តារាចម្រៀងទើបរះក្នុងផលិតកម្ម រ៉ក់ កញ្ញា សេន យូរី ចង់បង្ហាញពីជំហររបស់ខ្លួនដែលជាតារាចម្រៀងថ្មីដោយចង់មានបទចម្រៀងច្រៀងផ្ទាល់ខ្លួនមិនចំលងពីបរទេស និងអ្នកដទៃ។
យូរី ទើបបោះជំហានចូលក្នុងវិស័យសិល្បៈចុងឆ្នាំ២០១១នេះតែប៉ុណ្ណោះ ដោយនាងបានប្រឡងជាប់ជាតារាចម្រៀងក្នុងផលិតកម្ម រ៉ក់។ នាងសប្បាយចិត្តនៅពេលបានក្លាយទៅជាតារាចម្រៀងក្នុងផលិតកម្មល្បីមួយក្នុងប្រទេសកម្ពុជា។ យូរី លើកឡើងថា គោលបំណងរបស់ខ្លួននៅពេលនេះបានសម្រេចដូចបំណងហើយ។ ទៅថ្ងៃខាងមុខនាងរំពឹងថា នឹងអាចក្លាយទៅជាតារាចម្រៀងល្បីមួយរូបក្នុងពិភពសិល្បៈ។
តារាវ័យ១៧ឆ្នាំរូបនេះ បានបន្តទៀតថា រ៉ក់ជាផលិតកម្មមួយក្នុងក្ដីស្រមៃរបស់នាង ដោយសារផលិតកម្មមួយនេះមិនចំលងស្នាដៃពីគេ បង្កើតអ្វីថ្មី ត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
“ខ្ញុំមានមិត្តភ័ក្ដិនៅថៃច្រើនគេតែងលើកឡើងថាខ្មែរយើងមិនខិតខំបង្កើតអ្វីដោយខ្លួនទេ ចាំតែចំលងពីគេ។ ដូច្នេះហើយខ្ញុំមិនចង់ឲ្យគេថាឲ្យទេពេលខ្ញុំក្លាយទៅជាអ្នកចម្រៀង ខ្ញុំចង់ច្រៀងបទចម្រៀងដែលបង្កើតឡើងដោយស្នាដៃខ្មែរពិតៗ ដើម្បីបង្ហាញថា ខ្មែរពិតជាអាចធ្វើទៅបានមិនដូចអ្វីគេនិយាយឡើយ”។
កញ្ញា សេន យូរី ត្រៀមនឹងចេញលក់អាល់ប៊ុមរបស់នាងជាលើកដំបូងក្នុងពេលដ៏ខ្លីខាងមុខក្នុងផលិតកម្ម អាល់ប៊ុម ១២១ ជាមួយតារាចម្រៀងល្បីលោក ខាន់ ជេមន៍ និងតារាចម្រៀងដទៃទៀត។
ទាក់ទងទៅនឹងការទទួលបានការគាំទ្រពីទស្សនិកជនកម្រិតណាក្នុងពេលបោះជំហានចូលវិស័យសិល្បៈ ស្របពេលដែលមានតារាចម្រៀងជាច្រើនក្នុងប្រទេសកម្ពុជា ហើយសុទ្ធតែជាអ្នកល្បីៗ តារាកូនកាត់ខ្មែរ-ថៃរូបនេះបានបញ្ជាក់ថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងការច្រៀង រាំ និងស្ទិលផ្សេងៗទៀត។ ខ្ញុំហាត់សំឡេងជារៀងរាល់ថ្ងៃទាំងនៅក្រុមហ៊ុន និងនៅផ្ទះ។ ចំពោះការលេងស្ទិលវិញ ខ្ញុំនឹងធ្វើអ្វីឲ្យប្លែកពីតារាដទៃ ដោយមិនចំលងពីគេទេ ហើយការរាំវិញខ្ញុំមានជំនាញស្រាប់ អត់ខ្វល់ទេ”។
សេន យូរី បានប្រឡងជាប់លេខ១ ក្នុងផលិតកម្មរ៉ក់ កាលពីចុងឆ្នាំ ២០១១។ បច្ចុប្បន្ននាងកំពុងបន្តការសិក្សាឆ្នាំទី១ នៅសាលាឯកជនមួយកន្លែង។ យូរី ជាកូនកាត់ខ្មែរ-ថៃ ដោយឪពុកជាខ្មែរ និងម្ដាយជាជនជាតិថៃ ហើយមកទល់នឹងពេលនេះនាងទើបមានអាយុ១៧ ឆ្នាំតែប៉ុណ្ណោះ។ យូរី មិនត្រឹមតែនិយាយខ្មែរបានល្អទេ ថែមទាំងអាចនិយាយភាសាថៃបានល្អទៀតផង។
កន្លងទៅមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ទទូចឲ្យបណ្ដាផលិតកម្មចម្រៀងផលិតបទចម្រៀងខ្លួនឯងមានលក្ខណៈជាខ្មែរឲ្យបានច្រើន តែខាងអ្នកផលិតវិញលើកឡើងឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រសួងវប្បធម៌គិតគូរអំពីករណីអាជីវករចម្លងស៊ីឌីចម្រៀងរបស់ពួកគេលក់លើទីផ្សារ៕
រូបថត៖ Rock Production
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.