រាជរដ្ឋាភិបាល អនុម័ត លើសេចក្តី ព្រាងសារាចរ ណែនាំ ការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញ៖ សេចក្តីព្រាងសារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល ធ្វើការអនុម័តហើយ ដោយមិនមានផលប៉ះពាល់ ជាមួយច្បាប់សមុទ្រនោះទេ។
    យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការ អនុម័ត ពីអង្គប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី មិនមានប្រតិកម្ម ក្នុងការអនុវត្តន៍ ដូចជា មិនមានផលប៉ះពាល់ ជាមួយអនុសញ្ញា ម៉ុងតេណេក្រូ ឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលបានទទួលស្គាល់ ដោយអង្គការ សហប្រជាជាតិនោះឡើយ។
    ឆ្នេរសមុទ្រខ្មែរ នៃប្រទេសកម្ពុជា ត្រូវបានបញ្ជូល ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូតា ប្រទេស សេណេហ្គាល់ ដោយក្លឹបឆ្នេរស្អាតបំផុត លើពិភពលោក ដោយសារភាពសម្បូរបែប នៃជីវៈចម្រុះ ភាពប្រណីត នៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណី ក្នុងតំបន់ ព្រមទាំងភាពទាក់ទាញ ផ្នែកទេសចរណ៍។ ការរីកចម្រើន នៃវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជន នៅក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារឲ្យមានការអភិវឌ្ឍន៍ ផ្នែករូបវន្តសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
    សេចក្តីព្រាងសារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានរៀបចំឡើង ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើការ ស្រាវជ្រាវឯកសារទាំងឡាយ ដែលកំពុងត្រូវបានអនុវត្ត នៅប្រទេសនានា នៅក្នុងតំបន់ និងនៅលើពិភពលោក និងមានគោលដៅគ្រប់គ្រង ការប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងចីរភាព ដើម្បីចៀសវាង ផលប៉ះពាល់អវិជ្ជមាន នៃការអភិវឌ្ឍន៍ មកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងប្រពៃណី ក្នុងតំបន់ឆ្នេរសមុទ្រ។
    វិសាលភាព នៃតំបន់ឆ្នេរសមុទ្រ កំណត់ដោយសារាចរនេះ រួមមានឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ ដីគោក ដីកោះ ដែនទឹក និងដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកតភ្ជាប់ និងផ្ទៃសមុទ្រ ដែលស្ថិតនៅតំបន់ឆ្នេរ នៃខេត្តទាំង៤ មានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.