ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ជូន ណារិន ចាប់បានមុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ៣នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជូន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១២ថា នៅក្នុងប្រតិបត្តិការចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង ៥ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ កម្លាំងរបស់លោកបាត់ឃាត់ខ្លួន មុខសញ្ញាចោរឆក់ និងប្លន់ ដែលតែងតែធ្វើ សកម្មភាព ឆក់ខ្សែក និងប្លន់ទូរស័ព្ទអាយហ្វូន អាយភេតជាដើម បាន៣នាក់ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានកាំភ្លើង៣ដើម កាំភ្លើងខ្លី ការ៥៤ ពីរដើម និងរឡូមួយដើម។
លោក ជូន ណារិន បានឲ្យដឹងផងដែរថា ជនសង្ស័យទាំង៣នាក់ ដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនបានម្នាក់ នៅសង្កាត់ទំនប់ទឹក ម្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន និងម្នាក់ទៀត នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ លោកបានឲ្យដឹងផងដែរថា ជនសង្ស័យទាំងនេះ ធ្លាប់ជាប់គុកពីមុនផងដែរ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសាកសួរបន្ត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.