សាលា រាជធានីភ្នំពេញ ហាមឃាត់ មិនឲ្យដុតផាវ និងគ្រឿងផ្ទុះ គ្រប់ប្រភេទ ពេលចូលឆ្នាំចិន

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំចិនវៀតណាម នឹងឈានចូលមកដល់ ទើបសាលារាជធានីភ្នំពេញ ហាមឃាត់ ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ អង្គការ សមាគម បណ្តាក្រុមហ៊ុន និងសាធារណៈផ្សេងៗ មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងមិនឲ្យលេងល្បែងស៊ីសង ក្នុងឱកាសនេះ ។
    គេហទំព័ររបស់ សាលារាជធានីបានឲ្យដឹងថា ដើម្បីរក្សា និងធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមករានោះ សាលារាជធានីភ្នំពេញមិនឲ្យមានការដុតផាវ មិនឲ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង រាល់ការដង្ហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
    នៅគ្រប់ទីកន្លែងកំសាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការដុតទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ កើតមានឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាត មិនឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
    ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការម៉ឹងម៉ាត់ កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រករាជធានីភ្នំពេញ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធិនភូមិភាគពិសេស ត្រូវចេញបញ្ជាឲ្យម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន វៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារទាំងនេះឲ្យបានទូលំទូលាយ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.