អង់គ្លេស ផ្តល់ប្រាក់ចំនួន ១,២ លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ រដ្ឋាភិបាល នៃប្រទេសអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានសន្យាផ្តល់ជំនួយ ឥតសំណង ដល់ប្រទេស កម្ពុជាដើម្បីផ្គត់ផ្គង់ ដល់សាលាក្តីខ្មែរក្រហម នូវទឹកប្រាក់ចំនួន ១,២០០,០០០ ដុល្លារអាមេរិក ដើម្បីបញ្ជាក់ការគាំទ្រ យុត្តិធម៌ នៃសាលា ក្តីកូនកាត់មួយនេះ ។
    ការសន្យាបែបនេះ របស់រដ្ឋាភិបាល នៃប្រទេសអង់គ្លេស បានធ្វើឡើង នាកិច្ចជំនួបមួយ រវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន ជាមួយនឹង ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជាលោក Mark Gooding នាទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២  ។
    អ្នកនាំពាក្យ នៃអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស លោក ឯក ថា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា ជំនួយឥតសំណង របស់រដ្ឋាភិបាលអង់គ្លេសនេះ ជាការបញ្ជាក់ភាពជឿទុកចិត្ត ដល់កម្ពុជា ចំពោះកិច្ចការ នៃសាលាក្តីខ្មែរក្រហម ហើយក៏បញ្ជាក់ អំពី គោលជំហររបស់ខ្លួន ក្នុងការគាំទ្រយុត្តិធម៌ អន្តរជាតិ និងការបង្រួបបង្រួមជាតិ របស់កម្ពុជាផងដែរ ។
    លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា ជាការឆ្លើយតប ដល់ជំនួយឥតសំណងនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី សុខ អាន បានមានប្រសាសន៍ថា លោកមានសេចក្តីត្រេកអរ យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលអង់គ្លេស ដែលបានផ្តល់ជំនួយមកកម្ពុជា សម្រាប់សាលាក្តីខ្មែរក្រហមនេះ ពីព្រោះនាពេលបច្ចុប្បន្ននេះ សាលាក្តីកំពុងតែជួបប្រទះ វិបត្តិយ៉ាងខ្លាំង ជាពិសេស គឺមិនមានថវិកា សម្រាប់បើកជូន ដល់បុគ្គលិកបម្រើការ នៅទីនោះជាច្រើនខែ មកហើយ ។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានមានប្រសាសន៍បន្តទៀតថា តាមរយៈជំនួយនេះ គឺសបញ្ជាក់ឲ្យឃើញថា ប្រទេសអង់គ្លេស ក៏ដូចជា សហគមន៍អន្តរជាតិ នៅតែ មាន ជំនឿយ៉ាងមុតមាំ មកលើភាគីកម្ពុជា ដែលធ្វើការជាមួយគ្នា យ៉ាងត្រឹមត្រូវ និងរលូន ជាមួយនឹងភាគីអង្គការ សហប្រជាជាតិ ចំពោះសាលា ក្តីខ្មែរក្រហមនោះ ៕
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    ប្រភព៖​ dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.