ភ្នំពេញៈ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល កាលពីម្សិលមិញ បានជំរុញជាថ្មីទៀត ឲ្យរដ្ឋាភិបាល ស្វែងរកជនល្មើសពិតប្រាកដ និងអ្នកដែលនៅពីក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពល្បីឈ្មោះ ដោយបានផ្តល់ខ្សែភាពយន្តឯកសារ ឲ្យក្រសួងមហាផ្ទៃ ដើម្បីជាតម្រុយក្នុងការស៊ើបអង្កេត។
ក្នុងពិធីគម្រប់ខួបការបាញ់សម្លាប់ លោក ជា វិជ្ជា លើកទី ៨ ឆ្នាំ ដែលបានធ្វើឡើង កាលពីម្សិលមិញ គេពុំឃើញមានកម្មករ ចូលរួមក្នុងដើរក្បួនដង្ហែ ដូចកាលឆ្នាំមុនៗឡើយ គឺមានមនុស្សជិត ១០០ នាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងពិធីនេះ នៅក្បែរវត្តលង្កា ជាកន្លែងដែលលោក ជា វិជ្ជា ត្រូវបានគេចូលទៅបាញ់សម្លាប់យ៉ាងកៀក។
លោក ជា មុនី ប្អូនប្រុសលោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករបានថ្លែងថា ការមិនដើរក្បួនក្នុងឆ្នាំនេះ ព្រោះអាជ្ញាធររាជធានី បានស្នើសហជីព កុំឲ្យធ្វើ ព្រោះខែនេះ ជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដោយខ្លាចប៉ះទង្គិចជាមួយនឹងយុទ្ធនាការ។ ដូចឆ្នាំមុនៗដែរ លោក ជា មុនី បានទាមទារឲ្យអាជ្ញាធររដ្ឋាភិបាល ស្វែងរកឃាតកពិត យកមកផ្តន្ទាទោសដើម្បីបង្ហាញថា កម្ពុជា ជាប្រទេសនីតិរដ្ឋ។ លោកបន្ថែមថា៖ «យើងតែងតែរង់ចាំមើលមុខឃាតកពិត ដែលបានបាញ់សម្លាប់លោក ជា វិជ្ជា»។
នៅក្នុងពិធី កាលពីម្សិលមិញ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានចែកចាយខ្សែភាពយន្តឯកសារ ស្តីពី «អ្នកណាសម្លាប់ ជា វិជ្ជា?» ដល់សាធារណជន រួមទាំងក្រសួងមហាផ្ទៃ ស្ថាប័នសារព័ត៌មាន និងអ្នកចូលរួមដទៃទៀត ដោយអះអាងថា ខ្សែភាពយន្តឯកសារនេះ ជាភ្លើងបំភ្លឺសម្រាប់ក្រសួងមហាផ្ទៃក្នុងការស្វែងរកឃាតក និងអ្នកនៅពីក្រោយ ដែលសម្លាប់លោក ជា វិជ្ជា។
នៅពេលនោះ មន្រ្តីម្នាក់ដែលអះអាងថា ខ្លួនឈ្មោះ លី ឃុនហួរ មកពីក្រសួងមហាផ្ទៃ បានទទួលខ្សែភាពយន្តឯកសារពីលោកស្រី មូរ សុខហួរ។
លោកស្រី មូរ សុខហួរ ថ្លែងថា៖ «ឯកសារនេះ គឺគ្រប់គ្រាន់ សម្រាប់រកឃាតក។ យើងអាចនិយាយថា ឃាតក អាចឈរស្តាប់យើង ឬអ្នកដែលពាក់ព័ន្ធ នឹងករណីមនុស្សឃាតនេះ អាចឮសំឡេងរបស់យើង។ ឆ្នាំក្រោយ យើងសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញឃាតក»។
លោក រ៉ុង ឈុន មិត្តជិតស្និទ្ធរបស់លោក ជា វិជ្ជា និងជាប្រធានសហព័ន្ធសហជីពកម្ពុជា បានចោទប្រកាន់ថា មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាល ជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់នេះ និងថា ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលថា រឿងក្តីនេះ កំពុងតែបន្តស៊ើបអង្កេត វាគ្រាន់តែជាលេសមួយប៉ុណ្ណោះ។ លោកបន្តថា៖ «បើយើងស្តាប់លោក [ខៀវ សុភ័គ] បានថ្លែងថា យើងនៅបន្តស៊ើបអង្កេត។ សួរថា បន្តដល់ពេលណា? មកដល់ពេលនេះ យើងមិនទាន់ឃើញលទ្ធផល ឬការផ្លាស់ប្តូរអ្វីទេ»។
ទាក់ទងនឹងការសាងសង់រូបសំណាកលោក ជា វិជ្ជា ដែលអនុញ្ញាតដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យសាងសង់នៅសួនច្បារខាងលិចវិមានឯករាជ្យនោះ លោក គង់ គាំ ប្រធានស្តីទី គណបក្ស សម រង្ស៊ី បានឧបត្ថម្ភប្រាក់ ១ លានរៀលដោយលោកអះអាងថា គណបក្ស សម រង្ស៊ី និងសហជីពសេរីកម្មករ ជាមិត្តជិតស្និទ្ធ ដែលចូលរួមចំណែកបម្រើផលប្រយោជន៍កម្មករ។
ពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃមិនអាចបើកការស៊ើបអង្កេត លើករណីសម្លាប់លោកជា វិជ្ជា ជាថ្មីនោះទេ ព្រោះឥឡូវនេះ រឿងក្តី ស្ថិតក្នុងនីតិវិធីតុលាការ ដោយលោកអះអាងថា ជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធ នឹងករណីនេះ គឺលោក ប៊ន សំណាង និងលោក សុកសំអឿន ត្រូវបានដោះលែងជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដូច្នេះ ជនសង្ស័យ មិនត្រូវបានលើកលែងទោសជាផ្លូវការនោះទេ។ លោកបន្តថា៖ «ការដោះលែងបែបនេះ តើឲ្យក្រសួងមហាផ្ទៃ ធ្វើយ៉ាងម៉េចទៀត? ប្រសិនបើតុលាការបដិសេធថា រឿងក្តីមិនត្រឹមត្រូវ ត្រូវស្វែងរកថ្មី អ្នកទាំងនេះ មិនមែនជាឃាតក ក្រសួងនឹងបន្តការស៊ើបអង្កេតថែមទៀត»។ លោកបានបន្តថា ក្រុមសហជីពសេរីកម្មករ មិនត្រូវចោទប្រកាន់ មន្រ្តីរដ្ឋាភិបាល ពាក់ព័ន្ធនឹងរឿងឃាតកម្មនេះឡើយ។ លោក បន្ថែមថា៖ «បើអ្នកក្លាហានប្រាប់យើង តើមន្រ្តីជាន់ខ្ពស់នោះ ជាអ្នកណា ព្រោះមានមន្រ្តីជាន់ខ្ពស់រាប់ពាន់នាក់។ អ្នកត្រូវនិយាយថា មន្រ្តីជាន់ខ្ពស់ជាអ្នកណា កុំខ្លាចបើអ្នកមានឯកសារ»៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.