ការ​នាំ​ចេញ​កៅស៊ូ​ឆ្នាំ​២០១១​កើន​៥៥%

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • 120123_09
    កៅស៊ូ​ក្រែប​ដែល​គេ​​កែច្នៃ​រួច​​ត្រូវ​​បាន​​ដាក់​​តាំង​បង្ហាញ​​ក្នុង​​សន្និសីទ​សកល​ស្តី​ពី​​កៅស៊ូ​កាល​​ពី​ពេល​ថ្មីៗ​នេះ​​នៅ​​រាជធានីភ្នំពេញ​។ រូបថត ហេង ជីវ័ន
    ភ្នំពេញៈ កំណើន​នៃ​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​ ឆ្នាំ២០១១ ​មាន​​រហូត​ដល់​៥៥​,៥៤ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ ២០១០ ខណៈ​តម្លៃ​នៃ​ការ​នាំចេញ​បាន​កើន​ឡើង​១៣១,៥៩​ភាគរយ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ចុង​សប្តាហ៍​មុន។
    មន្ត្រី​អះអាង​ថា តម្រូវ​ការ​ទីផ្សារ​ក្រៅ​ប្រទេស និង​កំណើន​បរិមាណ​ផល​កៅស៊ូ​ជា​កត្តា​ជំរុញ​សន្ទុះ​នៃ​ការ​​នាំ​ចេញ​នេះ។
    ទិន្នន័យ​បង្ហាញ​ថា ការ​នាំ​ចេញ​កៅស៊ូ​នៅ​ ២០១១ មាន​ប្រមាណ​ ៤៦ ៧២៧​តោន បើ​ធៀប​កាល​ពី​ឆ្នាំ​២០១០ ដែល​មាន​ប្រមាណ​តែ ៣០ ០៤០​តោន​ប៉ុណ្ណោះ។ ទន្ទឹម​នោះ​តម្លៃ​នៃ​ការ​នំាចេញ​កើន​ឡើង​ ពី​៨៦,៧៦​លាន​ដុល្លារ​កាល​ឆ្នាំ​២០១០​ទៅ​ដល់​២០០,៩៣​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០១១។
    លោក ​លី ​ផល្លា ​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិក​ម្មរុក្ខា​ប្រមាញ់ និង​នេសាទ បាន​​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កៅ​ស៊ូ​របស់​កម្ពុជា​នៅ​អំឡុង​ពេល​ឆ្នាំ​ ២០១១​កើន​ឡើង​ដោយ​សារ​តែ​ទិន្នផល​កៅ​ស៊ូ​កម្ពុជា​មាន​ការ​កើន​ឡើង និង​តម្រូវ​ការ​ជ័រ​កៅស៊ូ​បាន​ស្ទុះ​ឡើង​វិញ​។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​នៅ​ឆ្នាំ​នេះ​កំណើន​នឹង​មាន​តិច​តួច​ប៉ុណ្ណោះ។
    លោក​បញ្ជាក់​ថា៖ «តម្រូវ​ការ​ជ័រ​កៅស៊ូ​របស់​ពិភព​លោក​នៅ​ឆ្នាំ​ ២០១២​នេះ ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​លើស ២០១១ តែ​៥,៥​ភាគរយ​ប៉ុណ្ណោះ ដោយ​សារ​តែ​ពិភពលោក​កំពុង​តែ​ស្តារ​សេដ្ឋកិច្ច ដែល​ផលិត​កម្ម​ខ្លះ​កំពុង​នៅ​ទ្រឹង​នៅ​ឡើយ»។
    ប៉ុន្តែ​លោក​លើក​ឡើង​ថា​ ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​នៅ​ឆ្នាំ​២០១២ នឹង​នៅ​តែ​បន្ត​កើន​ឡើង​។
    លោក​ ម៉ក់ ​គឹមហុង ​ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា និង​ជា​ម្ចាស់​ចម្ការ​កៅស៊ូ​ជុប នៅ​ខេត្ត​កំពង់ចាម​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ជ័រ​កៅស៊ូ​របស់​ក្រុម​ហ៊ុន​លោក​នៅ​ឆ្នាំ​២០១១ មាន​ប្រមាណ​១២ ០០០​តោន ដែល​ចំនួន​នេះ​បាន​កើន​ឡើង​លើស​ពី​ឆ្នាំ​២០១០ ប្រមាណ​១​ពាន់​តោន។ លោក​បញ្ជាក់​ថា​៖ «ដោយ​សារ​តែ​ចំនួន​ដើម​កៅស៊ូ​ដែល​ផ្តល់​ផល​របស់​យើង​មាន​ការ​កើន​ឡើង»។
    លោក​បន្ត​ថា បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ប្រភេទ​លេខ​មួយ​ក្នុង​មួយ​តោន​ថ្លៃ​ប្រហែល ៣ ៣០០ ដុល្លារ។
    លោក​បន្ថែម​ទៀត​ថា តម្លៃ​កៅស៊ូ​កើន​ឡើង នៅ​អំឡុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ។
    តាម​លោក លី​ ផល្លា ការ​ដាំ​កៅស៊ូ​នៅ​ឆ្នាំ ២០១០ មាន​ប្រមាណ​តែ ១៨១ ៤៥០​ហិកតា និង​បាន​កើន​ឡើង​ដល់​ជាង​២១​ម៉ឺន​ហិកតា​នៅ​ឆ្នាំ​២០១១ ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​កើន​បាន​យ៉ាង​ហោច​ណាស់ ​៣០​ម៉ឺន​ហិកតា​នៅ​ឆ្នាំ​២០២០។
    រដ្ឋាភិបាល​នឹង​ជំរុញ​ការ​នាំ​ចេញ​កៅស៊ូ​ដូច​អង្ករ​ដែរ៕​ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.