បន្ទាយមានជ័យ ៖ បុរសពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ពីបទ ស្លៀកពាក់ឯកសណ្ឋាន និងប្រើប្រាស់ឋានន្ដរស័ក្ដិជា មន្ដ្រីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ខុសច្បាប់ មិនតែប៉ុណ្ណោះ បានប្រើប្រាស់អាវុធ យកទៅគំរាមកំហែង ប្រជាពលរដ្ឋ ដូចជា ដើរផឹកស៊ី មិនឱ្យលុយគេជាដើម ។
ចំណាត់ការ ឃាត់មនុស្ស តាំងខ្លួនជា ឧត្ដមសេនីយ៍យោធា ខាងលើនេះ បានប្រព្រឹត្ដទៅ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ស្ថិតនៅទីរួមខេត្ដបន្ទាយមាន ជ័យតែម្ដង ខណៈមន្ដ្រីកងរាជអាវុធហត្ថ ទទួលព័ត៌មាន និងពាក្យបណ្ដឹង ពីប្រជាពលរដ្ឋថា មនុស្សពីរនាក់ខាងលើនេះ ស្លៀកពាក់ឯកសណ្ឋានយោធា និងពាក់ស័ក្ដិ ជាឧត្ដមសេនីយ៍ទោ និងវរសេនីយ៍ត្រី គួរឱ្យសង្ស័យរួចមក ។ ក្រោយការឃាត់ខ្លួនទើបគេដឹងថា ពួកគេសុទ្ធតែជានាយទាហានក្លែងក្លាយ មិនតែប៉ុណ្ណោះ ប្រើប្រាស់ អាវុធខុសច្បាប់ថែមទៀតផង ។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនខាងលើនេះ រួមមានទី១-ឈ្មោះ សែប ម៉ាន់ឌេ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ស្លៀកពាក់ឯកសណ្ឋានយោធា និងពាក់ស័ក្ដិផ្កាយ២ និងម្នាក់ទៀត ឈ្មោះ ប៊ូ ម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្ដបាត់ដំបង មានមុខរបរ ជាអ្នករត់តាក់ស៊ីផង ជាប្រធានសាខាកាសែត បញ្ចសិលា ប្រចាំខេត្ដបាត់ដំបងផង ហើយក្លែងខ្លួនស្លៀកពាក់ឯកសណ្ឋានកងទ័ពពាក់ស័ក្ដិ ៤ ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច បានដកហូតសម្ភារៈល្មើសច្បាប់ មួយចំនួន ដូចជា កាំភ្លើង អាកាស្វ័យបត់មួយដើម មានលេខ ១៧០៧៧៥៨៨ បង់មួយ កាំភ្លើងខ្លីជ័រ ម៉ាកឡុកចំនួនមួយដើម មួកឧត្ដមសេនីយ៍ចំនួនពីរ មួកវរសេនីយ៍ចំនួនមួយ ខោអាវឧត្ដម សេនីយ៍មួយកំប្លេរ ពណ៌ខ្មៅ ខោអាវវរសេនីយ៍ មួយកំប្លេរ ស័ក្ដិឧត្ដមសេនីយ៍ទោ ចំនួនពីរ រថយន្ដឡង់គ្រីស័រ ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ ៩៨ ចំនួនមួយគ្រឿង ពាក់ស្លាកលេខ 2A3726 រួមទាំងសម្ភារៈមួយចំនួនទៀត ។
ពាក់ព័ន្ធ ទៅនឹងការឃាត់ខ្លួន ខាងលើនេះ មន្ដ្រីកងរាជអាវុធហត្ថ ខេត្ដបន្ទាយមានជ័យ បានចោទប្រកាន់ ជនសង្ស័យខាងលើ ពីបទ ក្លែងឯកសណ្ឋានយោធា និងប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
អ្នកខេត្ដបន្ទាយមានជ័យ ដែលធ្លាប់ស្គាល់ ជនសង្ស័យទាំងពីរនាក់ ខាងលើ បានអះអាងថា កន្លងមក គេមិនបានដឹងថា ពួកគេចូលធ្វើកងទ័ពពីឆ្នាំណា ពេលណាមក នោះទេ ស្រាប់តែមួយរយៈចុងក្រោយនេះ ឃើញពួកគេស្លៀកពាក់ ឯកសណ្ឋានយោធា ពាក់ស័ក្ដិពេញៗស្មា ដើរសង្ហារបង្អួតគេឯង ហើយ ពេលខ្លះចូលផឹកស៊ីនៅតាម ហាងបង្កជម្លោះ រករឿងមិនឱ្យលុយម្ចាស់ហាងក៏មាន ។ ក្នុងនោះ អ្នកខ្លះពេលឃើញពាក់ផ្កាយ២ ជិះសុទ្ធតែរថយន្ដ ឡង់គ្រីស័រយ៉ាងដូច្នេះ មិនហ៊ាន បង្កជម្លោះជាមួយ ម្ចាស់ហាងខ្លះ ពេលពួកគេចូលផឹកស៊ីម៉ាង ក៏មិនហ៊ានទារលុយដែរ តែទីបំផុត គឺសុទ្ធតែស្លៀកពាក់ ឯកសណ្ឋាន ពាក់ស័ក្ដិក្លែងក្លាយ ទាំងអស់ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.