សណ្ឋាគារ​នៅ​កម្ពុជា​បាន​នូវ ពាន​រង្វាន់​បៃតង​ពី​អាស៊ាន

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ​សណ្ឋាគារ​កម្ពុជា​១០​បាន​ទទួល​ពាន​រង្វាន់​ថ្នាក់​តំបន់​អាស៊ាន​អំឡុង​ពេល ​វេទិកា ទេសចរណ៍​អាស៊ាន ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​សប្តាហ៍​មុន។
    លោក ទិត ចន្ថា អគ្គ​នាយក​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ​ពាន​រង្វាន់​នេះ​ត្រូវ​គេ​ហៅ​ថា ស្តង់ដារ​សណ្ឋាគារ​បៃតង​ដែល​ផ្តល់​ដល់​ម្ចាស់​សណ្ឋាគារ​ណា បាន​អនុវត្ត​តាម​លក្ខណៈ​វិនិច្ឆ័យ​ស្តង់​ដារ​របស់​អាស៊ាន​។
    លោក​បាន​បន្ត​ថា ​មាន​លក្ខណៈ​វិនិច្ឆ័យ​ដើម្បី​វិនិច្ឆ័យ​ថា ​សណ្ឋាគារ​មួយ​មាន​ស្តង់ដារ​បៃតង​រួម​មាន​ ការ​ថែរក្សា​បរិស្ថាន ​ការ​សន្សំ​សំចៃ​ភ្លើង​អគ្គិសនី​ និង​ភាព​ស្អាត​ ជា​ដើម​។ លោក​ថ្លែង​ថា​៖ ​«ពាន​រង្វាន់​នេះ​ជួយ​ច្រើន​ណាស់​សម្រាប់​ទេសចរណ៍​របស់​យើង។​ វា​ផ្តល់​នូវ​រូបភាព​ល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ហើយ​វា​ជា​កម្លាំង​ប្រកួត​ប្រជែង។ មាន​ន័យ​ថា​យើង​មាន​ស្តង់ដារ​ដែល​អាស៊ាន​ទទួល​ស្គាល់»។
    លោក អាង គឹមអ៊ាង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពាន​រង្វាន់​នេះ​គឺ​មាន​សារៈ​សំខាន់​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជា ​ព្រោះ​កម្ពុជា​ផ្តោត​សំខាន់​ទៅ​លើ​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​។
    លោក​បន្ត​ថា​៖ «សម្រាប់​កម្ពុជា ពាន​រង្វាន់​នេះ​សំខាន់​ណាស់​ដើម្បី​លើក​ទឹក​ចិត្ត និង​ជំរុញ​ប្រតិបត្តិករ​សណ្ឋាគារ​ឲ្យ​ផ្តោត​លើ​ការ​អនុវត្ត​ស្តង់ដារ សណ្ឋាគារ​បៃតង»​។
    លោក​ ទិត ​ចន្ថា បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​សណ្ឋាគារ​៥០ បាន​ទទួល​ពាន​រង្វាន់​ស្តង់ដារ​សណ្ឋាគារ​បៃតង​អាស៊ាន​។ ​សណ្ឋាគារ​ទាំង​នោះ​មាន​នៅ​ភ្នំពេញ ​ខេត្ត​ព្រះសីហនុ ​និង​ភាគ​ច្រើន​នៅ​សៀមរាប​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.