ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងសម្លឹងទៅ រកការលក់ចេញដ៏ធំសម្បើមក្នុងទីផ្សារអាមេរិកបន្ទាប់ពីដាក់បង្ហាញនូវគំរូរថយន្តស៊េរីថ្មីក្នុងពិធីតាំងពិព័រណ៍រថយន្តក្នុងទីក្រុងDetroit ប៉ុន្តែនឹងជួបគូប្រជែងមកពីកូរ៉េខាងត្បូង និងអាល្លឺម៉ង់ដែរ។ ក្រុមហ៊ុនហុងដា និងតូយ៉ូតា មើលឃើញពីការលក់ធ្លាក់ចុះក្នុងឆ្នាំ២០១១ បន្ទាប់ពីការផ្គត់ផ្គង់រងការរំខានដោយសារគ្រោះរញ្ជួយដីបង្កជារលកយក្សស៊ូណាមីកាលពីខែមីនា ឆ្នាំ២០១១ និងវិបត្តិនៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសជប៉ុន។
វាពិតជាពេលវេលាដ៏ខ្មៅងងឹតមែនសម្រាប់ ក្រុមហ៊ុនតូយ៉ូតាដែលទីបំផុតបានស្តារឡើងវិញ ពីការធ្លាក់ចុះកេរ្តិ៍ឈ្មោះដោយការប្រមូល រថយន្តជាច្រើនដែលមានបញ្ហាសុវត្ថិភាព។ ការផ្គត់ផ្គង់ខ្វះខាត ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនFord ក្រុមហ៊ុនGeneral Motors និងក្រុមហ៊ុន Chrysler ក្នុងការបានទទួលអតិថិជនថ្មី បន្ទាប់ពីក្រុមហ៊ុនជប៉ុនកំពុងជួបបញ្ហាមិនអាចចូលប្រកួតប្រជែងក្នុងទីផ្សារបាន។
លោកJesse Toprak អ្នកវិភាគនៃក្រុមហ៊ុនTrueCar.com និយាយថា បញ្ហាសម្រាប់ក្រុមហ៊ុនតូយ៉ូតានិងហុងដា គឺថា ចំណែកទីផ្សារមួយចំនួនរបស់ពួកគេបាត់បង់ និងប្រហែលជាបាត់បង់រហូតដោយសារគូប្រជែងរបស់គេល្អប្រសើរជាង។ អតិថិជនដែលធ្លាប់ទិញរថយន្តម៉ាកហុងដា និងតូយ៉ូតាបានឈប់ទិញ ហើយទៅរកម៉ាកផ្សេង ដោយសាររថយន្តទាំងនោះល្អដូចគ្នា ឬល្អជាង។
ការខាតបង់របស់ក្រុមហ៊ុនតូយ៉ូតានិង ហុងដា ក្នុងឆ្នាំ២០១១ បានជំរុញឲ្យហ៊ុននៅអាស៊ីធ្លាក់ចុះមកត្រឹម៤៣,៧ភាគរយ ស្របពេលក្រុមហ៊ុនផលិតរថយន្តនៅអាមេរិកទទូលបាន៤៦,៩ភាគរយ។ នេះបើតាមទិន្នន័យរថយន្ត។ ជាមួយការព្យាករណ៍សរុបលើវិស័យឧស្សាហកម្មនោះនឹងកើនឡើង១៣,៥លានគ្រឿងក្នុងឆ្នាំ២០១២ បន្ទាប់ពីបង្ហាញពីការកើនឡើង១០ភាគរយ ពីចំនួន១២,៨លានគ្រឿងពីឆ្នាំមុន។ នោះវាប្រាកដជាមានអតិថិជនថ្មី។ លោក Bob Carter ប្រធានសាខាក្រុមហ៊ុនតូយ៉ូតា នៃក្រុមអ្នកលក់នៅសហរដ្ឋអាមេរិក និយាយថា យើងពិតជាខ្លាំងក្នុងទីផ្សារ។
ក្រុមហ៊ុនតូយ៉ូតាបានចេញនូវផលិតផលថ្មីចំនួន១៩ ក្នុងឆ្នាំនេះ លើម៉ាកទាំង៤របស់ខ្លួន។ វាជាទីផ្សារប្រកួតប្រជែងមួយដោយគ្មានការសង្ស័យ។ វាមានផលិតផលល្អជាច្រើនចេញពីក្រុមហ៊ុនផលិតរថយន្ត។ យើងតែងតែបន្តនាំមុខក្នុងលក្ខខណ្ឌ នៃសុវត្ថិភាពរថយន្ត ទំនុកចិត្ត និងភាពយូរអង្វែង ។ អ្វីដែលអ្នកចាប់ផ្តើមមើលឃើញ គឺលំនាំនៃម៉ូដែលថ្មីដែលនឹងចេញបន្ទាប់។
Lexus ដែលបានចេញម៉ូដែលស៊េរីថ្មីចំនួន៩ឆ្នាំ ក្នុងឆ្នាំនេះ នឹងអាចដោះស្រាយដណ្តើមបានមកវិញនូវមកុដប្រភេទរថយន្តប្រណីតដែលបានបាត់បង់កាលពីឆ្នាំ២០១១ ទៅឲ្យក្រុមហ៊ុនផលិតរថយន្តBMW និងMercedes ។ ផែនការរបស់ក្រុមហ៊ុនតូយ៉ូតា សង្ឃឹមថា ក្នុងឆ្នាំ២០១២ ខ្លួននឹងលក់រថយន្តបានចំនួន២៤០.០០០គ្រឿង គឺកើនឡើង២១ភាគរយ។
ចំណែកក្រុមហ៊ុនហុងដា ដែលទទួលរងការវាយប្រហារលើរោងចក្រដោយសារទឹកជំនន់ក្នុងប្រទេសថៃ ចាប់ត្រឡប់មករកភាពធម្មតាវិញហើយ។ ប្រធានក្រុមហ៊ុនហុងដា លោក Tetsuo Iwamura មានប្រសាសន៍ថា ឆ្នាំ២០១២ នេះគឺជាឆ្នាំដែល យើងអាចបង្ហាញពីវិធីសាស្ត្ររបស់ក្រុមហ៊ុនហុងដា ក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។ ក្រុមហ៊ុនហុងដា សង្ឃឹមពីការលក់ចេញទៅសហរដ្ឋអាមេរិកកើនឡើង២៥ភាគរយ បន្ទាប់ពីបាត់បង់ចំនួន៧,១ភាគរយក្នុងឆ្នាំ២០១១។ គោលដៅនៃការលក់គឺ ត្រូវលក់រថយន្តហុងដា ចំនួន១,២៥លានគ្រឿង និងរថយន្តប្រណីតស៊េរីAcura ចំនួន១៨០.០០០គ្រឿង។
ក្រុមហ៊ុនហុងដា បានចេញនូវគំរូរថយន្តប្រភេទAcura ចំនួន៣ស៊េរី ។ Acura ត្រូវបានគេចាត់ទុកជារថយន្តមួយដែលទទួលបានភាពជោគជ័យភ្លាម ដោយសារលក់អស់១៨០.០០០គ្រឿងក្នុងឆ្នាំ២០១២។ ចំណែកក្រុមហ៊ុននីស្សាន់ដែលមិនទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ បានកើនឡើងនូវការលក់ចេញក្នុងសហរដ្ឋអាមេរិកចំនួន១៤ភាគរយគឺរហូតល់១,០៤លានគ្រឿងក្នុងឆ្នាំ២០១១៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.