ដើម​អំពិល ត្រៀម​វិធាន​ការ​តប កុល ដាវី

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បន្ទាប់​ពី​សារព័ត៌មាន​ដើមអំពិល​ចុះ​ផ្សាយ​ថា កុល ដាវី មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អាណិកជន​រស់​នៅ​សហរដ្ឋអាមេរិក​ម្នាក់ ហើយ​បាន​បោក​យក​ប្រាក់​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​តាម​រយៈ​ការ​ទិញ​កាដូរ​អនុស្សាវរីយ ដូចជា​ ឡាន ផ្ទះ​វិឡា និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​នោះ កុល ដាវី បាន​​និយាយ​ថា នាង​បាន​សរសេរ​លិខិត​ទៅ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ចំពោះ​ការ​ចុះ​ផ្សាយ​ដែល​នាង​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​នាង និង​គ្រួសារ​ទាំង​មូល​នោះ ។


    បំណង​របស់​នាង គឺ​ចង់​ឲ្យ​​អ្នក​ចេញ​ផ្សាយ ​ចុះផ្សាយ​កែ​តម្រូវ​ឡើង​វិញ​លើ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “លេច​ឭ​ថា​បុរស នៅ​អាមេរិក​លង់ខ្លួន​ចាញ់បោក កុល ដាវី អស់​លុយ​រាប់​ម៉ឺន​ដុល្លារ” ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី០២ ខែ​កុម្ភៈ ឆ្នាំ២០១២ ឡើង​វិញ។
    ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ លោក សយ សុភាព អ្នក​គ្រប់​គ្រង​មួយ​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ជា​ច្រើន​ទៀត​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល និយាយថា រហូត​មក​ទល់​ពេល​នេះ​ខាង​លោក​មិន​ទាន់​ទទួល​បាន​លិខិត​អន្តរាគមន៍​ណាមួយ​ពី​ក្រសួង​ព័ត៌មាន​ ឬ​ពី​តារា​សម្ដែង កុល ដាវី​ នៅ​ឡើយ​ទេ។ លោក​បន្ត​ថា “ខ្ញុំ​នឹង​មាន​វិធានការ​ឆ្លើយតប​ ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​លិខិត​នោះ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​មិន​ទាន់​បាន​ទទួល​លិខិត​ណា​មួយ​​ពី​ពិធីការិនី កុល ដាវី នៅ​ឡើយ​ទេ ហើយ​អត្ថបទ​ដែល​យើង​សរសេរ គឺ​ឈរលើ​គោលការណ៍​វិជ្ជាជីវៈ មាន​ន័យ​ថា​ យើង​បាន​ជួប​ជា​មួយ​នឹង​ប្រភព…គ្រប់​អ្នក​ពាក់ព័ន្ធ ក្នុង​នោះ​មាន កញ្ញា កុល ដាវី ជា​អ្នក​ពាក់ព័ន្ធ​យើង​បាន​ជួប​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ ហើយ​គាត់​បាន​និយាយ​ដូច​ដែល​យើង​បាន​ចុះផ្សាយ​ដូច្នោះ”។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ខាង​លោក​មិន​ទាន់​មាន​វិធាន​ការណ៍​យ៉ាង​ណា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចង់​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ដែរ គឺ​រង​ចាំ​មើល​លិខិត​អន្តរាគមន៍​នោះ​សិន។
    ឆ្លើយតប​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស​រវាង​អ្នក​សារព័ត៌មាន​ និង​តារា​សម្ដែង​ខាង​លើ​នេះ លោក មឿន ឈានណារិទ្ធិ ជា​អ្នក​យក​ព័ត៌មាន​ជើង​ចាស់ និង​បច្ចុប្បន្ន​ជា​នាយក​មជ្ឈមណ្ឌលសម្រាប់​បណ្ដុះ​បណ្ដាល​សារព័ត៌មាន​កម្ពុជា បាន​បក​ស្រាយ​ដោយ​ផ្អែក​លើ​ច្បាប់​ថា ក្នុង​ករណី​បុគ្គល​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​នោះ​ធ្វើ​លិខិត​ទៅ​ក្រសួងព័ត៌មាន​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ចុះ​ផ្សាយ​កែតម្រូវ​ឡើង​វិញ គឺ​ជា​រឿង​មួយ​ដែល​អង្គភាព​នោះ​គួរតែ​ទទួលយក។ ប៉ុន្តែ​ក្នុង​ករណី​ដែល​​គេ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​ ហាក់​ដូច​ជា​មិន​សមាមាត្រ​ទៅ​នឹង​ទំហំ​នៃ​ការ​ខុសឆ្គង​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ។
    លោក​បាន​បន្ត​ថា “ប្រសិន​បើ​យើង​មិន​ចុះ​កែតម្រូវ​ឲ្យ​គេ គឺ​គេ​អាច​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ពេល​ហ្នឹង​យើង​អាច​មាន​ទោស​ព្រហ្មទណ្ឌ(អ្នក​សារព័ត៌មាន) តែ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី បាន​ចែង​ថា​សំណុំ​រឿង​ណាមួយ​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​សារព័ត៌មាន​ គឺ​ត្រូវ​យក​ច្បាប់​សារព័ត៌មាន​មក​ដោះស្រាយ ហើយ​នៅ​ក្នុង​ច្បាប់​សារព័ត៌មាន បាន​ចែង​ថា គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ ឬ​ទទួល​ទោស​ព្រហ្មទណ្ឌ​ឡើយ”។ លោក​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​អាជីព​មាន​តួនាទី​ក្នុង​ការ​ចុះ​ផ្សាយ​កែតម្រូវ​ឲ្យ​គេ​ក្នុង​ករណី​មាន​ការខុសឆ្គង ដោយ​គ្រាន់តែ​ថត​ចម្លង​លិខិត​បដិសេធ ឬ​លិខិត​កែតម្រូវ​ដាក់​លើ​ទំព័រ​សារព័ត៌មាន ហើយ​និពន្ធ​នាយក​អាច​សរសេរ​បញ្ជាក់​បន្ថែម​បន្តិច​ទៅ​លើ​ការ​កែ​តម្រូវ​នោះ។
    ក្នុង​ថ្ងៃ​នេះ កុល ដាវី ពុំ​អាច​ទាក់​ទង​សុំ​អធិប្បាយ​អំពី​ចំណាត់​ការ​បន្ត​បន្ទាប់​បាន​ទេ ចំពោះវិធាន​ការ​មួយ​មិន​ទទួល​បាន​ជោគជ័យ​នោះ។ នៅ​ឡើយ​​ទេ គឺ​ពុំ​ទាន់​ដឹង​ថា ក្រសួង​ព័ត៌មាន​ អាច​ជួយ​អន្តរាគមន៍​តាម​រូប​ភាព​ណា​ខ្លះ​ដល់​នាង៕​ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.