រស់ សាវ៉ាបាទី​ ចំណូល​កើន​ពេល​ចូល​SEATV

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels: ,
  • សេចក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​ពិធីការិនី​ពេញ​សិទ្ធិប្រចាំ​ស្ថានីយទូរទស្សន៍​របស់​កញ្ញា រស់ សាវ៉ាតបាទី ឥឡូវ​នេះ​បាន​សម្រេច​ដូច​បំណង​ហើយ។ នាង​បញ្ជាក់​ថា​ ប្រាក់​ចំណូល​បាន​កើន​ឡើង​​​នៅ​ពេល​នេះ។
    បើ​និយាយ​ពី​ពិធី​ការិនី​វ័យ​ក្មេង និង មាន​រូប​សម្ផស្ស​ស្រស់​ស្អាត កញ្ញា រស់ សាវ៉ាតបាទី ជា​ពិធី​ការិនី​វ័យ​ក្មេង​មួយ​រូប​ ព្រោះ​មក​ទល់​នឹង​ពេល​នេះ​នាង​ទើប​មាន​អាយុ​២០​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​រូប​សម្រស​វិញ​ក៏​មិន​ចាញ់​តារា​ផ្សេង​ទៀត​ប៉ុន្មាន​ដែរ។
    ទាក់ទិន​ទៅ​នឹង​ការ​​ក្លាយ​ទៅ​ជា​ពិធី​ការិនី​ពេញ​សិទ្ធិ​មួយ​រូប​ និង​ការ​រក​ចំណូល​កើន​ជាង​មុន​នេះ បាទី បាន​បញ្ជាក់​ថា “ខ្ញុំ​បាន​ធ្វើ​ជា​ពិធី​ការិនី​មាន​រយៈ​ពេល​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ក្រៅ​ម៉ោង​តែ​ប៉ុណ្ណោះ។ មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ពិធី​ការិនី​ពេញ​សិទ្ធិ​មួយ​រូប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។ ខ្ញុំ​គិត​ថា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​បាន​សម្រេច​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប៉ង។ ម្យ៉ាង​ទៀត​ចំណូល​ទទួល​បាន​ក៏​មាន​ភាព​ខុស​ប្លែក​ពី​មុន​ផង​ដែរ”។
    បាទី បាន​បន្ថែម​ទៀត​ថា​ ក្នុង​ពេល​​នាង​ធ្វើ​ជា​ពិធី​ការិនី​ក្រៅ​ម៉ោង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ដទៃ​ទៀត​ឱកាស​ធ្វើ​ជា​ពិធី​ការិនី​នៅ​តាម​កម្មវិធី​ផ្សេងៗ​មិន​សូវ​ជា​​មាន​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ពេល​បាន​បង្ហាញ​មុខ​នៅ​អាស៊ីអាគ្នេយ៍​​ធ្វើ​​ឲ្យ​ចំណូល​របស់​នាង​កើន​ជាង​មុន តាម​រយៈ​ធ្វើ​ជា​ពិធី​ការិនី​នៅ​តាម​កម្មវិធី​ផ្សេងៗ ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត។
    នៅ​​អាស៊ីអាគ្នេយ៍​ កញ្ញា រស់ សាវ៉ាតបាទី កាន់​កម្មវិធី​បី គឺ កម្មវិធី “កាយវប្បកម្ម សម្ផស្ស​នារី និង​កម្មវិធី​កម្សាន្ត (International song best of the best)”។
    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តារា​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ការ​ក្លាយ​ទៅ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ព្រោះ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ច្រើន។ ដំបូង​គេ​ជ្រើសរើស​តាម​រយៈ​ការ​ដាក់​ប្រវត្តិ​រូប បន្ទាប់​មក​គឺ​ជួប​ជា​មួយ​គណៈកម្មការ​វាយ​តម្លៃ​ជា​ច្រើន​រូប។ អ្វី​ដែល​ពិបាក​ជាង​គេ​គឺ​ការ​បង្ហាញ​នៅ​មុខ​កាមេរ៉ា ព្រោះ​គេ​​ចង់​ដឹង​ពី​សំឡេង កាយ​វិការ ទឹក​មុខ និង​សកម្មភាព​ផ្សេងៗ​ទៀត។ ការ​ជាប់​ជា​ពិធី​ការិនី​ជា​ការ​ប្រឹងប្រែង​របស់​នាង​ផ្ទាល់​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ​ឡើយ។
    តារា​រូប​នេះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា​​ ការ​ក្លាយ​ជា​ពិធី​ការិនី​ពេញ​សិទ្ធិ​បែប​នេះ​ ជា​ប្រការ​មួយ​ធ្វើ​ឲ្យ​អាជីព​ជា​ពិធី​ការិនី​របស់​នាង​រីក​ចម្រើន​ទៅ​មុខ។ នាង​មាន​ជំនឿ​ថា​ ទៅ​ថ្ងៃ​ខាង​មុខ​នឹង​ក្លាយ​ទៅ​ជា​ពិធី​ការិនី​ល្បី​មួយ​រូប​ក្នុង​ពិភព​សិល្បៈ។
    ក្រៅ​ពី​ការងារ​ជា​ពិធី​ការិនី​ពេញ​សិទ្ធិ​នៅ​អាស៊ីអាគ្នេយ៍ កញ្ញា រស់ សាវ៉ាតបាទី​ ជា​ពិធី​ការិនី​ក្រៅ​ម៉ោង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍លេខ៥ ក្នុង​កម្មវិធី​ជំហាន​តារា។
    បាទី កំពុង​សិក្សា​​​ឆ្នាំ​ទី៤ នៅ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ផ្នែក​អក្សរសាស្ត្រ​ អង់គ្លេស ក្រៅ​ពី​នេះ​ទៀត​នាង​ក៏​ជា​កីឡា​ការិនី យូដូ​​ម្នាក់​មាន​ទេពកោសល្យ និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ផ្សេងៗ​ផង​ដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.