ឃើញយាយ អាយុ ៦០ឆ្នាំ ដេកក្រោម ផ្ទះ ចូលចាប់រំលោភ ត្រូវមួយជើងអុកគូថ

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បាត់ដំបងៈ កម្លាំងអាវុធហត្ថ ស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួន បុរសម្នាក់ ពីបទ ប៉ុនប៉ងរំលោភ សេពសន្ថវៈយាយអាយុ ៦០ ឆ្នាំ កាលពីវេលាម៉ោង ២២ និង ៣០នាទី យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះកើតហេតុ ស្ថិតក្នុងក្រុមទី២ ភូមិក្បាលមូស ឃុំមោង ស្រុកមោងឬស្សី រួចគេចខ្លួនបាត់ ។
    លុះដល់វេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កម្លាំង អ.ហ ស្រុក ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន ខណៈ ជនសង្ស័យ បានធ្វើដំណើរមកផ្ទះវិញ រួច នាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្ត ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ចាត់ការតាមច្បាប់ ។
    លោក ប៉ោ សុងឃាង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកមោង បានឲ្យដឹងថា ជនសង្ស័យត្រូវ កម្លាំង អ.ហ ស្រុក ឃាត់ខ្លួន មានឈ្មោះ ទក ទិញ ហៅ វី ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើ ស្រែ មានប្រពន្ធឈ្មោះ ហ៊ីម ឡាន អាយុ ៣៤ឆ្នាំ មានកូន ៣នាក់ មានទីលំនៅភូមិក្បាលមូស ឃុំមោង ស្រុកមោងឬស្សី ។ ចំណែកជនរង គ្រោះ ឈ្មោះ ឆឺយ អ៊ន ហៅ យាយត្រប់ អាយុ ៦០ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នាខាងលើ ។
    តាមសំដីជនរងគ្រោះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុ ម្ចាស់ផ្ទះដែលជាអ្នក ជិតខាងគ្នា បាននាំគ្នាទៅការបងប្អូន នៅខេត្តតាកែវ ដោយពឹងពាក់គាត់ ឲ្យមកដេកចាំផ្ទះឲ្យ ទម្រាំម្ចាស់ត្រឡប់មកវិញ ។ លុះយប់កើតហេតុ វេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ គាត់កំពុងដេកលង់លក់ នៅលើគ្រែ ក្រោមផ្ទះ ស្រាប់តែជនសង្ស័យ បានមក ពីផឹកស្រាស្រវឹង បានដើរចូលមកបើកមុងគាត់ ឡើងចាប់អោបក្រៀក និងយកដៃខ្ទប់មាត់គាត់ ហើយយក ជើងគាបទាញ សារុង សម្រាតចេញ តែត្រូវគាត់បានរើបម្រាស់ យកជើងធាក់ទៅលើ ជនសង្ស័យ ១ជើងអុកគូទ ហើយស្រែកឲ្យគេជួយផងៗ ខណៈនោះអ្នកភូមិដើរមកពីឆ្លុះ កង្កែប ជាច្រើននាក់ឆួលពិល មើលឃើញទើបស្គាល់ និងដឹងថា ជនសង្ស័យខាងលើ ។
    ភ្លាមៗនោះ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ ស្អែកឡើងជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅទី បញ្ជាការ អ.ហ ស្រុក ឲ្យជួយអន្តរាគមន៍ ក្រោយពីបានទទួល ពាក្យបណ្តឹងហើយ កម្លាំង អ.ហស្រុក បានចុះធ្វើការស្រាវជ្រាវ និងចាំឃ្លាំមើល ឈានដល់ធ្វើការឃាត់ខ្លួនបាន ជន សង្ស័យនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈ ជនសង្ស័យ បាន លបចូលផ្ទះ រួចនាំយកមកសាកសួរ ។
    ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាមាន បំណងចង់ចាប់រំលោភ ជនរងគ្រោះពិតប្រាកដមែន ដោយសារតែខ្លួនដឹងថា ជនរងគ្រោះ ស្នាក់ នៅក្រោមផ្ទះម្នាក់ ឯង ក៏ឆ្លៀតឱកាសពេលខ្លួនស្រវឹងស្រាផង ហើយក៏ត្រូវយាយនោះធាក់ ១ ជើង និងស្រែកផ្អើលគេ ខ្លួនភ័យក៏រត់គេចខ្លួនបាត់ទៅ ។ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ខ្លួនត្រឡប់មកផ្ទះវិញ ក៏កម្លាំង អ.ហ ឃាត់ខ្លួនតែម្តង ។
    លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ អាវុធហត្ថខេត្ត បានបញ្ជាក់ថា ករណីប៉ុនប៉ង រំលោភសេពសន្ថវៈ ទោះជាមិនបានសម្រេចក៏ដោយ តែជនសង្ស័យ បានប្រព្រឹត្តអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឲ្យបានឡើយ ។ ក្រោយបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ និងចម្លើយ សារភាពរបស់ជនសង្ស័យហើយ លោកបានបញ្ជាឲ្យលោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕​ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.