ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់បានបោកយកម៉ូតូគេ ពីខេត្តបាត់ដំបង មកសម្ងំលាក់ខ្លួន នៅក្នុងខេត្តពោធិ៍សាត់ បានកន្លះខែត្រូវកម្លាំងនគរបាលប៉ុស្តិ៍រលាប ក្រុងពោធិ៍សាត់ ឃាត់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១២នេះ។
នាយប៉ុស្តិ៍នគរបាលរលាបលោកអនុសេនីយ៍ទោ ឡែន គឹមឈៀង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឺន ជាតិ អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកម៉ោងឬស្សី បានឆបោកម៉ូតូអ្នកស្រុករស់ក្នុងភូមិជាមួយគ្នា ហើយមកសម្ងំលាក់ខ្លួន នៅក្នុងខេត្តពោធិ៍សាត់។
លោក ឡែន គឹមឈៀង បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំង នគរបាលខេត្តបាត់ដំបង ពីករណីឆបោកខាងលើនេះ កម្លាំងនគរបាលរបស់ លោកបានធ្វើការស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខណៈដែលរូបគេកំពុងសម្ងំលាក់ខ្លួន នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
នៅចំពោះមុខកម្លាំងនគរបាលប៉ុស្តិ៍រលាប ជនសង្ស័យ ជឹន ជាតិ បានសារភាពថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ រូបគេបានខ្ចីម៉ូតូអ្នកភូមិមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-7658 ហើយបានជិះយក ទៅប្តូរជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត ម៉ាកអ៊ែប្លែក ពណ៌ខ្មៅ គ្មានពន្ធ ហើយម្ចាស់ម៉ូតូអ៊ែរប្លែកបានថែមលុយឲ្យរូបគេចំនួន ៣០០ដុល្លារថែមទៀតផង។
ជនសង្ស័យរូបនេះ បានបន្តថា ក្រោយពីប្តូម៉ូតូរួចហើយ រូបគេបានជិះមកសម្ងំលាក់ខ្លួន នៅក្នុងខេត្តពោធិ៍សាត់ បាន៦យប់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។
លោកអនុសេនីយ៍ទោ ឡែន គឹមឈៀង បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានចម្លើយសារភាព ជនសង្ស័យរូបនេះ នឹងត្រូវកសាងសំណុំរឿង បញ្ជូនឲ្យសមត្ថកិច្ចខេត្តបាត់ដំបងចាត់ការបន្ត នៅថ្ងៃនេះផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.