ស្លាប់ ៥៩ នាក់ និងអ្នករងគ្រោះ ៣១៨ នាក់ ដោយសារ ពុលស្រាស នៅកម្ពុជា


ភ្នំពេញ ៖ ប្រធាននាយកដ្ឋាន ជំងឺឆ្លង នៃក្រសួងសុខាភិបាល បានថ្លែងអះអាងថា បើគិតចាប់ពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១០ រហូតដល់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១២ មានករណីពុលស្រាស ចំនួន ៩ លើក ក្នុងនោះ មានអ្នកស្លាប់ ដោយសារ ការពុលស្រាស នេះចំនួន ៥៩ នាក់ និងរងគ្រោះថ្នាក់ ចូលសម្រាកក្នុងមន្ទីពេទ្យ ចំនួន ៣១៨ នាក់ ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋាន ជំងឺឆ្លង នៃក្រសួងសុខាភិបាល បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ថា ករណីពុលស្រាស បានកើតមានឡើង ចំនួន ៩ ករណី ក្នុងនោះចំនួនតួលេខ អ្នកស្លាប់ដោយការ ពុលស្រាសនេះ មាន ៥៩ នាក់ ដោយមានបុរស ៣១ នាក់ និងស្រ្តីចំនួន១៨នាក់ ហើយអ្នករងគ្រោះមានចំនួន ៣១៨ នាក់ ក្នុងនោះ បុរសមាន ២៧៦នាក់ និងស្រ្តីមានចំនួន ៤៣ នាក់ ហើយខេត្ត ដែលមានប្រជាពលរដ្ឋ ពុលស្រាស មានដូចជា ខេត្តពោធិសាត់ ព្រៃវែង ក្រចេះ សៀមរាប កំពង់ចាម ព្រះសីហនុ និងនៅរាជធានីភ្នំពេញ ។
លោកបន្តថា “ចំពោះការព្យាបាល អ្នកជំងឺនោះ ក្រុមគ្រូពេទ្យ បានព្យាបាល ទៅតាមអាការៈ របស់អ្នកជំងឺ ដោយយើងកែជាតិអាពីដូ ដែល មាននៅក្នុងខ្លួន ជនរងគ្រោះ ហើយការព្យាបាលមួយ ទៀតនោះ គឺការលាងឈាម ។ ដោយឡែក វិធីនៃការការពារវិញនោះ គឺធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋ ពិសារស្រាណា ដែលគ្មានការចុះបញ្ជីការ ត្រឹមត្រូវ និងការត្រួតពិនិត្យនោះ” ។
លោកវេជ្ជបណ្ឌិត សុខ ទូច បានលើកឡើងថា បញ្ហាទប់ស្កាត់ការពិសារ ស្រាស  របស់ប្រជាពលរដ្ឋនេះ គឺជាការងារពហុវិស័យ ដោយទាម ទារឲ្យក្រសួង ដែលជាប់ពាក់ព័ន្ធមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារការពុលស្រាស ឲ្យមានប្រសិទ្ធ ភាព និងទូលំទូលាយ ដោយមន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយ នៅតាមបណ្តាខេត្តទូទាំងប្រទេស ឲ្យប្រជាពល រដ្ឋបានយល់ដឹង កាន់តែច្រើន ចំពោះគ្រោះថ្នាក់ នៃការពុលស្រាស ។
កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ គួរកាត់បន្ថយ ការ ពិសារស្រា ជាពិសេសនោះ  គឺស្រាស ព្រោះវា បានធ្វើឲ្យមនុស្សជាច្រើនរយនាក់ ពុល ស្លាប់ខ្លួន និងមានខ្លះទៀត បានរងគ្រោះ ដោយសារ តែការពុលស្រាសនេះ  រហូតដល់ពិការភ្នែកអស់មួយជីវិត ហើយមានមួយចំនួនទៀត បានបង្កភាពអសន្តិសុខ ដល់សង្គមជាតិ ដោយការប្រើ ប្រាស់អំពើហិង្សាក្នុងគ្រួសារ ឬក៏មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាដើម ។
លោកបន្តថា ”ខ្ញុំគិតថា ប្រសិនជាពួកគាត់ មិនអាចបញ្ឈប់ការពិសារស្រា បានទាំងស្រុងទេនោះ គួរតែកាត់បន្ថយម្តងបន្តិចៗ ដើម្បីរក្សានូវ អាយុជីវិតរបស់ខ្លួនផ្ទាល់ ព្រោះការពិសារស្រានេះ វាមិនបាននាំមកនូវផលប្រយោជន៍អ្វីបន្តិចសោះ ដល់សុខភាពរបស់មនុស្ស”។
សូមជម្រាបថា នាពេលកន្លងទៅនេះ មានប្រជាពលរដ្ឋ ជាច្រើនរយនាក់ បានពុលស្រាស រហូតដល់បាត់បង់ជីវិត និងមានអ្នកខ្លះទៀត បាន រងរបួសរហូតចូល សម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យក៏មានដែរ ហើយស្ទើរតែគ្មានជីវិតរស់នៅទៀតផង ។ ចំពោះអ្នកផលិតស្រាស ដែល មិនគោរពទៅតាមក្បួនខ្នាត ត្រឹមត្រូវមួយចំនួន ក៏ត្រូវបានក្រុមអាជ្ញាធរ ធ្វើការឃាត់ខ្លួន និងធ្វើសំណុំរឿង បញ្ចូនទៅកាន់តុលាការ និងបាន ផ្អាកការធ្វើអាជីវកម្មផលិតស្រាភ្លាមៗ បន្ទាប់ពីមានប្រជាពលរដ្ឋ បានពុលរហូតដល់ស្លាប់ ៕​ប្រភព



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.