លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ផ្តាំផ្ញើដល់សិល្បករ សិល្បការិនីទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូប្រកាន់ខ្ជាប់នូវ សីលធម៌ វិជ្ជាជីវៈ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីអាចឈានទៅប្រកួតប្រជែងនៅតាមប្រទេសក្នុងតំបន់ និងពិភពលោក ។
លោកបណ្ឌិតសភាចារ្យសុខ អាន បានមានប្រសាសន៍ផ្តែផ្តាំទៅកាន់សិល្បករ សិល្បការិនី បែបនោះ នាល្ងាចថ្ងៃទី២១ ធ្នូ ឆ្នាំ២០១១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងបិទមហោស្រពសិល្បៈចម្រៀង ខ្មែរ ជាសាកលលើកទី២ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
លោកបណ្ឌិតសភាចារ្យសុខ អាន បានដាស់តឿនក្មួយៗ សិល្បករ សិល្បការិនី ទាំងអស់ខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ ចែករំលែកបទពិសោធន៍ និងរៀនធ្វើការជាមួយគ្នាឱ្យបានស្អិតរមួតរវាងអ្នកនិពន្ធ និងអ្នកចម្រៀង ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវតាមក្បួនខ្នាតនៃទម្រង់ សិល្បៈនីមួយៗ ជាពិសេសខ្លឹមសារអប់រំរបស់បទចម្រៀង សំដៅរក្សាឱ្យបាននូវអត្តសញ្ញាណ និងព្រលឹងនៃសិល្បៈ វប្បធម៌របស់ជាតិ ។
ចំណេះដឹងពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ ធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ។ ប្រសិនបើគ្មានចំណេះដឹងទូលំទូលាយនិយាយទេ នោះការអភិវឌ្ឍនឹងត្រូវជួបប្រទះនូវភាពឱនថយ ។ ដូចនេះចាំបាច់ត្រូវតែខិតខំប្រែក្លាយតុល្យភាពស្នាដៃ និងការសម្តែងឱ្យមានលក្ខណៈជឿនលឿន ទំនើបកម្ម និងទាន់សម័យ ដោយរក្សាឱ្យបាននូវលក្ខណៈដើមប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិ ។
លោកបណ្ឌិតសភាចារ្យសុខ អាន បានគូសបញ្ជាក់ថា សិល្បៈ វប្បធម៌ គឺជាដួងព្រលឹងជាតិ ជាស៊ីម៉ងត៍រស់សម្រាប់ផ្សារភ្ជាប់ពីមនុស្សទៅមនុស្ស ពីមនុស្សទៅសង្គម ពីសង្គមទៅសង្គម និងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ បានសូមពីឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តរៀបចំព្រឹត្តការណ៍បែបនេះ តទៅទៀត ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគមសរសៃឈាម ឬជាឆ្អឹងខ្នងមួយនៃសេដ្ឋកិច្ចគ្រួសារ សហមន៍ និងសង្គមជាតិឱ្យកាន់តែមានភាពប្រសើរឡើង ។
សូមឱ្យសិល្បករ សិល្បការិនី ទាំងអស់យកចិត្តទុកដាក់ ថែរក្សា និងលើកទឹកចិត្ត «មរតកមនុស្សរស់» លើវិស័យសិល្បៈចម្រៀងទាំងបុរាណ-ទាំងសម័យ ក្នុងការផ្ទេរចំណេះដឹង តាមរយៈការបើកកម្មវិធីហ្វឹកហ្វឺន ការសម្តែងផ្សព្វផ្សាយជូនសាធារណៈជន ពិសេសយុវជនជំនាន់ក្រោយដើម្បីឱ្យមានការយល់ដឹងកាន់តែ ច្បាប់អំពីតម្លៃនៃសិល្បៈ វប្បធម៌ និងមានទឹកចិត្តចូលរួមក្នុងការថែរក្សា ការពារ មរតកវប្បធម៌ ឱ្យបានគង់វង្សទៅអនាគត ៕
ប្រភពព័ត៌មាន៖ គេហទំព័រកោះសន្តិភាព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.