ផលិតកម្ម J-Tone រៃអង្គាសថវិកាបានជិត១០០០ដុល្លារសហរដ្ឋអាមេរិកពីការប្រគំតន្ត្រីឈ្មោះ “តន្ត្រីសប្បុរសធម៌កូនជាទីស្រឡាញ់” នឹងយកទៅទិញសម្ភារៈសិក្សា និងរបស់របរប្រើប្រាស់មួយចំនួននៅថ្ងៃនេះដើម្បីចែកជូន អ្នកជាប់ពន្ធនាគារព្រៃស និងសិស្សានុសិស្សក្រីក្រនៅភូមិបាក់ព្រាខេត្តបាត់ដំបង។
របស់របរប្រើប្រាស់ និងសម្ភារៈសិក្សាជាច្រើនដូចជា មី ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូ ប៊ិច ខ្មៅដៃ និងសៀវភៅ ព្រមទាំងសម្ភារៈសិក្សាផ្សេងៗនឹងត្រូវទិញនៅថ្ងៃនេះដែលមានការចូលរួមទិញដោយលោក ពូ ឃ្លាំង និងក្រុមការងារផលិតកម្មJ-tone។
សកម្មភាពការងារសប្បុរសធម៌សង្គមដែលធ្វើឡើងតាមរយៈការប្រគំតន្ត្រីបែបនេះត្រូវបានមហាជន ជាពិសេសមិត្តយុវវ័យបានការគាំទ្រ និងចូលរួមចំណែកការងារនេះយ៉ាងសស្រាក់សស្រាំ។
យុវតី វណ្ណ វីណា និស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រផ្នែកភាសាអង់គ្លេស បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា “ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលបានចូលរួមកម្មវិធីនេះ ហើយខ្ញុំក៏បានធ្វើការងារស្ម័គ្រចិត្តនៅក្នុងកម្មវិធីនេះដែរ។ ខ្ញុំបានចូលជួយជាថវិកានៅក្នុងកម្មវិធីចំនួន១ម៉ឺនរៀល និងបានជួយដើរកាន់ធុងដើម្បីរ៉ៃអង្គាសថវិកាពីសំណាក់អ្នកចូលរួមទស្សនាទៀតផង។
កញ្ញាចង់ឲ្យមានកម្មវិធីបែបនេះលើកក្រោយទៀត ព្រោះកម្មវិធីនេះធ្វើឡើងដើម្បីរ៉ៃអង្គាសប្រាក់ជួយដល់ស្ត្រីដែលជាប់ពន្ធនាគារនៅព្រៃស និងអាចជួយដល់កុមារដែលខ្វះខាតថវិកាដើម្បីបន្តការសិក្សា និងទិញសម្ភារៈប្រើប្រាស់។ បើមានកម្មវិធីនេះកាន់តែច្រើន នឹងអាចធ្វើឲ្យយុវវ័យងាកមកគាំទ្រតន្ត្រីខ្មែរកាន់តែច្រើន និងអាចរកថវិកាបានពីការសម្ដែងនោះយកទៅជួយឧបត្ថម្ភដល់កុមារកំព្រាទោះបីជាយើងមិនអាចជួយដល់គាត់បានច្រើនលើសលុបក៏ដោយតែនេះក៏អាចជួយដល់គាត់ឲ្យរស់បានសុខសប្បាយ និងមិនខ្វះខាតខ្លាំងដូចពីមុនដែរ។
មិនខុសប៉ុន្មានពីប្អូនស្រីខាងលើ យុវជន ម៉ក់ គិមអេង និស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រ(PUC) បាននិយាយថា សម្រាប់ប្អូនប្រុសផ្ទាល់គិតថា កម្មវិធីនេះល្អ និងជំរុញឲ្យយុវវ័យកាន់តែច្រើនចេះយកចិត្តទុកដាក់ទៅលើស្ត្រីដែលជាប់ពន្ធនាគារ និងកុមារដែលទន់ខ្សោយ ឬខ្វះខាតនូវថវិកាដើម្បីចូលសាលារៀន។ ប្អូនបន្តថា គ្រាន់តែបានឮព័ត៌មានដែលបានផ្សព្វផ្សាយភ្លាមប្អូនក៏ចង់ចូលរួមទស្សនាភ្លាម ហើយនេះគឺលើកទីមួយដែលប្អូនបានចូលរួម និងចូលថវិការជួយកុមារតូចៗតាមរយៈនេះ។
ប្អូនគិតថា កុមារទាំងអស់នោះកំពុងតែរង់ចាំយើងទាំងអស់គ្នាជួយដល់គាត់ហើយយើងអាចជួយបានតិចឫច្រើននេះក៏ជាទឹកចិត្តរបស់យើងគ្រាប់ៗគ្នា។ ប្អូនមានសារដើម្បីជួយលើកទឹកចិត្តដល់កុមារទាំងអស់នៅក្នុងកម្មវិធីដែរថា “កុមារកំព្រាដែលគ្មានឪពុកម្ដាយទាំងអស់សូមកុំទាន់បាក់ទឹកចិត្ត ព្រោះនៅមានប្រជាជនខ្មែរយើង និងអង្គការចាំជួយដល់ប្អូនៗដែលមានការលំបាកជានិច្ច”។
អ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម J-Tone លោក ប៊ុត ជំនិត បានឲ្យដឹងថា កម្មវិធីប្រគំតន្ត្រី “សប្បុរសធម៌កូនជាទីស្រឡាញ់” បានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍ទី១១ កុម្ភៈ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ(PUC)។ ហើយមានការចូលរួម និងគាំទ្រពីសំណាក់សិស្ស និស្សិត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.