ដំណើរកម្សាន្ត តាមទន្លេ ដោយជិះកាណូត ជាតំបន់ទេសចរណ៍១ ក្នុងចំណោមតំបន់ ទេសចរណ៍ ទាំង១២ របស់រាជធានីភ្នំពេញ

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ដំណើរកម្សាន្តតាមទន្លេ និងមើលថ្ងៃ លិចដោយជិះកាណូត ជាកន្លែងទេសចរណ៍មួយ ដែលចាត់ទុកថាទទួលបានប្រជាប្រិយភាព អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងចំណោមតំបន់ទេសចរណ៍ទាំង១២ របស់រាជធានីភ្នំពេញ។
    យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរកម្សាន្តតាមទន្លេ និងមើលថ្ងៃលិច ដោយជិះកាណូត មានការងាយស្រួលក្នុងការរៀបចំ ជូនភ្ញៀវទេសចរ ហើយផ្តល់ជូននូវទិដ្ឋភាពគួរឲ្យ ចាប់អារម្មណ៍ម្យ៉ាងពីទីក្រុង។ ដំណើរកម្សាន្តដោយជិះកាណូត ម្តងត្រូវចំណាយពេល១ ម៉ោង ទៅ២ ម៉ោង ដោយជិះឡើងទៅទន្លេសាប តាមតំបន់មាត់ទន្លេ ចំណុចកណ្តាល ដោយនាំមកនូវផ្ទាំងទេសភាពដ៏វិចិត្រ នៃព្រះបរមរាជវាំង សារមន្ទីរជាតិ សួន និង រាងអគារខ្ពស់ៗនៅភ្នំពេញ ហើយក៏កាត់ទន្លេសាប និងឡើងទៅទន្លេមេគង្គ ដើម្បីគយគន់ ភូមិនេសាទបណ្តែតទឹក។
    ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ត្រូវចំណាយម្នាក់ពី៤ ដុល្លារ ទៅ៥ ដុល្លារ ដើម្បីធ្វើដំណើរ កម្សាន្តមើលថ្ងៃលិចនៅលើកាណូតទេសចរណ៍រួមគ្នា ដែលរង់ចំានៅតាមមាត់ទន្លេ ទីតាំងចំណតនៅទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ខាងកើតវត្តភ្នំ។ សម្រាប់ដំណើរ កម្សាន្តធម្មតា គឺចាប់ពីម៉ោង៨ ព្រឹក ដល់ម៉ោង ១៧ និង៣០ នាទី។
    គេហទំព័ររបស់សាលារាជធានីភ្នំពេញ ក៏បានឲ្យដឹងទៀតថា តំបន់ទេសចរណ៍ទាំង១២ ដែលត្រូវបានចាត់ទុកថា ទទួលបានប្រជាប្រិយភាពក្នុងរាជធានីភ្នំពេញ ១. ព្រះបរមរាជវាំង, ២. ប្រាសាទព្រះកែវមរកត, ៣. សារមន្ទីរប្រល័យពូជសាសន៍ជើងឯក, ៤. វិមានឯករាជ្យ, ៥. សារមន្ទីរជាតិ, ៦. ផ្សាររាត្រី, ៧. មាត់ទន្លេ, ៨. ដំណើរកម្សាន្តតាមទន្លេដោយជិះកាណូត, ៩. ផ្សារទួលទំពូង, ១០. ផ្សារធំថ្មី, ១១. សារមន្ទីរឧក្រិដ្ឋកម្មទួលស្លែង និង ១២. វត្តភ្នំ ៕


    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.