បន្លែក្នុងស្រុក ​នៅតែ​មិន​ទាន់គ្រប់​​!​

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុម​អ្នក​ជំនាញ​កសិកម្ម​ និង​កសិករ​ បាន​ឲ្យ​ដឹង​ថា បន្លែ​គ្រប់​មុខ​ដែល​ផលិត​ក្នុងស្រុក​បច្ចុប្បន្ន​នេះ នៅមិនទាន់​គ្រប់​គ្រាន់​​សម្រាប់​ផ្គត់​ផ្គង់​អ្នក​ហូប​នៅ​ឡើយ​ទេ ដែល​​​តម្រូវ​ឲ្យ​​ក្រុម​កសិករ​ក្នុង​ស្រុក​ត្រូវ​តែ​បង្កើន​ការ​ផលិត​​និង ​​​ការ​គ្រប់​គ្រង ទាំង​​​បច្ចេក​ទេស​ដំាដុះ​ និង​​ការ​ដឹកជញ្ជូន​​បន្ថែម​​ទៀត។
    ការលើកឡើងនេះ ធ្វើ​ឡើង​បន្ទាប់​ក្រុម​កសិករ​ចំនួន​៤០​នាក់ ដែល​មក​ពី​៤ខេត្ត​រួម​ ខេត្ត​កំពត​ កំពង់​ឆ្នាំង​ កំពង់ស្ពឺ​ និង​ខេត្តតាកែវ​  បាន​មកជួបជុំ​គ្នា​ ក្នុង​សមាជ​ក្រុម​ផលិត​បន្លែ​សរីរាង្គ​ ប្រទេស​កម្ពុជា ​ដែល​ប្រព្រឹត្ត នៅ​មជ្ឈមណ្ឌល​សិក្សា​និងអភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​​ (សេដាក) កាលពីថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១១​។
    លោក​បណ្ឌិត ​យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក់​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​ថា ដោយ​សារ​តែ​​កសិករ​ខ្មែរ មិន​អាច​ផលិត​បន្លែ​បាន​គ្រប់​គ្រាន់​ តាម​​តម្រូវ​ការ​អ្នក​ហូប គេ​សង្កេត​ឃើញ​​​ បន្លែ​វៀតណាម​បាន​សម្រុក​នាំចូល​មក​កម្ពុជា​រាប់​ពាន់​តោន​នៅ​ក្នុង​១ថ្ងៃ​ៗ​ ដែល​មាន​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​ច្បារ​អំពៅ​។
    លោក​បណ្ឌិត ​យ៉ង សាំងកុមារ​ បាន​សម្ដែង​ការ​សោក​ស្ដាយ​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​​ខ្លាំង​នៅ​លើ​វិស័យ​កសិកម្ម​ ជាពិសេស​ ទាំង​ការ​ធ្វើ​ដំណំាស្រូវ និង​ការ​ដាំបន្លែ​នេះ​ ដោយ​ថា សិករ​ខ្មែរ បង្កើន​ការ​ដាំ​បន្លែ​ ប្រែក្លាយ​ពី​ការ​ដាំ​ដុះ​ជាលក្ខណៈ​គ្រួសារ​ ងាក​មក​ជា​ការ​ដាំ​បន្លែ​ ជាលក្ខណៈពាណិជ្ជកម្ម​វិញ​​។
    លោក​បណ្ឌិត​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​បង្កើន​ការ​ផលិត​​​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​​តម្រូវ​ការ​ទីផ្សារ​​នោះ​ គឺ​ប្រជាកសិករ​ ត្រូវ​ចេះ​សហការ​គ្នា​រវាង​កសិករ​ និង​កសិករ និង​ទៅកាន់​ទីផ្សារ​​។ មួយ​វិញ​ទៀត​​ ពួកគេ​ក៏ត្រូវ​មាន​ការ​ស្មោះ​ត្រង់​គ្នា​ទៅវិញ​ទៅមក​ និង​ត្រូវ​បង្កើន​ការ​ផលិត​​បន្លែ​ ដែល​មាន​គុណភាព​​ផងដែរ​។ ជាពិសេស​​ កសិករ​ត្រូវ​​បង្កើន​បរិមាណ​បន្លែ​ឲ្យ​បាន​ទៀត​ទាត់​ សម្រាប់​តម្រូវ​ការ​ទីផ្សារ​។
    លោក លឹម សុគន្ធ​ដារុណ អ្នក​សម្របសម្រួល​ នៅ​អង្គការ​សេដាក់​ បាន​និយាយដែរ​ថា សព្វថ្ងៃនេះ អង្គការ​សេដាក់​មាន​ផ្សារ​​ជាង​១០​ ក្នុង​រា​ជធានី​ភ្នំពេញ​ ប៉ុន្ដែ​បន្លែ​សរីរាង្គ ដែល​ផ្គត់​ផ្គង់​ ដោយ​ប្រជាកសិករ​​ ​នៅ​មិនទាន់​​អាច​ផ្ដល់​បាន​គ្រប់​គ្រាន់​ និង​ទៀង​ទាត់​សម្រាប់​អ្នក​ហូប​នៅឡើយ​។​ បច្ចុប្បន្ន​នេះ ប្រជាកសិករ​ចំនួន​៧០នាក់ មក​ពី​ខេត្ត​កំពត​ កំពង់​ស្ពឺ​កំពង់ឆ្នាំង​ និង​ខេត្ត​តាកែវ បាន​សហការ​ជាមួយនឹង​អង្គការ​សេដាក់​ ដែល​អង្គការ​សេដាក់​​គឺ​ជា​ទីផ្សារ​លក់បន្លែ​របស់​កសិករ​ដ៏​ធំ​មួយ​។
    លោក ​សុគន្ធ ដារុណ បាន​បន្ថែម​ថា អង្គការ​សេដាក់​ នឹង​ព្យាយាម​នៅ​ឲ្យ​ជិត​កសិករ​ ដើម្បី​ផ្ដល់​ជាបច្ចេកទេស​នានា ឲ្យ​ពួកគេ​អាច​ដំាបន្លែ​ ដែល​ទទួល​បានផលច្រើន​ និង​មាន​គុណភាព​ ដែល​អាច​បង្រ្គប់​ទីផ្សារ​អ្នកហូប​។ ទន្ទឹម​នឹង​នេះ លោក​ថា បច្ចុប្បន្ន​ បន្លែ​ដែល​ប្រជាកសិករ​ដឹក​យក​មក​លក់​តាម​រថយន្ដឈ្នួល​ នៅ​មាន​បញ្ហាច្រើន ដែល​ធ្វើ​ឲ្យ​បន្លែ​ខូចគុណភាព​​។​ ដូច្នេះ​ប្រសិន​បើ​​កសិករ​ផលិត​បន្លែ​បាន​ច្រើន​ អង្គការ​​សេដាក់​នឹង​​ប្រើប្រាស់​រថយន្ដ​ ទៅ​ដឹក​ដល់កន្លែង​ របស់​ប្រជាកសិករ​​តែម្ដង។
    យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​​អង្គការ​សេដាក់​បាន​ឲ្យ​ដឹង​ថា ជាទូទៅ​ប្រជា​កសិករ​ខ្មែរ​ភាគច្រើន​តែង​និយម​ដំាបន្លែ​​ជាមុខរបរ​ បន្ទាប់បន្សំ​ និង​ជាលក្ខណៈគ្រួសារ ដើម្បី​ផ្គត់ផ្គង់​​ សម្រាប់​ការ​ហូប​ប្រចាំថ្ងៃ របស់ក្រុមគ្រួសារ​​ប៉ុណ្ណោះ។
    ដោយ​ឡែក​ ការ​ដំាដុះ​​សម្រាប់​ផ្គត់​ផ្គង់ ទីផ្សារ​​​នៅមិនទាន់​មាន​ច្រើន​នៅឡើយ​។ បន្លែ​ភាគ​ច្រើន ​​​អង្គការ​សេដាក់​បាន​នាំ​យក​​ទៅ​លក់​នៅផ្សារ​សេដាក់ គឺមាន​បន្លែស្លឹក​ និងបន្លែ​ផ្លែ គឺ​មានចំនួន​៦០% នៃចំនួន​បន្លែសរុប​ ដែលផ្គត់ផ្គង់​​ទីផ្សារ​ក្នុង​ស្រុក​ប្រចាំថ្ងៃ ខណៈបន្លែ​ក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​​បានតែ​៤០% ហើយ​ក្នុងនោះ​បន្លែ​ដែលដំាដុះ​តាមគោលការណ៍​​ធម្មជាតិ មិនប្រើប្រាស់​​ជីគីមី​ ឬហៅថា បន្លែធម្មជាតិ​​ ឬបន្លែ​សរីរាង្គ​ មានចំនួន​តែ​១%ប៉ុណ្ណោះ​។
    យ៉ាងណាក៏ដោយ អ្នកស្រី​ ទីវ ឆាត ជាកសិករ​គំរូ​ នៅភូមិ​ថ្ម​រាជ​ ឃុំពង្រ ស្រុក​រលៀផ្អៀ ខេត្ត​កំពង់ឆ្នាំង​​ ដែល​ជាកសិករ​ដំាបន្លែ​លើ​ដីទំហំ​៧អា បាន​និយាយ​ថា សព្វថ្ងៃ​នេះ អ្នក​ស្រី​បាន​ប្រឹងប្រែង​ដំាបន្លែ​ស្ទើគ្រប់​មុខ​ ដោយ​សឹង​ឥតមាន​ពេល​ទំនេរនោះទេ ព្រោះ​ខ្លាច​តែ​មិន​អាច​​បញ្ជូន​បន្លែ​តាម​ការ​កំណត់​របស់​ទីផ្សារ​សេដាក់។
    អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ការ​ដំាបន្លែ​ គឺ​ជាផ្នែកមួយ​ដ៏សំខាន់​សម្រាប់​គ្រួសារ​របស់​អ្នកស្រី ដែល​អាច​រក​ប្រាក់​ជាប្រចាំ​ ប្រមាណ​ជា​១០ម៉ឺន​​រៀល​ក្នុង​១សប្ដាហ៍​ ​ដោយ​បាន​ទូ​ទាត់​​លើ​ការ​ចំណាយ​ផ្សេង​ៗរួចរាល់​។
    យោងតាម​សេចក្ដីរាយការណ៍​​របស់​សារព័ត៌មាន​កាលពីពេលកន្លងមក​បាន​ឲ្យ​ដឹងថា ដោយ​​សារ​តែកសិករ​ មិនអាច​ផលិត​​បន្លែ​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​​អ្នក​ហូប​ គេ​សង្កេត​ឃើញ​ បន្លែ​វៀតណាម​បាន​សម្រុក​នាំចូលមកកាន់​​ផ្សារ​ដើមគរ និង​ផ្សារ​​ច្បារ​អំពៅ​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​១លានដុល្លារ​ជារៀងរាល់ថ្ងៃ​។
    ដើម្បី​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពីក្រៅ​ប្រទេស​ផងនោះ​ លោក​បណ្ឌិត​ យ៉ង សាំងកុមារ បាន​ស្នើ​​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​គោលនយោបាយ​ការ​នាំចេញ​​បន្លែ ឲ្យ​ដូច​ទៅ​នឹង​គោល​នយោបាយ​​ការ​នាំចេញ​អង្ករ​ ដែល​រាជរដ្ឋាភិបាល​កំពុង​​អនុវត្ត​នាពេល​បច្ចុប្បន្ន​នេះ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.