រាជធានីភ្នំពេញ ៖ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងពេលដែលកម្ពុជាបានរៀបចំពិធីបង្ហាញការជួញដូរមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១២ នៅវិមានកាណាឌីយ៉ា ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត។
ឱកាសនោះលោកហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ពិធីបង្ហាញការជួញដូរមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានាពេលនេះ គឺមិនត្រឹមតែបង្ហាញឱ្យយើងទាំងអស់គ្នាបានដឹងថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រជាសមាជិក ព្រមទាំងធនាគារដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធ និងមូលបត្របានរៀបចំខ្លួន និងបានតភ្ជាប់ប្រព័ន្ធព័ត៌មានវិទ្យាជាមួយគ្នា រួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញកាន់តែច្បាស់ទៀតថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ការជួញដូរមូលបត្រជាផ្លូវការ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។
លោកបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានពិនិត្យលើសំណើពិនិត្យលទ្ធភាពចុះបញ្ជីរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ (PPWSA) ហើយយើងបានផ្តល់ការអនុញ្ញាតជាគោលការណ៍ចំពោះសំណើនេះកាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ ២០១១ កន្លងទៅ ។ លោករំពឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញនីតិវិធីបោះផ្សាយមូលបត្រលើកដំបូង (IPO) បានឆាប់រហ័ស និងអាចស្នើសុំចុះបញ្ជីនាពេលដ៏ខ្លីខាងមុខនេះ ។ ទន្ទឹមនោះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក៏បានសម្រេចនូវការងារប្រតិបត្តិការដំបូង ការទទួលពាក្យ និងការចុះឈ្មោះក្រុមហ៊ុនមូលបត្រជាសមាជិក ព្រមទាំងភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធ និងមូលបត្រភ្នាក់ងារបញ្ជីការមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ ដែលជាអ្នកចូលរួមរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
លោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការអភិវឌ្ឍន៍វិស័យមូលបត្រ គឺជាកម្មវត្ថុយុទ្ធសាស្ត្រមួយនៃវិស័យហិរញ្ញវត្ថុ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០០៦-២០១៥ ដែលបច្ចុប្បន្នកម្មជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកគាត ឈន់ បញ្ជាក់ថា ការយឺតយ៉ាវក្នុងការបង្កើតទីផ្សារនាពេលកន្លងមកមិនមែនកើតឡើងដោយអសមត្ថភាព ឬដោយខ្វះការប្តេជ្ញាមុតមាំរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែវាបង្កឡើងដោយកត្តាសត្យានុម័តមួយចំនួនដែលទាមទារឱ្យយើងរៀបចំខ្លួនឱ្យបានត្រឹមត្រូវ និងរឹងមាំមុននឹងចេញដំណើរ ព្រោះថា ដើម្បីឱ្យការជួញដូរមូលបត្រក្នុងទីផ្សារមូលបត្រមានដំណើរការប្រកបដោយភាពជោគជ័យរីកចម្រើន និងផ្តល់ផ្លែផ្កាដល់សេដ្ឋកិច្ចជាតិ លុះត្រាតែតួអង្គទាំងអស់នៃប្រព័ន្ធទីផ្សារមូលបត្រមានគុណវុឌ្ឍិល្អ ពោលគឺមានឆន្ទៈ និងទិសដៅអាជីវកម្មយូរអង្វែងរួមផ្សំនឹងធនធានមនុស្សរួមទាំងប្រព័ន្ធបច្ចេកទេសគ្រប់គ្រាន់ ។ ទន្ទឹមនោះក៏ត្រូវបូកជាមួយស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសមស្រប និងគត់មត់ផងដែរ ពិសេសទាមទារឱ្យមានការគោរពឱ្យបានត្រមឹត្រូវទៅតាមច្បាប់ និងបទប្បញ្ញតិជាធរមានក្នុងវិស័យមូលបត្រ ។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា អ្វីដែលយើងបានធ្វើនេះ គឺយើងមិនចង់ «ដើរទៅមុខមួយជំហាន ហើយដើរថយក្រោយពីរ
ជំហាន» នោះទេ ។ ប៉ុន្តែការប្រឹងប្រែរបស់រាជរដ្ឋាភិបាលគឺបោះជំហានមួយៗប្រកបដោយភាពស្វាហាប់ដែលមានវឌ្ឍនភាព ។
ជំហាន» នោះទេ ។ ប៉ុន្តែការប្រឹងប្រែរបស់រាជរដ្ឋាភិបាលគឺបោះជំហានមួយៗប្រកបដោយភាពស្វាហាប់ដែលមានវឌ្ឍនភាព ។
ទាក់ទិននឹងការវិវត្តនៃទីផ្សារមូលបត្រពិភពលោក សម្រាប់ឆ្នាំ២០១១ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានអង្កេតឃើញថា ចំនួននៃការបោះផ្សាយមូលបត្រលើកដំបូង (IPO) នៅក្នុងពិភពលោកបានធ្លាក់ចុះប្រហែល២ភាគ៥ ឬ៤០% បើប្រៀបធៀបនឹងឆ្នាំ២០១០ ដែលតួលេខនេះគឺប្រហាក់ប្រហែលនឹងការវិវត្តក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ ។
ចំណែករដ្ឋាភិបាលនៃប្រទេសមួយចំនួនក៏បានកាត់បន្ថយ ឬពន្យារការបោះផ្សាយមូលបត្របំណុលរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ដូច្នេះបញ្ជាក់ឱ្យឃើញថា ការបង្កើនការប្រុងប្រយ័ត្នរបស់អ្នកត្រូវការហិរញ្ញប្បទានក៏ដូចជាអ្នកមានសមត្ថភាពហិរញ្ញប្បទាន ចំពោះវិស័យមូបត្រ ហើយប្រការនេះតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបោះជំហានទៅមុខមួយជំហានៗដោយប្រយ័ត្នប្រយែង ។
លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េដែលបានផ្តល់នូវអេក្រង់ LED ទំហំធំ (៦ម៉ែត្រគុណ៨ម៉ែត្រ) ដល់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលអេក្រង់នេះបានដាក់តាំងបង្ហាញនៅលើសួនច្បារផ្លូវភ្លោះ ខាងត្បូងវិមានកាណាឌីយ៉ា ។ អេក្រង់ LED នេះមិនគ្រាន់តែអាចប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើផងដែរ សម្រាប់គោលបំណងផ្លូវការរបស់រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ដូចជាចាក់ផ្សាយរូបភាព ឬសារបដិសណ្ឋារកិច្ច ឬនយោបាយជាដើម និងអាចប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មខ្លះៗ ដើម្បីទ្រទ្រង់ការចំណាយប្រតិបត្តិការរបស់អេក្រង់នេះ ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានសម្ពោធជាផ្លូវការនៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១១ដោយក្រុមហ៊ុននេះសហគ្រាសរដ្ឋកម្ពុជាកាន់កាប់ចំនួន៥៥% និង៤៥%ទៀតកាន់កាប់ដោយប្រទេសកូរ៉េខាងត្បូង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.