ការវិវត្តន៍នៃដំណើរការបើកទីផ្សារមូលបត្រនៅកម្ពុជា បានកត់សំគាល់ឃើញថា បានឈានដល់ការបង្ហាញសាកល្បងអំពីដំណើរការនៃការជួញដូរទីផ្សារមូលបត្រ។
នៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១២ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការបង្ហាញសាកល្បងអំពីការជួញដូរមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅវិមានកាណាឌីយ៉ា។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត ហ៊ាន សាហ៊ីប មានប្រសាសន៍នៅក្នុងពិធីបង្ហាញការជួញដូរមូលបត្រនោះថា ក្រុមហ៊ុនទីផ្សារមូលបត្រ និងភាគីដែលពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជួញដូរទីផ្សារមូលបត្រជាផ្លួវការនៅកម្ពុជា ជាប្រវត្តសាស្រ្ត។
លោកបណ្ឌិត ហ៊ាន សាហ៊ីប៖ «ជាការពិត ពិធីបង្ហាញការជួញដូរមូលបត្ររបស់ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា នៅថ្ងៃនេះ មិនត្រឹមតែបង្ហាញឲ្យយើងទាំងអស់គ្នាឲ្យដឹងថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រជាសមាជិក ព្រមទាំងធនាគារ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្របានរៀបចំខ្លួនរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែទាំងថែមបង្ហាញ កាន់តែច្បាស់ទៀតថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជួញដូរមូលបត្រជាផ្លួវការ ជាប្រវត្តិសាស្ត្រនៅកម្ពុជា»។
លោកបណ្ឌិត ហ៊ាន សាហ៊ីប មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលថ្មីៗនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានពិនិត្យសំណើរលទ្ធភាពចុះបញ្ជីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយយើងបានផ្ដល់ការអនុញ្ញាតលើសំណើនេះ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានឲ្យដឹងទៀតថា ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា សង្ឃឹមថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចបំពេញនីតិវិធីបោះផ្សាយមូលបត្រលើកដំបូងបានឆាប់រហ័ស និងអាចស្នើសុំចុះបញ្ជីនាពេលដ៏ខ្លីខាងមុខនេះ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានឲ្យដឹងថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រជាសមាជិក ព្រមទាំងធនាគារដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ បានរៀបចំខ្លួនរួចរាល់ និងពិសេសបានតភ្ជាប់ប្រព័ន្ធព័ត៌មានវិទ្យាជាមួយគ្នាស្រេចបាច់ហើយ។
លោក គាត ឈន់ បានឲ្យដឹងទៀតថា រហូតមកដល់សព្វថ្ងៃ ទីផ្សារមូលបត្រសម្រេចបានទាំងស្រុងហើយ ជាក់ស្ដែងយើងមានទីផ្សារ គឺក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអន្តរការីទីផ្សារ គឺក្រុមហ៊ុនមូលបត្រ ហើយនិងផលិតផល គឺក្រុមហ៊ុនចុះបញ្ជី ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំការបោះផ្សាយមូលបត្រលើកដំបូងរបស់ខ្លួន។
លោក គាត ឈន់ មានប្រសាសន៍បន្ថែមទៀតថា ការយឺតយ៉ាវក្នុងការបង្កើតទីផ្សារកន្លងមកមិនមែនកើតឡើងដោយភាពអសមត្ថភាពរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែវាកើតឡើងដោយកត្តាសត្យានុម័តមួយចំនួន ដែលទាមទារឲ្យយើងរៀបចំខ្លួនឲ្យបានត្រឹមត្រូវ និងរឹងមាំ ព្រោះថា ដើម្បីឲ្យការជួញដូរប្រកបដោយជោគជ័យ លុះត្រាតែតួរអង្គទាំងអស់មានឆន្ទះ និងទិសដៅអាជីវកម្មយូរអង្វែង រួមផ្សំនឹងធនធានមនុស្ស និងបច្ចេកទេសគ្រប់គ្រាន់។
លោក គាត ឈន់៖ «ការពន្យារពេលវេលាជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មិនត្រូវចាត់ទុកជាការខាតបង់ពេលវេលាទេ ផ្ទុយទៅវិញការពន្យាពេលនេះផ្តល់នូវពេលវេលាបន្ថែមដល់ភាគីពាក់ពន្ធ័ទាំងអស់ រួមទាំងគណៈកម្មការមូលបត្រកម្ពុជា ក្នុងការគិតគូឲ្យបានល្អិតល្អន់អំពីក្របខ័ណ្ឌគតិយុត្តិ និងក្រុមហ៊ុនមូលបត្រក្នុងការស្វែងយល់អំពីនីតិវិធីពាក់ព័ន្ធ និងបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធ និងប្រត្តិបត្តិការនានាជាមួយគណៈកម្មការមូលបត្រ និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏ដូចជាយុទ្ធនាការទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដើម្បីចូលរូមក្នុងទីផ្សារកម្ពុជា»។
មានប្រសាសន៍ស្រដៀងទៅនឹងបញ្ហាលើកឡើងខាងលើនេះដែរ អគ្គនាយករងនៃផ្សារមូលបត្រកូរ៉េ លោក ប៉ាក់ ជុងគីល (PARK Jong Gil) បានឲ្យដឹងតាមអ្នកបកប្រែភាសារកូរ៉េថា យើងត្រូវចំណាយពេលវេលា និងធនធានក្នុងការរៀបចំជាមុនឲ្យល្អប្រសើរ ដើម្បីជៀសវាងកុំឲ្យមានបញ្ហាក្នុងពេលដំណើរការ។
លោក ប៉ាក់ ជុងគីល បានឲ្យដឹងទៀតថា ថ្ងៃនេះជាថ្ងៃបញ្ចប់ដំណើរការរាល់សកម្មភាពរៀបចំក្នុងការបង្កើតទីផ្សារមូលបត្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០០៦ កន្លងមក៕
http://www.rfa.org
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.