កត្តា​សុខភាព​រាងកាយ ៤ យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​ផ្លូវ​ភេទ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_22a
    សុភាព​បុរស​ទាំងឡាយ! តើ​អ្នក​ធ្លាប់​ត្រូវ​បាន​ភរិយា​បដិសេធ​ទេ នៅ​ពេល​ដែល​អ្នក​កេះ​នាង​សុំ​ចំណី​លើ​គ្រែ​នោះ?
    ប្រសិន​បើ​នាង​ឆ្លើយ​ទេ សូម​កុំ​ទាន់​អាល​គិត​វែង​ឆ្ងាយ ​ខ្លាច​នាង​លួច​លាក់​មាន​ឆ្នាំង​បាយ​ក្រៅ​ផ្ទះ ឬ​ក៏​អស់​ចិត្ត​ពី​អ្នក​ឲ្យ​សោះ ព្រោះ​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​រួម​ភេទ។
    កត្តា​ទាំង​នោះ​ត្រូវ​បាន​អ្នក​ជំនាញ​សុខភាព​បន្ត​ពូជ​បែង​ចែក​ជា​ពីរ​គឺ ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​។ នៅ​ពេល​ដែល​ស្ត្រី​បាត់បង់​ចំណាប់​អារម្មណ៍​ពី​រឿង​លើ​គ្រែ នោះ​វា​អាច​បណ្ដាល​មក​ពី​ចំណង​ស្នេហា​រកាំ​រកូស ប្រវត្តិ​គ្រួសារ ទុក្ខព្រួយ ការ​ធុញ​ទ្រាន់​នឹង​បរិយាកាស និង​ការ​នឿយហត់​ពី​អាជីព​ការងារ​ខាង​ក្រៅ ដែល​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កត្តា​ផ្លូវ​ចិត្ត។
    ជាទូទៅ កត្តា​ផ្លូវ​ចិត្ត​នេះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​ជា​រឿយៗ​តែង​ធ្វើ​ឲ្យ​ស្ត្រី ​មិន​ព្រម​បើក​ភ្លើង​ខៀវ​ឲ្យ​បុរស​ដក​អាវុធ​វាយ​ប្រហារ​មក​លើ​ខ្លួន។
    កត្តា​ផ្លូវ​ចិត្ត​ គឺជា​បញ្ហា​ដែល​បុគ្គល​ទាំង​សង​ខាង​អាច​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង ដូច​ជា​ផ្លាស់​ប្ដូរ​​ទិចនិក​រួម​ភេទ កាត់​បន្ថយ​បន្ទុក​ការងារ និង​ជជែក​គ្នា​ពី​អ្វី​ដែល​ភាគី​ទាំង​សង​ខាង​ចង់​បាន។
    ដោយ​ឡែក​ចំពោះ​ស្ត្រី​ដែល​មាន​កត្តា​ផ្លូវ​កាយ​រហូត​ដល់​បាត់បង់​អារម្មណ៍​ រួមភេទ មាន​តែ​វេជ្ជបណ្ឌិត​ជំនាញ​ទេ​ ទើប​អាច​ព្យាបាល​បាន​។ កត្តា​ផ្លូវ​កាយ​សំដៅ​មូលហេតុ​វេជ្ជសាស្ត្រ​ដូច​ជា​ការ​កើត​ជំងឺ​ផ្សេងៗ ​ដែល​ចូលរួម​ធ្វើ​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​ផ្លូវ​ភេទ​មួយ​ផ្នែក​ធំ។ កត្តា​ទាំង​នោះ​មាន​ដូចជា៖
    ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម
    ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម​គឺ​ជា​បញ្ហា​សុខភាព​ដែល​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​ទៅ​បំពេញ​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ។
    បញ្ហា​ទាក់ទិន​នឹង​អ័រម៉ូន
    ការ​អស់​រដូវ​នៅ​មជ្ឈិមវ័យ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត គឺជា​កត្តា​គោល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​រួមភេទ ដោយ​មិន​ដឹង​ខ្លួន។
    កត្តា​ប្រតិកម្ម​ជាមួយ​ឱសថ
    ឱសថ​មួយ​ចំនួន​ដូច​ជា ថ្នាំ​កែ​រោគ​ស្មុគស្មាញ​ផ្លូវ​ចិត្ត​ និង​ការ​ព្យាបាល​ជំងឺ​មហារីក និង​បញ្ហា​អស់​រដូវ​ដោយ​ប្រើ​ជាតិ​គីមី ជាដើម សុទ្ធ​តែ​មូលហេតុ​ចម្បង​ដែល​សម្លាប់​អារម្មណ៍​ផ្លូវ​ភេទ​។
    បញ្ហា​ខូចខាត​ប្រព័ន្ធ​ប្រសាទ
    ការ​ឈឺ​ឆ្អឹង ឬ​វះកាត់​ឆ្អឹង​ត្រគាក​អាច​បណ្ដាល​ឲ្យ​សរសៃ​ប្រសាទ​មួយ​ចំនួន​រង​ការ​ ខូចខាត។ ទន្ទឹម​នឹង​នោះ ជំងឺ​មួយ​ចំនួន​ដូច​ជា​ ជំងឺ​រលាក​នៅ​ខួរ​ក្បាល (multiple sclerosis) ឬ​ជំងឺ​សរសៃ​ប្រសាទ​ម៉្យាង​ហៅ​ថា ផាកឃីនសិន (Parkinson) ក៏​អាច​បណ្ដាល​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ពី​ការ រួម​ភេទ​ផង​ដែរ។
    បន្ថែម​ពី​លើ​នេះ កង្វះ​ដំណេក និង​របប​អាហារ​មិន​ត្រឹមត្រូវ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ទាំង​ បុរស និង​ស្ត្រី​មានការ​ធ្លាក់​ចុះ​ផង​ដែរ។
    សរុប​មក​វិញ ប្រសិន​បើ​ស្ត្រី​មាន​បញ្ហា​លើ​គ្រែ​ដែល​បណ្ដាល​មក​ពី​កត្តា​ផ្លូវ​កាយ ​ដូច​បាន​រៀបរាប់​ខាង​លើ ពួក​គេ​គួរ​តែ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត និង​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ ព្រោះ​ប្រសិន​បើ​សុខភាព​ផ្លូវកាយ​មិន​អំណោយ​ផល វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ផ្លូវ​អារម្មណ៍​ផង​ដែរ។
    យោង​តាម​វេជ្ជបណ្ឌិត ម៉ាចូរីន ហ្គ្រីន (Marjorie Green) នាយក​មជ្ឈមណ្ឌល​សុខភាព​បន្ត​ពូជ​ភេទ​ស្ត្រី​នៅ​សាកល​វិទ្យាល័យ​ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ហាវើត បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ជា​ទូទៅ កត្តា​នាំ​ឲ្យ​ស្ត្រី​បាត់បង់​ចំណង់​ផ្លូវ​ភេទ គឺ​ជា​ការ​រួមផ្សំ​គ្នា​រវាង​កត្តា​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ទាំង​ពីរ»។
    អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើស្ត្រី​សង្ស័យ​ថា​ខ្លួន​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ដោយ​សារ​តែ​កត្តា ​សុខភាព​រាង​កាយ​នោះ​ ពួកគេ​គួរ​តែ​ទៅ​ជួប​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ភេទ​ ជាជាង​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ។
    ចំពោះ​ការ​ព្យាបាល​គឺ​អាស្រ័យ​ប្រភព​នៃ​បញ្ហា ដោយ​ក្នុង​នោះ​រួមមាន​ការ​ប្ដូរ​ឱសថ ប្រើ​ថ្នាំ បង្កើន​អ័រម៉ូន​អេស្ត្រូ​ហ្សែន ឬ​តេស្តូស្តេរ៉ូន និង​បង្កើន​កម្រិត​ដូប៉ាមីន (dopamine)។ អ្នក​មាន​បញ្ហា​នេះ​ក៏​អាច​ងាក​មក​ប្រើ​ផលិតផល​ស្រូប​បញ្ជូន​ឈាម​ទៅ បំពេញ​ប្រដាប់​ភេទ ឈ្មោះ​ថា Eros Therapy ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។
    ស្ត្រី​មួយ​ចំនួន​ក៏​ទទួល​បាន​នូវ​ការ​ប្រសើរ​ឡើង​ផ្នែក​ចំណង់​ផ្លូវ​ភេទ តាម​រយៈ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ការ​ពិគ្រោះ​ជាមួយ​អ្នក​ចិត្ត​សាស្ត្រ​ផង​ដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.