មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និង ពាណិជ្ជកម្ម (CEBR) ដែលជាមជ្ឈមណ្ឌលនាំមុខគេ បានព្យាករណ៍ថា រូបិយវត្ថុរបស់អឺរ៉ុប ប្រាកដជាដួលរលំក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ដោយប្រទេសក្រិច និង អ៊ីតាលីនឹងបោះបង់ចោលប្រាក់អឺរ៉ូនៅឆ្នាំនេះ។
CEBR បានផ្ដល់របាយករណ៍ថា មានឱកាសដល់ទៅ ៩៩% ដែលថា រូបិយវត្ថុនេះនឹងមិនមានជីវិតទៀតនោះឡើយក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត។ មជ្ឈមណ្ឌល ដដែលបានបញ្ជាក់ថា «ឥឡូវនេះ ហាក់ដូចជាឆ្នាំ ២០១២ នឹងក្លាយជាពេលដែលប្រាក់អឺរ៉ូចាប់ផ្តើមដួលរលំ»។ CEBR បន្ថែមថា ប្រទេសអង់គ្លេសអាចមានសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយ ដោយកំណើនសេដ្ឋកិច្ចទំនងជានឹងធ្លាក់ចុះក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១១ និង ត្រីមាសទី១នៃឆ្នាំ ២០១២។
លោក Douglas McWilliams នាយកប្រតិបត្តិ CEBR បានមានប្រសាសន៍ថា «មិនទាន់ច្បាស់លាស់នៅឡើយ—យើងគ្រាន់តែព្យាករណ៍ពីលទ្ធភាពដែលអាចកើតមានឡើងត្រឹមតែ ៦០% ប៉ុណ្ណោះ–ប៉ុន្តែ ការព្យាករណ៍របស់យើងគឺថា ត្រឹមដំណាច់ឆ្នាំនេះ យ៉ាងហោចណាស់ មានប្រទេសមួយ (ហើយប្រហែលជាច្រើន) នឹងចាកចេញពីតំបន់ប្រាក់អឺរ៉ូ»។
លោកបន្ថែមថា ប្រទេសក្រិចហាក់ដូចជា «ច្បាស់ណាស់» នឹងបោះបង់ប្រាក់អឺរ៉ូចោល ហើយឥឡូវនេះ ហាក់ដូចជា «កាន់តែទំនងភាគច្រើន» ដែលថា ប្រទេសអ៊ីតាលី នឹងដើរតាមក្រិច។
ប្រទេសទាំងពីរនេះ ត្រូវរង្គោះរង្គើរដោយសារដំបៅនៃវិបត្តិបំណុល និង ត្រូវអនុវត្តវិធានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន ដែលប្រទេសមួយចំនួនភ័យខ្លាចថា អាចរារាំងដល់កំណើនសេដ្ឋកិច្ច។
ការដួលរលំនៃរូបិយវត្ថុនេះ អាចមានផលប៉ះពាល់បំផ្លិចបំផ្លាញដល់ប្រទេសអង់គ្លេស។ CEBR ជឿថា ការដួលរលំនេះអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះមួយភាគរយ ហើយ សេដ្ឋវិទូ HSBC បានព្រមានថា កត្តានេះអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
ការព្យាករណ៍អំពីការដួលរលំនៃប្រាក់អឺរ៉ូនេះ ធ្វើឡើងក្នុងពេលដែលមេដឹកនាំអឺរ៉ុបបានព្រមានថា អឺរ៉ុប នឹងប្រឈរមុខ ឆ្នាំដ៏តឹងតែងនាពេលខាងមុខនេះ៕
ប្រភព៖ Telegraph
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.