ពល​រដ្ឋ​រស់​នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ខ្វះ​ទឹក​ប្រើប្រាស់

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដែល​បាន​តាំង​ទី​លំនៅ នៅ​លើ​ភ្នំ​មួយ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ ដូច​ពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ធម្មតា​ដែរ។
    RFA/Khe Sonorng
    ៧-កុម្ភៈ-២០១២៖ ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះ​ទៅ​កាន់​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង
    ក្នុង​ស្ថានភាព​ផ្លូវ​ក្រួស​ក្រហម​ដែល​កំពុង​អភិវឌ្ឍន៍​ជា​បណ្ដើរៗ ឆ្ពោះ​ទៅ​លើ​ភ្នំ ដើម្បី​ឆ្លង​កាត់​ពី​ព្រំប្រទល់​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ទៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់ មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជម្រាល​ភ្នំ​ជា​បន្តបន្ទាប់។
    ភ្នំ​នោះ​ពុំ​មាន​ឈ្មោះ​ទេ ប៉ុន្តែ​នៅ​ពេល​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ចាំ​យាម​ ឬ​ហៅ​ថា​ភូមិ​ថ្មី ក្បែរ​ច្រក​ឆ្លង​ដែន​ព្រំដែន​ខ្មែរ-ថៃ ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង គេ​និង​ឃើញ​មាន​ភ្នំ​មួយ​នៅ​ខាង​ស្ដាំ​ដៃ ហើយ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ភ្នំ​នោះ​ជា​ហូរហែ។
    ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ភ្នំ​នោះ បាន​អះអាង​ថា ពួក​គាត់​បាន​រស់​នៅ​ទី​នេះ មិន​តិច​ជាង​ដប់​ឆ្នាំ​នោះ​ឡើយ។ ហើយ​ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​អភិវឌ្ឍន៍​តំបន់​នោះ។
    ម្ចាស់​ផ្ទះ​ឈើ​សង់​ផ្ទាល់​ដី​នៅ​លើ​ចង្កេះ​ភ្នំ គឺ​អ្នកស្រី វង្ស សុភឿន ថ្លែង​ថា អ្វី​ដែល​គាត់​ចង់​បាន​នោះ គឺ​ចង់​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍន៍​តំបន់​នេះ ដូច​ពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ធម្មតា​ដែរ។ អ្នកស្រី​ថា បញ្ហា​ចំពោះ​មុខ​របស់​ពលរដ្ឋ​រស់​នៅ​លើ​ភ្នំ​គឺ​ជា​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ៖ "ចង់​បាន​ផ្លូវ​មាន​ភ្លើង​មាន​ទឹក​អី​រក​ស៊ី​ដូច​គេ​ដូច​ឯង​ដែរ​ហ្នឹង​ណា ដូច​នៅ​ក្រោម​ដែរ​គេ​ត​ភ្លើង​ត​អី​មក​យើង​ស្រួល ធម្មតា​ខ្វះ​ខាត​គ្រប់​យើង​ពិបាក​រស់​នៅ​ដែរ​ហ្នឹង។ បើ​ទឹក​អូរ បង​ឯង​ដឹង​ទេ ទឹក​អូរ​ទឹក​ភ្នំ​ម៉េច​វិញ នៅ​លើ​ភ្នំ​នេះ​ខ្លះ​ណា​អ៊ីចឹង​គ្នា​នៅ​ឆ្ងាយ​ដាច់​ស្រយាល​អត់​មាន​ទេ​ទឹក ឡើង​ទៅ​លើ​តិច​ទៀត​យ៉ាប់​ទឹក​គ្នា​នៅ​លើ​ភ្នំ​ខ្ពស់ ពិបាក​ទឹក​ណាស់"
    ស្ត្រី​ឈ្មោះ សុម ខុម រស់នៅ​លើ​ភ្នំ​ចំណុច​វង្សកឋៈ មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​តែងតែ​ទទួល​បាន​ការ​អប់រំ​ផ្នែក​សុខភាព អនាម័យ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បាន​មុង​ជ្រលក់​ថ្នាំ​ពី​មណ្ឌល​សុខភាព​របស់​រដ្ឋ។ គាត់​ថា ពលរដ្ឋ​កំពុង​ទន្ទឹង​រង់​ចាំ​អំណោយ​នេះ ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​គាត់​កំពុង​រស់នៅ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ និង​ជា​អ្នក​ចំណាក​ស្រុក​រស់នៅ​ចាំ​ចម្ការ​ឲ្យ​គេ​ជា​ដើម ៖ "មាន​ដាំ​អី​ទេ​អូន​ដាំ​អត់​បាន​យើង​ដាំ​ដូច​ជា បន្លែ​ត្រកួន​អី​ដាំ​មិន​បាន​ហូប​ទេ វា​ឫស​ឈើ​​ឫស​ស្លា​​ឫស​ដូង​អី។ ចូល​ទៅ​ក្នុង​ធូរេន​អ៊ីចេះ​ហ្នឹង​មូស​អើយ​មូស។ មូស​សុទ្ធ​តែ​មូស​ខ្លា មើល​កូន​ខ្ញុំ​មក​វិញ​ហើយ​វា​អត់​មុង​អត់​អី​ផង មុង​ដាច់​ខ្ទេចខ្ទី​អស់​ហើយ អត់​ហើយ​មាន​លុយ​ទិញ​ឯណា ចេះ​តែ​ប៉ះ​ប៉ុន​ទៅ"
    ឆ្លើយតប​បញ្ហា​នេះ ប្រធាន​មណ្ឌល​សុខភាព​នាង​កុក លោកស្រី ស៊ីង ច័ន្ទ​វាសនា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧​កុម្ភៈ​ថា ចំណុច​វង្សកឋៈ គឺ​ជា​តំបន់​គោលដៅ​នៃ​ជំងឺ​គ្រុនចាញ់ ដែល​មណ្ឌល​សុខភាព​នេះ​អាច​នឹង​បើក​យុទ្ធនាការ​ចែក​មុង​ជ្រលក់​ថ្នាំ​នៅ​ចុង​ខែ​កុម្ភៈ​នេះ។
    ទី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើ​ភ្នំ​នោះ អាជ្ញាធរ​បាន​ដៅ​ចំណុច ឈ្មោះ​ថា ចំណុច​វង្សកឋៈ ប្រានីត ខ​ណាំ​ខៀវ គីរីវង្ស និង​ចំណុច​ថ្ម​អណ្ដែត ក្រោម​ការ​គ្រប់គ្រង​របស់​ភូមិ​ចាំយាម មាន​ពលរដ្ឋ​សរុប​ទាំង​ខ្មែរ​និង​ជនជាតិ​ចាម ចំនួន​៩៥២​គ្រួសារ នេះ​បើ​តាម​លោក​ប្រធាន​ភូមិ​ចាំ​យាម។
    នាយករង​សេនាធិការ​នគរបាល​ការពារ​ព្រំដែន​គោក លោក ម៉ឹង ថា បញ្ជាក់​បន្ថែម ៖ "នៅ​ខាង​លើ​នេះ តាម​ខ្ញុំ​ស្រាវជ្រាវ​ក្នុង​ផែនទី​នោះ​គឺ មាន កម្ពស់​ភ្នំ ១៩៩​ម៉ែត្រ ២៥៥ ១៩៣ ៣៩១ ២០៧ និង​ឆ្លង​ទៅ​ដល់​ភ្នំ​ត្រងោល​៣២៩ ចប់​ពី​នោះ​ទៅ​គឺ​ឆ្លង​ចូល​ដី ខេត្ត​ពោធិ៍សាត់"
    ប្រធាន​ភូមិ​ចាំ​យាម ឬ​ហៅ​ថា​ភូមិ​ថ្មី លោក សេង សាយ ថ្លែង​ថា ប្រជាពលរដ្ឋ​មក​តាំង​ទី​លំនៅ​លើ​ភ្នំ​នោះ តាំង​ពី​ឆ្នាំ​១៩៩៤ និង​១៩៩៥​មក​ម្ល៉េះ។ លោក​ទទួល​ស្គាល់​ចំពោះ​ការ​លំបាក​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​កំពុង​ជួប​ប្រទះ ដូចជា តំបន់​នោះ​សម្បូរ​ដោយ​សត្វ​មូស កង្វះ​ទឹក​ស្អាត និង​គ្មាន​អគ្គិសនី​ប្រើប្រាស់។ ប៉ុន្តែ​តាម​ការ​ដាក់​គម្រោង​ស្នើសុំ​កន្លង​មក​គាត់​ពុំ​ឃើញ​មាន​ការ​ឆ្លើយ​តប​ឡើយ ៖ "នៅ​ទី​នេះ​និយាយ​រួម​ទៅ​ចម្ការ​តិច​តួច​គាត់​ធ្វើ​នេះ​ធ្វើ​នោះ និយាយ​រួម​ទៅ​គាត់​រស់នៅ​ឯកោ​ដែរ​ទេ។ កាល​ពី​មុន​គាត់​គិត​ថា ចង់​បាន​ដីធ្លី គាត់​ទៅ​កាប់​ឆ្ការ​អ៊ីចឹង​ទៅ គាត់​ដាំ​ពោត ដាំ​នេះ ដាំ​នោះ ដាំ​ចន្ទី​ដាំ​អ៊ីចឹង​បាន។ ជួន​កាល​គាត់​ក៏​រស់​នៅ​ក្នុង​នោះ​បាន​តែ​ដល់​ពេល​ខ្លះ​អត់​មាន​អ៊ីចឹង គាត់​ចេញ​មក​ធ្វើ​សំណង់​ធ្វើ​អី​ទៅ​ណា។ ចង់​អំពាវនាវ​ឲ្យ មាន​អង្គការ​ជួយ​គាត់​ដូច​ជា ពាក់ព័ន្ធ​ភ្លើង ទឹក​ដូច​ជា​មាន​ធុង​ចម្រោះ ដើម្បី​កាត់​បន្ថយ​រោគ​អី ដើម្បី​សុខភាព​គាត់​អ៊ីចឹង​ណា"
    ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កោះកុង លោក អ៊ុន ឆាលី មាន​ប្រសាសន៍​ថា តំបន់​ដែល​ពលរដ្ឋ​រស់នៅ​លើ​ភ្នំ​នោះ នឹង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នោះ គឺ​ជា​តំបន់​មួយ​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ខ្សែ​ក្រវាត់​ព្រំដែន ដែល​អាជ្ញាធរ​ខេត្ត​ចង់​ឲ្យ​មាន​ពលរដ្ឋ​រស់នៅ​កុះករ​នា​ពេល​អនាគត។
    យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ដែល​ទៅ​រស់នៅ​លើ​ភ្នំ​ទាំង​នោះ មន្ត្រី​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា នៅ​ពុំ​ទាន់​ចេញ​លិខិត​បញ្ជាក់​ឬ​លិខិត​កាន់កាប់​ដីធ្លី​ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ​ឡើយ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.