តួ​ឯកនិង​អ្នក​ដឹក​រឿងជោគជ័យ​នៅ​TheCineplex

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Featuredភាពយន្ត​ខ្មែរ​ទី៣​រឿង “​ស្នេហ៍​គ្រា​ដំបូង”​ ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​រោភាពយន្ត​លំដាប់​អន្តរជាតិ​​ The Cineplex ​ផ្សារ​ទំនើប​សូរិយា​ ជាន់​ទី៥​ កាល​ពី​ម្សិល​មិញ​ ក្រោម​​វត្តមាន​តារា​ស្រី​ ប្រុស​​​​ ​អ្នក​ដឹកនាំ​រឿង ​ចាងហ្វាង​ផលិតកម្ម SRGB ​ ក៏​ដូច​ជា​ប្រិយមិត្ត​នានា​ទៅ​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​​យ៉ាង​ច្រើន​កុះករ។
    តួឯកស្រី​ដ៏​ស្រស់​ស្អាត កញ្ញា ហ៊ុយ​ ច័ន្ទរាជនី​ Freshier Girl លេខ​១ឆ្នាំ២០១១ ​បាន​សម្ដែង​ក្ដី​រំភើប​ថា កញ្ញា​ស្ទើរ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ថា​​ក្រោយ​ពី​ជាប់ Freshier Girl ​មិន​ទាន់​បាត់​ក្ដៅ​ផង​ ស្រាប់​តែ​ត្រូវ​ទទួល​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ “ស្នេហ៍​គ្រា​ដំបូង”​ នេះ​ភ្លាមៗ ​​ដែល​ធ្វើ​ឲ្យ​កញ្ញា​ ភ័យ​ផង​ អរ​ផង​ ព្រោះ​មិន​ធ្លាប់​មាន​បទពិសោធន៍​សម្ដែង​ពី​មុន​មក។ ​ទទួល​ស្គាល់​នូវ​ការ​លំបាក ​កញ្ញា​ក៏​បាន​គូស​បញ្ជាក់​ថា ​ការ​ណែនាំ ​និង​កែ​តម្រូវ​ពី​ក្រុមការងារ​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ដំណើរ​ការណ៍​បាន​ប្រសើរ​ដូច​ថ្ងៃ​នេះ។

    ស្រប​គ្នា​នេះ ​ជាមួយ​ទឹក​មុខ​ញញឹម​ញញែម ​ប្រកប​ដោយ​ក្ដី​រីករាយ ​អ្នក​ដឹកនាំ​រឿង​ លោក ​លាង​ ខេងហេង ក៏​បាន​និយាយ​ដែរ​​ថា ​លោក​មាន​សេចក្ដី​សោមនស្ស​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ស្នាដៃ​ថ្មី​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ទស្សនិកជន។ ​លោក​បាន​បន្ថែម​ថា​ ការ​ចូល​រួម​គាំទ្រ​នេះ​ជា​សញ្ញា​បញ្ជាក់​ពី​ការ​រីក​ចម្រើន​ទៅ​មុខ​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ។ ដោយ​ឡែក​នៅ​ពេល​ត្រូវ​ចោទ​សួរ​ពី​មូលហេតុ​ដែល​តម្រូវ​ឲ្យ​រូបលោក​ជ្រើសរើស​ កញ្ញា​ដ៏​ស្រស់​សោភា​ ហ៊ុយ ច័ន្ទរាជនី ​ជា​តួអង្គ​ឯក​ក្នុង​រឿង​ថ្មី​នេះ​ លោក​បាន​បង្ហើប​ថា​គឺ​ផ្អែក​លើ​កត្តា​ពីរ ទី១​ គឺ​កញ្ញា​មាន​កេរ្តិ៍​ឈ្មោះ​ស្រាប់​ក្នុង​នាម​ជា​ Freshier Girl ​ចំណាត់ថ្នាក់​លេខ១ ​និង​ទី ២​ គឺ​សាច់​រឿង​នេះ​និយាយ​ពី​សែ​ស្រឡាយ​ចិន​ ដែល​កញ្ញា​មាន​មុខ​មាត់​ស្រដៀង​ផង​ដែរ។
    ទន្ទឹម​គ្នា​នេះ​ លោក​បាន​លើក​ឡើង​ពី​ផល​វិបាក​ដែល​​កើត​មាន​ឡើង​នៅ​ពេល​ខ្លះ​ដោយ​ហេតុ​ថា​ កញ្ញា​ជា​តួសម្ដែង​ថ្មី ​តែ​ទោះ​ជា​យ៉ាងណា ​ការ​បង្ហាត់បង្ហាញ​ជាមុន ​គួប​ផ្សំ​នឹង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​កញ្ញា​ផ្ទាល់ អ្វី​ៗ​គ្រប់​យ៉ាង​បាន​ប្រព្រឹត្តិ​ទៅ​មុខ​យ៉ាង​រលូន។ ជា​ចុងក្រោយ​អ្នក​ដឹកនាំ​រូប​នេះ ​បាន​អំពាវ​នាវ​ឲ្យ​ទស្សនិកជន​បន្ត​គាំទ្រ​រឿង​នេះ​ឲ្យ​បាន​ច្រើន ​ដែល​នេះ​ជា​កម្លាំង​ចិត្ត​ដល់​រូប​លោក​ផ្ទាល់​ក្នុង​ការ​បន្ត​ផលិត​ភាពយន្ត​ក្រោយៗ​ទៀត ​ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ជាតិ​ផង​ដែរ។
    ចុះ​ប្រិយមិត្ត​វិញ​​ បាន​ទស្សនា​ខ្សែ​ភាពយន្ត​ថ្មី​នេះ​ហើយ​ឬ​នៅ? ​បើ​មិន​​ទាន់​បាន​ទស្សនា​ទេ ​សូម​ប្រញាប់​រួសរាន់​ទៅ​ទស្សនា​ឲ្យ​បាន​ទាំង​អស់​គ្នា​ នៅ​រោង​ភាពយន្ត​ The Cineplex ​ផ្សារ​ទំនើប​​សូរិយា ជាន់​ទី៥ ​ជា​រៀងរាល់​ថ្ងៃ។ ​កុំ​ឲ្យ​រំលង​ឲ្យ​សោះ​ណា!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.