ជប៉ុន ផ្តល់ថវិកា ជាង៩ម៉ឺនដុល្លារ ដើម្បីសាងសង់ អគារសិក្សា នៅក្នុង ខេត្តកំពង់ស្ពឺ

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ រាជរដ្ឋាភិបាល ជប៉ុន បានផ្តល់ជំនួយ ដែលមានទឹកប្រាក់ សរុបចំនួន ៩៧,៤៣៥ដុល្លារអាមេរិកដល់អង្គការជីវិតថ្លៃថ្នូរ ក្នុងគោលបំណងសាងសង់អគារ សិក្សាក្ នុងសាលាបឋមសិក្សាអាញ្ញាសេះ និងសាលាបឋមសិក្សាពាម ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
    ថ្លែងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ឧបទូតស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក កាវ៉ាមូរ៉ា ហ៊ីរ៉ុស៊ី បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២នេះថា ជំនួយឧបត្ថម្ភដែលផ្តល់ជូនអង្គការជីវិតថ្លៃថ្នូរនាថ្ងៃនេះ គឺដើម្បីសាងសង់អគារសិក្សាថ្មី២ខ្នង ធ្វើអំពីបេតុងដែលមួយខ្នងមាន៤បន្ទប់ និងមួយខ្នងទៀតមាន៥បន្ទប់ រួមទាំងការកែលម្អបរិក្ខារអនាម័យនៅក្នុងសាលាទំាងពីរនោះផងដែរ។ លើសពីនេះ មន្រ្តីស្ថានទូតជាន់ខ្ពស់រូបនេះ បានចាត់ទុកថា ការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត។
    លោក កាវ៉ាមូរ៉ា ហ៊ីរ៉ុស៊ី បានលើកឡើងថា “បញ្ហាមួយដែលខ្ញុំបានឮនោះ គឺថាក្មួយៗសិស្សានុសិស្សនៃសាលាទាំងពីរមានការលំបាក ក្នុងការសិក្សានៅក្នុងថ្នាក់នៃអគារសិក្សាដែលធ្វើអំពីឈើ និងចាស់ទ្រុឌទ្រោម ហើយតាមរយៈគម្រោងនេះ កុមារា កុមារី ប្រមាណ៤០០នាក់ ដែលនៅតំបន់ដាច់ស្រយាល នឹងអាចសិក្សានៅក្នុងបរិស្ថានអប់រំកាន់តែប្រសើរ”។
    នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ លោក សាម អ៊ីន មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា អង្គការរបស់លោក មិនត្រឹមតែធ្វើការជាមួយសហគមន៍ជនបទ ជាពិសេសមាតាបិតា ដោយបំផុស និងជំរុញពួកគាត់ឱ្យបញ្ជូនកូនទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការសហគមន៍ និងសិទ្ធិផងដែរ។
    លោក សាម អ៊ីន បានលើកឡើងថា “ការវិនិយោគទៅលើការអប់រំ គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងយូរអង្វែងមួយ ហើយការវិនិយោគនេះ នឹងនាំទៅរកការបណ្តុះធនធានមនុស្សយ៉ាងសំខាន់ដល់ ប្រទេសកម្ពុជា និងផ្តល់សេចក្តីសង្ឃឹមដល់ការរីកចម្រើន ប្រកបដោយចិរភាព ទៅដល់មនុស្សជំនាន់ក្រោយនៃប្រទេសនេះ”។
    កម្មវិធីគម្រោងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ ដើម្បីគាំទ្រសកម្មភាពរបស់អង្គការទាំងនេះក្នុងកិច្ចខិតប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ លើសពីនេះ ចាប់តាំងពីឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៤៧លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន៤៦០ នៅទូទាំងប្រទេសកម្ពុជា៕ ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.