តើ​ពិធីករ​ បែប​ណា​ដែល​អ្នក​គិត​ថាល្បី?

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • តាម​សភាព​ជាក់​ស្ដែង ពិធីករ ពិធីការិនី បច្ចុប្បន្ន កំពុង​ពេញ​និយម​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ​សិល្បៈ ​បើ​ទោះ​ជា​ពិធីករ និង​ពិធី​ការិនី​ជើង​ចាស់​និយាយ​ថា សមត្ថភាព​របស់​ពិធីករ និង​ពិធីការិនី​ថ្មីៗ​មួយ​ចំនួន​មិនទាន់​ឆ្លើយ​តប​ទៅ​នឹងទំហំ​ការងារ​វិទ្យុ និង​ទូរទស្សន៍​នៅ​ឡើយ​ក្ដី។ ចំណុច​សំខាន់​ដែល​រក​ឃើញ​ គឺថា អ្នក​ស្ដាប់​អ្នក​ទស្សនា​ចូល​ចិត្ត​ពិធីករ ឬ​ឲ្យ​តម្លៃ​ពិធីករ ពិធីការិនី គឺ​ចង់​ស្គាល់​រាប់​អាន​មាន​ទំនាក់​ទំនង​ជា​មួយ​ពិធីករ​ពិធីការិនី ដោយ​ពុំ​ចាប់​អារម្មណ៍​លើ​ទេពកោសល្យ ឬ​ចំណេះដឹង​ជា​ចម្បង​នោះ​ទេ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ថា ពិធីករ​ពិធីការិនី​ទាំង​វិទ្យុ​និង​ទូរទស្សន៍​មាន​លក្ខណៈសម្បត្តិ​បែប​ណា​ទើប​មាន​ឥទ្ធិពល និង​ល្បី​ឈ្មោះ​នោះ ពិធីករ​ជើង​ចាស់​លើក​ឡើង​អំពី​បញ្ហា​នេះ។
    ពិធីករ​ចាស់​វស្សា មាន​វោហារ​មិន​ចេះ​រីង​ស្ងួត លោក ភោ សុផានិត បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អាជីព​ជា​ពិធីករ​ជិត​ម្ភៃឆ្នាំ​របស់​លោក ធ្វើ​ឲ្យ​លោក​មាន​ការយល់​ដឹង​យ៉ាង​ច្រើន​អំពី​បរិបទ​សង្គម និង​សិល្បៈ ជា​ពិសេស​បទ​ពិសោធន៍​ទាក់​ទង​នឹង​អាជីព​ជា​ពិធី ករ។ លោក​បាន​បង្ហើប​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​លោក​ថា “ការ​សិក្សា​ស្រាវ​ជ្រាវ និង​យល់​ដឹង​អំពី​ចំណេះ​ដឹង​ទូទៅ​ឲ្យ​បាន​ច្រើន ព្រមទាំង​មើល​គំរូ​តាម​អ្នក​ដែល​និយាយ​បាន​ល្អ និង​មាន​បទ​ពិសោធន៍​ច្រើន​លើ​ផ្នែក​នេះ ទុក​ជា​មេរៀន​ក៏​អាច​ជួយ​បាន​មួយ​ផ្នែក ព្រោះ​នៅ​ស្រុក​យើង​អត់​មាន​សាលា​បង្រៀន​ផ្នែក​ហ្នឹង​ទេ អីចឹង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ និង​ទេពកោសល្យ​ផ្ទាល់ខ្លួន”។
    លោក ភោ សុផានិត បាន ផុស​ចេញ​ពី​ពិធីករ​វិទ្យុ១០៣ រាជធានី​ភ្នំ​ពេញ ​ក្នុង​កម្មវិធី​អាន​ព័ត៌មាន នៅ​គ្រា​នោះ​លោក​ក៏​​ធ្លាប់​កាន់ និង​គ្រប់គ្រង​កម្មវិធី​វិទ្យុ និង​ទូរទស្សន៍​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នាម​ពិធីករ​មាន​ទេពកោសល្យ និង​សំនួន​វោហារ​ខ្ពស់​មួយ​រូប។ ចុង​ក្រោយ​លោក​បាន​ដាក់​ពាក្យ​សុំ​លាឈប់​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​CTN នៅ​ខែ​មិថុនា ឆ្នាំ​២០១០ កន្លង​ទៅ ក្រោម​ហេតុផល​ថា​ជាប់​រវល់​ខ្លាំង​នឹង​ការងារ​រដ្ឋ។
    ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​ពិធីករ​ជើង​ចាស់​ខាង​លើ អ្នក​នាង យុគ ចិន្ដា ពិធីការិនី​ល្បីឈ្មោះ​មួយ​រូប​ប្រចាំស្ថានីយ​ទូរ​ទស្សន៍​CTN ហើយ​បច្ចុប្បន្ន​ជា​អ្នក​ដឹក​នាំ​កម្មវិធី​ទូរទស្សន៍​មួយ​យ៉ាង​សកម្ម​ផង​នោះ បាន​បង្ហើប​ប្រាប់​អំពី​បទពិសោធន៍​ការងារ​មុន​ពេល​ក្លាយ​ជា​ពិធីការិនី​ល្បីឈ្មោះ​ថា អ្នក​នាងផុស​ចេញ​ពី​អ្នក​អាន​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍IBC ។ “ពិធីការិនី​ល្បី មិន​អាស្រ័យ​លើ​ប៉ុស្តិ៍​ល្បី​ទេ គឺ​សំដៅ​ទៅ​លើ​ទេពកោសល្យ​ផ្ទាល់​ខ្លួន​គឺ​សំខាន់ និង​មួយ​ទៀត គឺ​អាស្រ័យ​លើ​ខ្លួនឯង។ ប៉ុស្តិ៍​ដែល​ល្បី​ជា​រឿង​បន្ទាប់បន្សំ​នៅ​ពេល​ណា​ដែល​គេ​ឃើញ​យើង​ល្បី មាន​សមត្ថភាព ហើយ​មាន​ភាព​លេចធ្លោ ប៉ុស្តិ៍​ល្បី​ៗ​គេ​ចាប់​ផ្ដើម​មើល​ឃើញ​យើង​មិនខាន”។
    ពិធីការិនី​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ក្លាយ​ជា​ពិធីករ ឬ​ពិធីការិនី​ល្បីឈ្មោះ​បាន គឺ​ទាមទារ​ឲ្យ​មាន​ចំណេះ​ដឹង​ទូទៅ​​ទូលំទូលាយ ហើយ​ត្រូវ​ស្រលាញ់​តួនាទី​របស់​ខ្លួន មាន​ន័យ​ថា​គាត់​កំពុង​ឈរជើង​ក្នុង​ដំណែង​ជា​ពិធីករ ឬ​ពិធីការិនី គាត់​ត្រូវ​តែ​មាន​អារម្មណ៍​ស្រស់ថ្លា និង​យកចិត្តទុកដាក់​នឹង​ការងារ​របស់​គាត់ មិន​ត្រូវ​ងាករេ​ចង់​ទៅ​ដើរ​ម៉ូដ ច្រៀង ឬ​សម្ដែង​ផង​នោះ​ទេ ព្រោះ​ការ​គិត និង​ធ្វើ​បែប​នេះ​បណ្ដាល​ឲ្យ​ពិធីការ និង​ពិធីការិនី​ជា​ច្រើន​បាត់​ប្រជាប្រិយភាព​របស់​ខ្លួន។
    លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​លោក​សូម​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​ពិសេស​នាយកដ្ឋាន​ពាក់ព័ន្ធ​សូម​ឲ្យ​គិត​គូ​រឿង​គុណភាព និង​សមត្ថភាព​របស់​សិល្បករ សិល្បការិនី ដោយ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ព្រោះ​នេះ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌ និង​អរិយធម៌​ជាតិ ទៅកាន់​ឆាក​អន្តរជាតិ។ យើង​ជំរុញ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​វិធាន​ការ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ សិល្បករ សិល្ប​ការិនី ជា​ពិសេស​ធ្វើ​ឲ្យ​ពិធីករ​មាន​ភាព​រីក​ចម្រើន និង​ល្បីល្បាញ​ក្នុង​អាជីព​របស់​ពួក​គេ។ លោក​បាន​បន្ថែម​ថា “ការ​សិក្សា​ស្រាវជ្រាវ និង​មើល​គំរូ​តាម​រៀម​ច្បង​ចាស់ៗ​ដែល​មាន​បទពិសោធន៍​ចាស់​វស្សា​គឺ​ជា​ផ្នែក ​មួយ​យ៉ាង​សំខាន់​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គាត់​ត្រូវ​មាន​សាលា​រៀន​ត្រឹម​ត្រូវ​មួយ​ទៀត​ទើប​អាច​ក្លាយ​ជា ​ពិធីករ ឬ​ពិធីការិនី​ល្បីឈ្មោះ​បាន។ យើង​កំពុង​រង់ចាំ​មើល​ថា ក្រសួង​នឹង​ចាត់​ចែង​យ៉ាង​ណា​ចំពោះ​រឿង​ហ្នឹង…”។
    នៅ​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា មាន​ពិធីករ និង​ពិធីការិនី​ជា​ច្រើន​បាន​លេង​ស្ដាយ សំលៀក​បំពាក់ ម៉ូដ​សក់ កាយវិការ និង​ស្ដាយ​និយាយ​បាន​ល្អ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ត្រូវ​បាន​បង​ស្រី យក់ ចិន្ដា ពិធី ការិនី​ចាស់​វស្សា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN បាន​លើក​ឡើង​ថា ដ្បិតតែ ពិធី ករ ពិធី ការិនី​មាន​ចំនួន​ច្រើន​នា​ពេល​បច្ចុប្បន្ន ក៏​នៅ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ស្ថានីយ ទូរទស្សន៍ ឬ​វិទ្យុ​នៅ​ឡើយ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.