VJ Moon ទៅ​កាន់​ពិភព​ផ្កាយ​ហើយ

Posted on
  • Tuesday, February 21, 2012
  • by
  • angco.co
  • in
  • Labels:

  • ពិធី​ការិនី​វ័យក្មេង​ ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​PPCTV កញ្ញា ជា រ៉ាក់​ម៉ូន ដែល​មហា​ជន​តែងតែ​ទទួល​ស្គាល់​ថា​មាន ​សម្រស់​ស្អាត និង​ទេពកោសល្យ​ល្អ​ ទាំង​ផ្នែក​វិទ្យុ និង​ទូរទស្សន៍​នោះ ថ្មីៗ​នេះ​បានទទួល​ពាន​ពី​កម្មវិធី “អាណាចក្រ​តារា” បន្ទាប់​ពី​ការ​សិល្បៈ​របស់​នាង​​ ជោគ​ជ័យ រួម​ទាំង​ការសិក្សារ​ទៀត​ផង​នោះ។

    ជា រ៉ាក់​ម៉ូន មាន​ឈ្មោះ ​ក្រៅ​ហៅ​ថា​Moon បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ នៅ​ពេល​ដែល​កញ្ញា​ទទួល​បាន​ពាន​អាណាចក្រ​តារា​ថា “ខ្ញុំ​មាន​អារម្មណ៍​សប្បាយ និង​រំភើប​រក​អ្វី​មក​ប្រៀប​មិន​បាន ​ព្រោះ​សម្រាប់​ប្រទេស​ខ្មែរ​យើង​ទើប​តែ​ជា​លើក​ទី​មួយ​ដែល​មាន​កម្មវិធី​នេះ… ខ្ញុំ​គិត​ថា​ ពាន​រង្វាន់​នេះ​ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​សិល្ប​ករ សិល្ប​ការិនី​យើង​ច្រើន ​ហើយ​ក៏​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​យើង​ដែរ”។ ពាន​រង្វាន់​ដែល​នាង​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កន្លង​ទៅ​នោះ គឺ​ពាន “VJ ប្រចាំ​ឆ្នាំ​២០១១”។


    កញ្ញា​បន្ត​ទៀត​ថា​ ពី​ដំបូង​កញ្ញា​មិន​បាន​គិត​ថា​ អាច​នឹង​ទទួល​បាន​ពាន​រង្វាន់​ទេ ​គិត​ថា ​ទៅ​ចូល​រួម​ធម្មតា ហើយ​ភ្ញាក់ផ្អើល​មែនទែន​នៅ​ពេល​ដែល​គណៈកម្មការ​បាន​ហៅ​ឈ្មោះ​កញ្ញា​ពេល​នោះ ព្រោះ​នឹក​ស្មាន​មិន​ដល់។ កញ្ញា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​បាន​ពាន​រង្វាន់​ គិត​ថា​អ្វី​ដែល​ខ្លួន​ខំប្រឹង​អស់​ប៉ុន្មាន​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​មក​លើ​រូប​នាង។
    កញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ ជា ​រ៉ាក់​ម៉ូន ​នេះ​គឺ​ឈ្មោះ​ពី​កំណើត ​ដែល​ប៉ា​ម៉ាក់​របស់​កញ្ញា​បាន​ដាក់​ឲ្យ​ផ្ទាល់។​ តាមរយៈ​ឈ្មោះ​នេះ​បាន​ផ្ដល់​នូវ​ផ្លែ​ផ្កា​យ៉ាង​ច្រើន​នៅ​ពេល​ដែល​កញ្ញា​ចូល​សិល្បៈ​ដំបូង មាន​មហាជន​ជា​ច្រើន​តែង​តែ​ស្គាល់ ​និង​ហៅ​ថា​VJ Moon។ ម្យ៉ាង​វិញ​ទៀត​បើ​គិត​ទៅ​ព្រះ​ច័ន្ទ​នៅ​ក្នុង​លំហ​អាកាស​មាន​ផ្កាយ​ច្រើន​តែ​មាន​ព្រះ​ច័ន្ទ​តែ​មួយ​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់​កញ្ញា​គឺ​ខិត​ខំ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ពង្រឹង​ខ្លួន​ឯង​ទៅ​ថ្ងៃ​ខាង​មុខ។
    សព្វ​ថ្ងៃ​Moon មិន​ត្រឹម​តែ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​PPCTV ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ការ​ងារ​ក្រៅ​មួយ​ទៀត​ជា​ជំនួយ​ការ​មេធាវី​ និង​ការ​ងារ​មួយ​ទៀត​គឺ​ទទួល​បន្ទុក​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​នៅ​វិទ្យុ​ជាតិ​FM 96។
    កញ្ញា​ ជា រ៉ាក់​ម៉ូន​ បាន​ប្រឡង​ជាប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ឆ្នាំ២០០៦​ និង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ពីរ​ផ្នែក ​គឺ​ផ្នែក​សារព័ត៌មាន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​(RUPP) និង​មួយ​ទៀត​គឺ​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ​ហើយ​បាន​បញ្ចប់​ទាំង​ពីរ​ផ្នែក​នៅ​ចុង​ឆ្នាំ​២០១១​នេះ​ព្រមគ្នា៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.