បើករថយន្តបុកយុវ ជនម្នាក់ស្លាប់ហើយ មិនទទួលខុសត្រូវ យកតួនាទីមន្រ្តី នគរបាលមកកាង

សៀមរាប: បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្រ្តី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបើករថយន្តបុកយុវជនម្នាក់ស្លាប់កណ្តាលផ្លូវ ហើយមិនព្រមចេញមកទទួលខុសត្រូវទេ ថែមទាំង យកតួនាទីរបស់ខ្លួនមកកាង និងគំរាមសត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុថែមទៀត យោងតាមមន្រ្តីនគរបាលនៅកន្លែងកើតហេតុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១២  នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលរូបនេះបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្ដកាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-0151 មួយគ្រឿង ដែលបើកបរដោយមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបុកម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀបរាប 1E-1190 ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនជាកម្មករសំណង់ ហ៊ុម អួត អាយុ ២០ឆ្នាំ ដែលបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាង អាណោចអាធ័មជាទីបំផុត។
ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលបង្កហេតុ បុរសជាម្ចាស់រថយន្តបង្ក ហេតុ មិនបានឈប់ និងចុះមើលជនរងគ្រោះនោះទេ បានព្យាយាមបើករថយន្ត គេចខ្លួន ពេលនោះ ក្រុមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញស្ទាក់មិនឲ្យជនបង្កគេចខ្លួនបានឡើយ។ ពេលរថយន្តឈប់ហើយ បុរសជាអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ បានចេញមកប្រើសំដីក្អេងក្អាង និង អសុរោះ មើលងាយ និងគំរាមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដែលប្រដេញតាមទាំងនោះ ដោយ អះអាងថា ពួកគេជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបន្តថា ក្រោយពេលអះអាងដូច្នេះហើយ ជនបង្កបានគេចចេញទៅបាត់ រីឯសមត្ថកិច្ចទំនងជាខ្លាចបុណ្យស័ក្តិ និងតួនាទីជនបង្កទាំងនោះ ក៏មិនឃើញមានចំណាត់ការ អ្វីដែរ បានយត្រឹមយករថយន្ត និងម៉ូតូទៅរក្សាទុកតែប៉ុណ្ណោះ ឬមួយពួកគេគិតថា នៅក្នុងប្រទេសកម្ពុជានេះ គ្មានច្បាប់ទម្លាប់ ឬពួកគេគិតថា ជាមន្រ្តីនគរបាល បុកជនស្លូតត្រង់ស្លាប់ហើយ មិនចាំបាច់ទទួលខុសត្រូវអ្វីទេ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងផងដែរថា មន្រ្តីនគរបាលសេដ្ឋកិច្ច ដែលបង្កហេតុនេះ មានឈ្មោះហៅក្រៅថា អាខ្មៅ ជាក្រុមមន្ត្រីនគរបាល ដែលដាក់ស្នាក់ការ ចំាស្ទាក់ចាំរថយន្ត នៅគោលដៅម្តុំកន្លែងកើតហេតុនោះ។
ប្រជាពលរដ្ឋក៏បានរិះគន់ផងដែរថា ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលដាក់ ស្នាក់ការនៅតំបន់នោះ មិនដែលឃើញបង្រ្កាបបទល្មើសសេដ្ឋកិច្ចអ្វីទេ ក្រៅតែពីដេញតាមរថយន្តទឹក ទំនិញ ទាំងស្របច្បាប់ និងខុសច្បាប់ ដែលបើកឆ្លងកាត់ទីនោះ ស្ទាក់យកលុយប៉ុណ្ណោះ។
ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដាក់ការសង្ឃឹមលើថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ មិនត្រូវអនុញ្ញាតឲ្យជនបង្ករួចខ្លួន ក្រោមដំណក់ទឹកភ្នែកប្រជាពលរដ្ឋស្លូតត្រង់នោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.