រួច​រាល់​ហើយ​សម្រាប់​ការ​ជួញដូរ

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • 120113_10
    ការបង្ហាញ​នៃ​ការ​​ជួញ​ដូរ​មូលបត្រ​​សាកល្បង​​កាល​ពី​ថ្ងៃ​​ម្សិលមិញ​។រូបថត ហេង ជីវ័ន​
    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផ្សារ​មូលបត្រ​កម្ពុជា​(CSX) ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ជូញដូរ​ភាគ​ហ៊ុន ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ​ទេ។
    លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែងថា៖ «ពិធី​បើក​បង្ហាញ​ការ​ជួញ​ដូរ​នៅ​ថ្ងៃ​នេះ​(ម្សិលមិញ​) ​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​តួនាទី​ពាក់ព័ន្ធ​នៅ​ លើ​ផ្សារ​ហ៊ុន»។ លោក​បន្ត​ថា​ CSX ក្រុម​ហ៊ុន​មូល​បត្រ​ជា​សមាជិក និង​ធនាគារ ជា​ភ្នាក់​ងារ​ផាត់​ទាត់​សាច់​ប្រាក់ បាន​តភ្ជាប់​ទៅ​ប្រព័ន្ធ IT រវាង​គ្នា និង​គ្នា​រួច​ជា​ស្រេច​ហើយ​។
    លោក​បន្ថែម​ថា CSX បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សារ​ហ៊ុន​ទាំង​ផ្នែក​ទន់ ទាំង​ផ្នែក​រឹង​រួច​រាល់​ហើយ ហើយ​បច្ចុប្បន្ន CSX​ បាន​បញ្ចប់​សព្វ​គ្រប់​ហើយ។ ទោះបីជា​យ៉ាង​នេះ​ក្តី លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​​ពេល​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ពេល​ណា។
    លោក Chong-Kil Park អគ្គនាយក​រងផ្សារ​មូលបត្រ​កូរ៉េ​(KRX) អះអាង​អំពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់ CSX ដោយ​បញ្ជាក់​ថា ផ្សារ​មូលបត្រ​កម្ពុជា នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ពី​វិនិយោគិន​ទាំង​ក្នុង ស្រុក និង​ក្រៅ​ស្រុក​ដែល​ជា​ធម្មតា​តែង​មាន​ចម្ងល់​អំពី​បញ្ហា​នេះ។
    លោក​ថ្លែង ការ​បើក​ផ្សារ​មូលបត្រ មិនមែន​មាន​ន័យ​តែ​ការ​ចាប់​ផ្តើម​សម័យ​កាល​ថ្មី​នោះ​ទេ ប៉ុន្តែ​វា​ក៏​​មាន​ន័យ​ថា ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​ដែល​ពាក់ព័ន្ធ​នឹង​ទីផ្សារ​នេះ​ផង​ដែរ៖ «ខ្ញុំ​ជឿថា CSX នឹង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​មាន​និរន្តរភាព អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ​បាន»។
    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ហត្ថលេខា​លើ​ការ​វិនិយោគ​រួម​គ្នា​មួយ ដើម្បី​បង្កើត​ CSX ជាមួយ KRX កាល​ពី​ឆ្នាំ​២០០៦ ដោយ​ផ្សារ​ហ៊ុន​កូរ៉េ មាន​ភាគ​ហ៊ុន ៤៥​ភាគ​រយ ហើយ​រដ្ឋាភិបាល មាន​៥៥​ភាគ​រយ។
    រដ្ឋាភិបាល សម្រេច​ចុះ​បញ្ជី​សហគ្រាស​រដ្ឋ​បី គឺរដ្ឋករ​ទឹក​ភ្នំពេញ ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា និង​កំពង់ផែ​ព្រះសីហនុ។
    លោក ហ៊ាន សាហ៊ីប ប្រធាន​ក្រុម​ប្រឹក្សា​ផ្សារ​មូលបត្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ CSX ទើប​តែ​បាន​ពិនិត្យ​វាយ​តម្លៃ​លទ្ធភាព​ចុះ​បញ្ជី​របស់​រដ្ឋាករ​ទឹក ភ្នំពេញ និង​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​មុន។ លោក​បន្ត​ថា៖ «ផ្សារ​មូលបត្រ​កម្ពុជា ជឿជាក់​ថា រដ្ឋាករ​ទឹក​ភ្នំពេញ នឹង​បញ្ចប់​នីតិវិធី IPO ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​អាច​នឹង​ចុះ​បញ្ជី​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ»៕ CS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.