តន្ត្រី​ស្រុកស្រែ​ លើក​ពាន​ “តន្ត្រី​ប្រជាប្រិយ​ប្រចាំ​ឆ្នាំ”

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • កម្មវិធី​ “តន្ត្រី​ស្រុកស្រែ​​” របស់​ទូរទស្សន៍​បាយ័ន​គឺ​ជា​កម្មវិធី​មួយ​ដែល​ទទួល​  បាន​ពាន​រង្វាន់​ថា​ជា “​កម្មវិធី​តន្ត្រី​ប្រជាប្រិយ​​ប្រចាំ​ឆ្នាំ​”​ ពី​កម្មវិធី “អាណាចក្រ​តារា” នា​ពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​កម្មវិធី​ប្រជាប្រិយ​មួយ​នេះ មាន​​ការ​ចូលរួម​ពី តារា​ចម្រៀងៗ​ល្បី អាយ៉ៃ​កំប្លែង អ្នក​រាំ តន្ត្រី​សម័យ​បូរាណ​ ជា​មួយ​នឹង​ការ​ស្លៀកពាក់​បែប​ប្រពៃ​ណី​ស្រុក​ស្រែ​ចម្ការ ដើម្បី​សម្ដែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​​ពេញ​ផ្ទៃ​ប្រទេស។ ទាំង​អ្នក​ទស្សនា និង​អ្នក​គ្រប់គ្រង​ការ​ផលិត បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​ទទួល​ពាន​នេះ។


    ពេល​ឭ​ថា កម្មវិធី “តន្ត្រី​ស្រុក​ស្រែ” ទទួល​បាន​ពាន​រង្វាន់​ពី​កម្មវិធី “អាណា​ចក្រ​តារា” អ្នក​ធ្លាប់​ទស្សនា​បាន​សាទរ​ថា​សម​នឹង​ទទួល​បាន​ពាន។ លោក ជីវ គឹមហេង ជា​អាជីវករ នៅ​ក្នុង​ទីរួមខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា “ខ្ញុំ​ពេញ​ចិត្ត​ដែល​កម្មវិធី​កម្សាន្ត​មួយ​នេះ​ទទួល​បាន​ពាន​រង្វាន់”។ ទោះបី​ជា​ធ្លាប់​បាន​ទស្សនា​ត្រឹម​តែ​ក្នុង​ទូរទស្សន៍​យ៉ាង​ណា​ក៏​ដោយ​ តែ​អាជីវករ​រូប​នេះ​នៅ​តែ​ពេញ​ចិត្ត​ចំពោះតន្ត្រី​បែប​បូរាណ មាន​​​អ្នក​រាំ​កំដរ ឆាក​បែប​ស្រុក​ស្រែ ជា​ពិសេស​ទៅ​ទៀត​នោះ​ គឺ​​​អស់​សំណើច​ចំពោះក្រុម​កំប្លែង​ក្នុង​កម្មវិធី។
    នេះ​ជា​អារម្មណ៍​របស់​អ្នក​គាំទ្រ។ ចំពោះ​គ្រប់គ្រង​ការ​ផលិត​វិញ​កាន់​តែ​មាន​ក្ដី​រំភើប​ពេល​ទទួល​បាន​ពាន​រង្វាន់​នេះ។ ​លោក ទិត្យ ថាវរិទ្ធ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ជា​អ្នក​គ្រប់​គ្រង​ការ​ផលិត​កម្មវិធីកម្សាន្ត ជា​ពិសេស​កម្មវិធី “​តន្ត្រី​ស្រុកស្រែ​”នេះ មាន​ប្រសាសន៍​ថា “អរគុណ​ចំពោះ​ទស្សនិកជន​ទាំង​អស់ ក៏​ដូចជា​​សិល្បករ​និង​ក្រុម​ការងារ​ដែល​បាន​ចូលរួម​ចំណែក​ទើប​កម្មវិធី​នេះ​មានការ​រីកចម្រើន​និង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង”។
    លោក​ប្រាប់​អំពី​អានុភាព​នៃ​កម្មវិធី​ដែល​នាំ​ឲ្យ​​ទទួល​ពាន​រង្វាន់​​ថា ​នេះ​ជា​កម្មវិធី​ខ្នាត​ធំ​នៅ​ពេល​ណា​ចុះ​ទៅ​ដល់​មូលដ្ឋាន​ណា​មួយ​​គឺ​កក្រើក​​ប្រជាជន​នៅ​តំបន់​នោះ។ ​ណា​មួយ​កម្មវិធី​នេះ​មាន​ក្រុម​ការងារ​ចុះ​ទៅ​ច្រើន​គ្នា រួម​ទាំង​ចំណាយ​អស់​ច្រើន​ទៀត​ផង។ មក​ទល់​នឹង​ពេល​នេះ​លោក​ពុំ​ទាន់​ឃើញ​មាន​កម្មវិធី​ណា​ផ្សេង​ដែល​បង្កើត​ឡើង​​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​បែប​នេះ​ទេ។ កម្មវិធី​ “តន្ត្រី​ស្រុក​ស្រែ” ​មាន​គោល​បំណង​បង្ហាញ​​ផ្ទាំង​ទស្សនីយភាព​ដោយ​មាន​​ការ​តុបតែង​បែប​ស្រុក​ស្រែ​ចំការ​ជន​បទ ពិសេស​ដាក់​តាំង​សម្ភារៈ​ដែល​​កសិករ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗនៅ​លើ​ឆាក​សំដែង។ ម៉្យាង​វិញ​ទៀត​កម្មវិធី​នេះ​ចូលរួម​ចំណែក​អភិរក្ស​បទ​ចម្រៀង​ចាស់ៗ​ពី​សម័យ​ដើម ដក​ស្រង់​ឈុត​ឆាក​​តាម​រយៈ​បទ​ចម្រៀង និងរឿង​ព្រេង​ពី​ដើម។ ក្រៅ​ពី​នេះ​ទៅ​ទៀត។ លោក​បន្ត​​ថា “កម្មវិធី​យើង​មាន​​ការ​ផ្សារ​ភ្ជាប់​បន្ថែម​ជា​មួយ​ការ​អប់រំ​បញ្ហា​សង្គម ដូចជា​ ការ​គោរព​គ្នា បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ សុខភាព​និង​អនាម័យ បញ្ហា​ថ្នាំ​ញៀន​ជាដើម”។
    បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​​​ជា​កម្មវិធី​តន្ត្រី​ប្រជាប្រិយ​ប្រចាំ​ឆ្នាំ​២០១១ ក្នុង​នាម​លោក​ជា​អ្នកដឹកនាំ​​មួយ​រូប នឹង​បន្ត​កម្មវិធី​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច ឲ្យ​មាន​អ្វី​ដែល​ថ្មី តាម​រដូវ​កាល តាម​ពេលវេលា និង តាម​ទីតាំង​ភូមិសាស្ត្រ ព្រោះ​មិន​ចង់​ឲ្យ​មាន​អ្វី​​នៅ​ដដែលៗ​នោះ​ទេ។ ទាំង​នេះ គ្រាន់​តែ​ជា​អ្វី​ដែល​លោក​ចង់​បង្ហាញ​ពី​អ្វី​ដែល​កម្មវិធី​នេះ​ដំណើរ​ការណ៍ តែ​ចំពោះ​លក្ខខណ្ឌ​ជាក់​លាក់​ដែល​នាំ​ឲ្យ​កម្មវិធី​ទទួល​បាន​ពានក៏​លោក​មិន​ច្បាស់​ដែរ ព្រោះ​ជា​ភារៈ​របស់​គណៈកម្មការ​ជំនាញ។
    “តន្ត្រី​ស្រុកស្រែ” ​តែង​តែ​ចាក់ផ្សាយ​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ៧.០០នាទីយប់ រហូត​ដល់​ម៉ោង ៩.០០ យប់។ ម៉្យាង​ទៀត​​មាន​ការ​ប្រគំ​ជូន​ទស្សនា​ដោយ​សេរី​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ជាមួយ​និង​ចង្វាក់​ភ្លេង រាំវង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង​ កន្ត្រឹម ចូកកំពឹស​ជា​ដើម។ គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ថ្ងៃទី១៦ ខែ​កុម្ភៈ​នេះ កម្មវិធី​ “តន្ត្រី​​ស្រុកស្រែ” ទទួល​បាន​ពាន​រង្វាន់​ជា “កម្មវិធីតន្ត្រី​ប្រជាប្រិយ​ប្រចាំ​ឆ្នាំ២០១១” ដែល​ពេល​នោះ​លោក អ៊ឹង រិទ្ធី និង អ្នក​នាង ស៊ឹម សូលីកា ជា​ពិធីករ​ពិធីការិនីម្នាក់​ក្នុង​កម្មវិធី​នេះ​ឡើង​លើក​ពាន៕​ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.