វិធី​កម្ចាត់​​សម្លាក

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:
  • សម្លាកលើដៃ
    រាជ​ធានី​ភ្នំពេញ​ ៖​ ​សម្លាកអាច​កើត​​​ឡើង​​ពី​ស្នាម​របួស ឬ​ប៉ះ​ពាល់​នឹង​វត្ថុ​អ្វី​មួយ​ដែល​​​បណ្តាល​មក​ពី​មុត​​មានឈាម ហើយ​​បង្ក​​មាន​ឱ្យ​​ ​​សម្លាក គឺ​ជា​ប​ញ្ហា​របស់​មនុស្ស​គ្រប់​រូប ហើយ​សម្លាក​មិន​អាច​ព្យា​បាល​ឱ្យ​បាត់​ទាំង​ស្រុង​បាន​នោះ​ទេ តែ​សម្លាក​អាច​សម្រួល​​បង្រួម​​ពី​ធំ​​ឱ្យ​​ទៅ​ជា​តូច ដោយ​វិធី​សាស្ត្រ​ផ្សេងៗ ​ដូច​ជា​ការ​​បាញ់​ឡាស៊ែ និង​ការ​វះ​កាត់​ជា​ដើម ។
    លោក​​វេជ្ជ​បណ្ឌិត​​​ស្រេង រា​សី​ ​ឯក​ទេស​ផ្នែក​​​សើ​ស្បែក​​​នៃ​គ្លី​និក​​ស្បែក និង​សម្ផស្ស​​​ស្រេង រាសី បាន​ប្រាប់កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា​​ ​សម្លាក គឺ​ជា​​ស្នាម​​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ស្បែក​របស់​​លោក​អ្នក​​មាន​​របួស​ ហើយ​បង្ក​ទៅ​ជា​សម្លាក ។​ សម្លាក​ត្រូវ​​​បាន​បែង​ចែកខុស​​​គ្នា គឺ​សម្លាក​ធម្ម​តា​​ សម្លាក​​ខ្លាំង​​ និង​សម្លាក​មាន​ផ្លែ ។
    ១​-សម្លាក​ធម្ម​តា ៖ គឺ​ជា​សម្លាក​ដែល​រាប​ស្មើ​ហើយ​មាន​ពណ៌​ស្រ​ដៀង​​នឹង​ស្បែក ។
    ២-សម្លាក​ខ្លាំង ៖ ​មាន​លក្ខណៈ​ប៉ោង​ឡើង មើល​ឃើញ​យ៉ាង​ច្បាស់​ជាង​ធម្ម​តា ។
    ៣-សម្លាក​ផ្លែ ៖ ជា​សម្លាក​​ដែល​ប៉ោង​ឡើង​​ខ្លាំង និង​រាល​ដាល​ធំជា​ងស្នាម​​របួស ។​ សម្លាក​ប្រ​ភេទ​នេះ​ច្រើន​កើត​​នៅ​លើ​បុគ្គ​ល​មួយ​ចំនួន​​ ដែល​មាន​ហ្សែន​កំណត់ ​ភាគ​ច្រើន​​​គឺ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ដូច​ជា​អា​​ហ្វ្រិក ឬ​អាស៊ី​ដែល​មាន​សម្បុរ​ស្រ​អែម ​។ សម្លាក​គឺ​កើត​ឡើង​ដោយ​​​​សារ​​របួស​ ដែល​​​មុត​ទៅ​លើ​ស្បែក ឬ​ក៏​មាន​បញ្ហា​ជំ​ងឺ​​សើ​ស្បែក អាប់​សែ ​​បូស ឬ​ការ​រលាក​​ជំងឺ​ត្រ​អក​ជា​ដើម ។ ​និយាយ​រួម​សម្លាក​គឺ​កើត​ឡើង​ដោយ​សារ​តែ​មាន​​​ការ​ប៉ះ​ពាល់​​​​ជ្រៅ​ដល់​ស្រ​ទាប់​​ទីពី​រ​របស់​ស្បែក ដែល​បង្ក​ឱ្យ​មាន​​ឈាម ឬ​ក៏​របួស​​​ទើបក្លាយ​​ទៅ​ជា​សម្លាក ។
    លោក​វេជ្ជ​បណ្ឌិត​​បាន​បន្ថែមទៀត​ថា ​​តាម​ធម្ម​តា​​​សម្លាក​មិន​អាច​​ព្យា​បាល​​​ឱ្យ​បាត់​​ទាំង​ស្រុង​​នោះ​ទេ តែ​អាច​​​សម្រួល​​សម្លាក​ ដើម្បី​ឱ្យ​មើល​ទៅ​មាន​រាង​តូច​​ ឬ​​ស្រាល​ជាង​មុន ។​ សម្លាក​​អាច​សម្រួល​​បាន​តាម​​​វិធី​​​សាស្ត្រ​​ផ្សេងៗ ដូច​​ជា ៖​
    -​ការ​វះ​កាត់ ៖ គឺ​វះ​កាត់​ដើម្បី​សម្រួល​សម្លាក​​ដែល​ធំ​ឱ្យ​​ទៅ​ជា​​ខ្សែ​ ។
    -​​ការ​ខាត់​ស្បែក ៖ គឺ​ដើ​ម្បី​ឱ្យ​សម្លាក​​មាន​ស​ភាព​រាប​ស្មើ​​​ប្រ​ហាក់​ប្រ​ហែល​​​នឹង​ស្បែក​ធម្ម​តា ​
    -​ការ​ប្រើ​ឡា​ស៊ែ ៖ ការ​ប្រើ​​ឡា​ស៊ែ​សម្រាប់​​បាញ់ ដើម្បី​សម្រួល​ដល់​សម្លាក​​ឱ្យ​មាន​ស​ភាព​ធម្ម​តា ​មិន​ប៉ោង ។
    -​ការ​ចាក់​ថ្នាំ ៖ ដើម្បី​ឱ្យ​សម្លាក​​​ស្វិត​រួម​ទៅ​ជា​តូច ។​
    -ការ​ប្រើ​ម្ជុល​​តូចៗ ៖ គេ​ប្រើ​​ម្ជុល​តូច​យក​ទៅ​​ចាក់​​លើ​ស្បែក​​​​ ដើម្បី​ឱ្យ​ស្នាម​ចែក​គ្នា​​​​ទៅ​ជា​បំណែក​តូចៗ ។​
    ដូច្នេះ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​កើត​មាន​បញ្ហា​​​ ​សម្លាក​លោក​អ្នក​ត្រូវ​​តែ​​ការ​ពារ​ស្បែក​កុំ​ឱ្យ​មាន​របួស​ ព្រោះ​​​របួស​កាន់​តែ​ ​ជ្រៅ ​អាច​ធ្វើ​ឱ្យ​​​ស្នាម​សម្លាក​​កាន់​តែ​ធំ​ផង​ដែរ ។ លោក​អ្នក​ត្រូវ​ការ​ពារ​​​​មេ​រោគ​​ឆ្លង​​នៅ​​លើ​របួស ព្រោះអាច​​ឱ្យ​មាន​ស្នាម​​របួស​កាន់​តែ​ធំ ​ហើយ​ជ្រៅ​​ដែល​បន្សល់​នូវ​​ស្នាម​សម្លាក​​ធំ​​​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.