ហ៊ឹម សាវី ប្អូន​ស្រី​បង្កើត​តារា​ចម្រៀង​ហ៊ឹម ស៊ីវន ផ្លុំ​ខ្លុយ​ល្បី​លើ​ឆាក​អន្តរជាតិ

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:


  • អ្នក​ស្រី ហ៊ឹម សាវី កាន់​ឧប​ករណ៍​តន្ត្រី​ខ្លុយ។ រូបថត សហ​ការី
    ភ្នំពេញៈ ស្ថិត​ក្នុង​ពូជ​ពង្ស​អ្នក​សិល្បៈ អ្នក​ស្រី ហ៊ឹម សាវី ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​តារា​ចម្រៀង ហ៊ឹម ស៊ីវន ដែល​បាន​ពុះពារ​ហាត់​រៀន​ឧបករណ៍​ខ្លុយ​(Flute) បែប​បស្ចិម​ប្រទេស រហូត​បាន​ជោគជ័យ​ក្លាយ​ជា​តន្រ្តីករ​ឧបករណ៍​ខ្លុយ​យ៉ាង​ចំណាន នៅ​លើ​ឆាក​អន្តរជាតិ។
    សំឡេង​ព្យាណូ​ដ៏​គ្រលួច​របស់​តន្រ្តីករ​ខ្មែរ លោក​សូ ស្រណោះ លាយ​ឡំ​គ្នា​នឹង​សំឡេង​ខ្លុយ របស់​អ្នក​ស្រី ហ៊ឹម សាវី ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​តារា​ចម្រៀង​ល្បី​ជើង​ចាស់ អ្នក​ស្រី ហ៊ឹម ស៊ីវន បាន​បន្លឺ​ឡើង​ល្វើយ​ៗ ជាមួយ​នឹង​ចម្រៀង​ច្រើន​បទ ជា​ភាសា​ខ្មែរ និង​ជប៉ុន បាន​ទាក់​ចិត្ត​ទស្សនិកជន​ឲ្យ​ទះ​ដៃ​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ការ​ប្រគំ​តន្រ្តី​មិត្តភាព កម្ពុជា​ជប៉ុន លើក​ទី​៥ កាល​ពី​ចុង​សប្តាហ៍​មុន។
    អ្នក​ស្រី ហ៊ឹម សាវី បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ​មិន​ត្រឹម​តែ​មុខ​មាត់​របស់​អ្នក​ស្រី ដែល​ស្រដៀង​នឹង​បង​ស្រី​ដែល​ជា​តារា​ចម្រៀង​ល្បី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​សមត្ថភាព​ផ្លុំ​ឧបករណ៍​ខ្លុយ​ដ៏​ប៉ិន​ប្រសប់​របស់​អ្នក​ ស្រី ចូល​គ្នា​ជាមួយ​នឹង​ក្រុម​តន្រ្តីករ សិល្បករ បរទេស ថ្វី​ដ្បិត​តែ​មិន​មាន​តន្រ្តីករ​ក្នុង​ស្រុក​ច្រើន ចេះ​លេង​ឧបករណ៍​មួយ​នេះ​ក៏​ដោយ។
    ក្នុង​វ័យ​៣៩ ឆ្នាំ អ្នក​ស្រី ហ៊ឹម សាវី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ឲ្យ​ដឹង​ថា ពី​ដំបូង​អ្នក​ស្រី មិន​ទាន់​បាន​ចាប់​អារម្មណ៍​ភ្លាមៗ ទៅ​លើ​ឧបករណ៍​ខ្លុយ​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ឪពុក​មា ណែនាំ​ឲ្យ​រៀន ទើប​អ្នក​ស្រី​ចាប់​រៀន ឧបករណ៌​ហ្លុត​នេះ​តាំង​ពី​អាយុ​១៥​ឆ្នាំ​មក ក្រោយ​ពេល​ដែល​អ្នក​ស្រី បាន​ក្រេប​ជញ្ជក់​យក​មូលដ្ឋាន​គ្រឹះ ពី​តន្រ្តី​បុរាណ​ខ្មែរ​ជា​ច្រើន​ឆ្នាំ​ពី​ជីតា​របស់​អ្នក​ស្រី​មក។
    អ្នក​ស្រី​បាន​បន្ត​ថា៖​«កាល​ពី​អាយុ​៨​ឆ្នាំ ខ្ញុំ​ធ្លាប់​រៀន​ឧបករណ៍​គងធំ និង​ខ្លុយ​បុរាណ​ខ្មែរ​ដែរ។ មក​ដល់​ពេល​នេះ ខ្ញុំ​ភ្លេច​អស់​ហើយ តែ​ទោះ​ជា​មិន​អាច​លេង​បាន ខ្ញុំ​នៅ​តែ​អាច​ស្តាប់​ដឹង​ថា អ្នក​ណា​ខុស​ ឬ​ត្រូវ ពីរោះ ឬ​មិន​ពីរោះ»។
    អ្នក​ស្រី ហ៊ឹម សាវី បាន​មាន​ប្រសាសន៍​ថា៖«ដោយ​សារ​តែ​ឪពុក​មា​ខ្ញុំ​ឈ្មោះ​លោក ហ៊ឹម សុភី ដែល​ជា​​អាណា​ព្យាបាល​ខ្ញុំ បាន​ចេញ​ទៅ​រៀន​ផ្នែក​តន្រ្តី​នៅ​ប្រទេស​រុស្ស៊ី ហើយ​គាត់​បាន​ឃើញ​នារី​បរទេស​ជា​ច្រើន​ចេះ​លេង​ឧបករណ៍​ខ្លុយ​នេះ គាត់​ក៏​បាន​ចាប់​អារម្មណ៍ និង​ណែនាំ​ឲ្យ​ខ្ញុំ​រៀន​ឧបករណ៍​ខ្លុយ​នេះ​ដែរ»។
    អ្នក​ស្រី​បន្ត​ថា៖​«គ្មាន​អ្វី​ដែល​ងាយ​ស្រួល​សម្រាប់​ឧបករណ៍​ភ្លេង​ឡើយ ទោះ​បី​ខ្ញុំ​ធ្លាប់​មាន​មូលដ្ឋាន​គ្រឹះ​ពី​ភ្លេង​ខ្មែរ ប៉ុន្តែ​ប្រសិន​បើ​មិន​ធ្លាប់​រៀន​ឧបករណ៍​ខ្លុយ​នេះ គឺ​ពិបាក​ដូច​តែ​គ្នា​ទេ។ វា​ទាមទារ​នូវ​ការ​អត់​ធ្មត់ ស្រឡាញ់​ជាប់​ចិត្ត និង​មិន​បោះបង់»។
    អ្នក​ស្រី​បាន​បន្ត​ទៀត​ថា៖​«​អ្វី​ដែល​សំខាន់​គឺ​ទេពកោសល្យ និង​ឧបនិស្ស័យ​ពី​ធម្មជាតិ ទើប​ធ្វើ​ឲ្យ​យើង​រៀន​ឆាប់​ចេះ ជាង​គេ​បន្តិច ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ឆ្នាំ និង​ការ​ព្យាយាម​ខ្លាំង​បំផុត»។
    ដោយ​មាន​ស្រុក​កំណើត​លើ​ទឹក​ដី​ខេត្ត​ព្រៃវែង អ្នក​ស្រី ហ៊ឹម សាវី ដែល​ជា​ប្អូន​ស្រី​បង្កើត​ទី២ របស់​អ្នក​ស្រី ហ៊ឹម ស៊ីវន បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ស្រី និង​បង​ស្រី ហ៊ឹម ស៊ីវន ប្អូន​ៗ​បី​នាក់​ផ្សេង​ទៀត​របស់​អ្នក​ស្រី គ្មាន​នរណា​ប្រកប​របរ​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ទេ។
    ក្រោយ​ពី​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​បន្ថែម​ពី​លោក​គ្រូ អៀង សេងថៃ នៅ​ឆ្នាំ​១៩៨៥ អ្នក​ស្រី ហ៊ឹម សាវី ក៏​បាន​បន្ត​ការ​សិក្សា​រយៈ​ពេល ៦​ឆ្នាំ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្រោម​ការ​បង្ហាត់​បង្ហាញ​ពី​សាស្រ្តាចារ្យ​ក្នុង​ស្រុក និង​បរទេស​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
    អ្នក​ស្រី​និយាយ​ថា៖​ «ខ្ញុំ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី គ្រូ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ដែល​មាន​ឈ្មោះ​ថា Anton Issehardt និង​ការ​សម្តែង​ជាមួយ​នឹង​តន្រ្តីករ​បុរាណ​របស់​បស្ចិម​ប្រទេស ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ»។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖​«ជា​ធម្មតា ទាំង​អ្នក​សិល្បៈ ទាំង​តន្រ្តីករ មិន​អាច​រក​ប្រាក់​ចំណូល​បាន​តែ​មួយ​មុខ​ទេ ដោយ​សារ​តែ​ស្រុក​យើង​កំពុង​អភិវឌ្ឍ»។
    សាស្ត្រាចារ្យ​ផ្នែក​ឧបករណ៍​ខ្លុយ​ នៅ​មហាវិទ្យាល័យ​តូរ្យតន្រ្តី រូប​នេះ​បាន​ថ្លែង​ថា ក្រៅ​ពី​បង្រៀន​សិស្ស​ប្រមាណ​ជា​ដប់​នាក់​នៅ​មហាវិទ្យាល័យ ខ្ញុំ​ក៏​មាន​បង្រៀន​កុមារ​បរទេស នៅ​តាម​ផ្ទះ និង​នៅ​តាម​អង្គការ​នានា​ផង​ដែរ ដោយ​សារ​តែ​ឧបករណ៍​ភ្លេង​ប្រភេទ​នេះ ត្រូវ​បាន​គេ​ឲ្យ​តម្លៃ និង​អាច​លេង​ចូល​ជាមួយ​វង់​ភ្លេង​ប្រភេទ​ណា​ក៏​បាន»។
    កាល​ពី​ជិត​២០​ឆ្នាំ​មុន អ្នក​ស្រី ហ៊ឹម សាវី  បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង លោក កែវ សុភី ដែល​ជា​អ្នក​និពន្ធ​តន្រ្តី និង​ជា​សាស្រ្តាចារ្យដូច​គ្នា សព្វ​ថ្ងៃ អ្នក​ស្រី​មាន​បុត្រី​ពីរ​នាក់ ដែល​មាន​បំណង​អភិវឌ្ឍ​ខ្លួន​ជាមួយ​នឹង​ការងារ​ផ្សេង​ក្រៅ​ពី​សិល្បៈ ទោះ​បីជា​ពួក​គេ មាន​ទេព​កោសល្យ​ក៏​ដោយ។ អ្នក​ស្រី ហ៊ឹម សាវី ក៏​ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​តន្រ្តី​ខ្លុយ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា វៀតណាម នូវែលសេឡង់ និង​ឥណ្ឌូនេស៊ី ជាដើម ជា​ពិសេស​គឺ​ការ​ប្រគំ​តន្រ្តី​បែប​មិត្តភាព ក្នុង​ចំណោម​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។
    ក្រៅ​ពី​ផ្លុំ​ខ្លុយ អ្នក​ស្រី​ក៏​អាច​លេង​ស្គរ និង​ច្រៀង​ចម្រៀង​បែប​បុរាណ​ផង​ដែរ ប៉ុន្តែ​អ្នក​ស្រី​បាន និយាយ​បែប​ដាក់​ខ្លួន​ថា៖​«ខ្ញុំ​អាច​ច្រៀង​បាន តែ​មិន​មែន​ល្អ ​ពី​រោះអស្ចារ្យ​ដូច​ជា​បង​ស្រី​ខ្ញុំ​ទេ ព្រោះ​ធម្មតា មិន​មែន​ជា​ជំនាញ​ដែល​យើង​ហ្វឹក​ហាត់​ញឹក​ញាប់​ផង»៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.