតំបន់កើតហេតុ បានឲ្យដឹងថា មនុស្ស ៥២នាក់បានស្លាប់ ប៉ុន្តែមេបញ្ជាការនោះបានព្រមានទៀតថា ចំនួននេះអាចនឹងកើនឡើងថែមទៀត ដោយសារអ្នកជាប់ខ្លួនក្នុង គំនរដីបាក់ និងអាគារដួលរលំមិនទាន់ជួយសង្គ្រោះនៅឡើយទេ។ នៅពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែជួបការលំបាក ដោយសារដីបាក់ បានហូរចាក់មកលើផ្លូវធ្វើដំណើរ នាំឲ្យពិបាកក្នុងការធ្វើចរាចរណ៍ទៅមកផងដែរ។
ចំពោះអាជ្ញាធរប្រចាំតំបន់ បានទាក់ទងសុំគ្រឿងចក្រជីកកកាយធន់ធំ ពីរដ្ឋបាលខេត្ត តែពេលនេះមិនទាន់បានបញ្ជូនមកដល់នៅឡើយទេ។ អ្នកដឹកនាំក្រុម ជួយសង្គ្រោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកយើងមិនទាន់មានគ្រឿងចក្រជីកកកាយនោះទេ ដូច្នេះអ្វីដែលពួកយើងអាចធ្វើបាន គឺប្រើប្រាស់ដៃរបស់យើង និង ឧបករណ៍តូចតាចដូចជាប៉ែលតែប៉ុណ្ណោះ។
ប្រទេសហ្វីលីពីន ជាប្រទេសប្រជុំកោះស្ថិតនៅក្នុងមហាសាគរ ប៉ាស៊ីហ្វិច ដែលតែងតែទទួលរងគ្រោះធម្មជាតិ ច្រើនជាងគេមានទាំងរញ្ជួយដី, បន្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, និង ទឹកជំនន់ជាដើម ដែលបណ្តាលឲ្យមនុស្សស្លាប់ រាប់រយនាក់ជារៀងរាល់ឆ្នាំ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.