ប្រព័ន្ធប្រតិបត្តិការ Symbian នៅលើទូរស័ព្ទ Nokia ពេលនេះហាក់ដូចជាជិតដល់ពេលត្រូវគេបំភ្លេចចោលទេដឹង ព្រោះគេហទំព័រ GSMArena បានឲ្យដឹងថាទូរស័ព្ទ Nokia N8 ដែលប្រើ Symbian អាចជាទូរស័ព្ទចុងក្រោយគេហើយពីក្រុមហ៊ុន Nokia។
Nokia ធ្លាប់បានសន្យាថានឹងនៅតែបន្តការគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ Symbian ដដែលទោះគោលដៅរបស់ក្រុមហ៊ុនបានផ្លាស់ប្ដូរទៅរក Windows Phone វិញក៏ដោយ។ ប៉ុន្តែគួរឲ្យស្តាយ ចំនួននៃការលក់ចេញទូរស័ព្ទប្រើ Symbian បានធ្លាក់ចុះយ៉ាងគំហុកលើសពីការរំពឹងទុកទៅទៀត ហើយប្រភពបានលើកឡើងថានេះអាចបណ្ដាលមកពី Nokia ធ្វើការផ្សព្វផ្សាយឲ្យមានការលក់ទូរស័ព្ទ Windows Phone ច្រើនលើសលប់ពេក។
នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកកន្លងទៅ ក្រុមហ៊ុន Nokia បានប្រកាសថានឹងបន្តលក់ទូរស័ព្ទប្រើ Symbian ឲ្យបាន ១៥០ លានគ្រឿងទៀត មុនពេលបោះបង់ប្រព័ន្ធប្រតិបត្តិការមួយនេះចោល។
លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានឲ្យដឹងយ៉ាងដូច្នេះថា “យើងជឿថា យើងនឹងលក់ទូរស័ព្ទ Symbian តិចជាងអ្វីដែលយើងបានរំពឹងមុន”។
គួរបញ្ជាក់ផងដែរថា កាលពីមុនក៏ធ្លាប់មានការពិភាក្សាអំពី Symbian Carla និង Symbian Donna ថានឹងអាចចេញជាមួយទូរស័ព្ទស៊េរីថ្មី ប៉ុន្តែបើមើលទៅប្រហែលជា Nokia N8 អាចជាទូរស័ព្ទចុងក្រោយហើយ។ ទោះជាយ៉ាងណា ដើម្បីឲ្យដឹងច្បាស់មានតែត្រូវរង់ចាំមើលថា តើអនាគត Symbian នឹងទៅជាយ៉ាងណា។
តើនេះមានន័យថា អវសាន Symbian ជិតមកដល់ហើយមែនទេ? ចុះអ្នកប្រើប្រាស់ Symbian វិញគួរធ្វើបែបណាទៅ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.