ស្លាប់​និង​របួស​ជិត​៣០​នាក់​ដោយ​រថយន្ដ​​បុក​បន្ដកន្ទុយ​គ្នា​ដូច​ខ្សែភាពយន្ដ​នៅ​អា​មេ​រិ​ក​

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • សារព័ត៌មាន​ AP​ បាន​ផ្សព្វផ្សាយ​ថា​ រថយន្ដ​ជា​ច្រើន​គ្រឿង​បាន​បុក​បន្ដកន្ទុយ​គ្នា​នៅ​ផ្លូវជាតិ​លេខ​ I-75​ កាលពី​យប់​ថ្ងៃ​ទី​២៩​ មក​រា​ នៅ​ទីក្រុង​ហ្ល័​រី​ដា​ សហរដ្ឋអាមេរិក​ បណ្ដាល​ឱ្យ​មាន​មនុស្ស​១០​នាក់​ស្លាប់​ ។​ មូលហេតុ​បណ្ដាល​មក​ពី​ចុះ​អ័ព្ទ​មើលផ្លូវ​មិនឃើញ​ ។​
    ​ប៉ូលិស​បានឱ្យ​ដឹង​ថា​ សកម្មភាព​ជួយ​សង្គ្រោះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​ក្រុម​ជួយ​សង្គ្រោះ​មិន​អាច​មើលឃើញ​ឆ្ងាយ​ដោយ​អ័ព្ទ​ធ្លាក់​ខ្លាំង​នៅ​តំបន់​គ្រោះថ្នាក់​ ។​ នៅ​លើ​កំណាត់​ផ្លូវ​ប្រមាណ​២​គីឡូម៉ែត្រ​ក្រុម​ជួយ​សង្គ្រោះ​ឮ​សូរ​សំឡេង​ស្រែកហៅ​ឱ្យ​ជួយ​ចេញពី​គំនរ​រថយន្ដ​បាក់បែក​ ។​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ​មាន​រថយន្ដ​ប្រមាណ​១០​គ្រឿង​ រថយន្ដ​សណ្ដោង​៦​គ្រឿង​ ហើយ​រថយន្ដ​ជា​ច្រើន​ក៏​បាន​ឆាបឆេះ​ផង​ដែរ​ ។​
    ​លោក​ Steven​ R.Camps​ ដែល​ជា​សាក្សី​មួយ​រូប​បាន​រៀបរាប់​ដោយ​ភាព​តក់ស្លុត​ថា​ “​ខ្ញុំ​ឮ​សូរ​សំឡេង​រថយន្ដ​បុក​គ្នា​យ៉ាង​ខ្លាំង​ មាន​មនុស្ស​ជា​ច្រើន​ស្រែក​ទ្រហោយំ​ ។​ វា​ពិតជា​រឿង​អាក្រក់​មិន​ខុស​ពី​ភ្លើង​ឆេះ​កល្ប​នោះ​ឡើយ​”​ ។​
    ​ក្រៅពី​អ្នក​ស្លាប់​នៅ​មាន​អ្នក​រង​របួស​១៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ហើយ​ផ្លូវ​ដែល​មាន​៦​ខ្សែ​នោះ​ត្រូវ​បាន​បិទ​ ធ្វើ​ឱ្យ​កក​ ស្ទះ​ចរាចរ​នៅ​ទីនោះ​ ។​
    ​កាលពី​ខែមករា​ ២០០៨​ ក៏​មាន​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ដ​បុក​បន្ដកន្ទុយ​គ្នា​ដូច​គ្នា​នេះ​ដែរ​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​៤​នាក់​ របួស​៣៨​នាក់​ ពេល​នោះ​មាន​រថយន្ដ​រហូត​ដល់​ទៅ​ជាង​៧០​គ្រឿង​គរ​លើ​គ្នា​ ៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.