ភ្នំពេញៈ ចោរពីរនាក់ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ២គ្រឿង និងខ្សែកប្លាក់ទីន៥ជីបង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃចែស ខណៈជនរងគ្រោះកំពុងអង្គុយ លេងនៅក្នុងផ្ទះ។
សកម្មភាពប្លន់ទាំងកណ្តាលថ្ងៃ ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចនេះ បានកើតឡើង នាវេលាម៉ោង ១២ និង៥០នាទីថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិខ្វា សង្កាត់-ខណ្ឌដង្កោ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះក្នុងករណី ប្លន់ខាងលើនេះ មានឈ្មោះ អូន សៀវ ភេទប្រុស និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ប៉ែន វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំ ព្រែកផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជនរងគ្រោះទាំងពីរជាបងប្អូននឹងគ្នា។
ជនរងគ្រោះបានប្រាប់បន្ទាប់ពីកើតហេតុទាំងអារម្មណ៍តក់ស្លុតថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះបានអង្គុយលេងនៅក្នុងផ្ទះ ហើយបញ្ឈរម៉ូតូទុកនៅ ខាងមុខផ្ទះ ខណៈកំពុង អង្គុយលេងនោះ ស្រាប់តែជនល្មើសពីរនាក់ បានកាន់កាំភ្លើងខ្លី២ដើម ចូលមកភ្ជង់ និងគំរាម ប្លន់យកម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ស្វាយរៀង 1B-6887 មួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AX-0686 និងខ្សែករប្លាកទីនរបស់ស្រ្តីរងគ្រោះទម្ងន់៥ជីផងដែរ។
ជនរងគ្រោះបានបន្តដោយអាការៈភ័យរន្ធត់ថា ខណៈដែលវាភ្ជង់ប្លន់នោះ ក្រុមជនល្មើសបានគំរាមមិនឲ្យស្រែក ហើយបើមិនដោះខ្សែក និងប្រគល់សោម៉ូតូឲ្យពួកវាទេ វានឹងបាញ់ភ្លាម។ ដោយសារការភ័យខ្លាច និងដើម្បីរក្សាអាយុជីវិត ពួកគាត់បានដោះខ្សែក និងប្រគល់សោម៉ូតូឲ្យពួកគេមិនប្រកែកបន្តិចណាឡើយ។
ក្រោយពេលប្លន់បានសម្រេចហើយ ក្រុមជនល្មើសបានជិះម៉ូតូចេញដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មភាពប្លន់ប្រដាប់អាវុធ ត្រូវបានគេមើលឃើញថា មានសកម្មភាពយ៉ាងកក្រើកកណ្តាលរាជធានីភ្នំពេញ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានភាពតក់ស្លុត និងខ្លាចរអាជាខ្លាំងចំពោះសុខសុវត្ថិភាពរបស់ពួកគេ។ ជាមួយគ្នានេះ គេសង្ឃឹមក្រុមសមត្ថកិច្ចនឹងបង្កើនវិធានការ ដើម្បីរក្សា និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោមការទទួលខុសត្រូវខ្ពស់របស់ខ្លួន មិនត្រូវដេកសម្ងំសុខ មិនមើលភាពអសន្តិសុខក្នុងទឹកដីរបស់ខ្លួននោះទេ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.