វិធីសាស្រ្តធ្វើឲ្យទារកតូចគេងលក់ពេញមួយយប់

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅពេល​ក្លាយជា​ម្តាយ​ឪពុក​ក្មេង​ជា​លើកដំបូង​ អ្នក​ប្រហែលជា​យល់ថា​ ខ្លួនអ្នក​ដូចជា​តក់ ស្លុត​ និងស្មុគស្មាញ​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​​ចង់​ផ្តល់ជា​គំនិត​យោបល់ ​និង​រាល់​ប្រភព​ព័ត៌មាន​នានា​ជាពុំខាន ។

    អ្នក​នឹង​ជួបប្រទះ​នូវ​ព័ត៌មាន​ដ៏ចំរូង​ចំរាស​ជាច្រើន​អំពី​ការធ្វើ​យ៉ាងណា​ទើប​ក្លាយជា​ម្តាយ​ឪពុក​ក្មេង​ដ៏ល្អ​បាន ​ជាពិសេស​នៅពេល​ក្មេង​យំ​ជាទំលាប់​​មិន​ឈប់​នោះ ។ ​ទោះជា​យ៉ាងណា​ ដំណោះស្រាយ​ធ្វើឲ្យ​ទារក​គេង​ពេញ​មួយ​យប់​មិនមែន​ ជារឿង​ដ៏​ពិបាក​ធ្វើ​ ប៉ុន្តែ​វា​ក៏​មិនមែន​ងាយស្រួល​ដូចដែល​អ្នក​ចង់បាន​​ងាយៗ​នោះ​ដែរ ។ ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ និង​ដំណោះស្រាយ​មួយ​ចំនួន​សម្រាប់​អ្នក ។

    ១.​សូម​ចាំថា​ទារក​មិនមាន​សមត្ថភាព​ខាងរាងកាយ​ក្នុងការ​គេង​ពេញ​មួយ​យប់​បាន ​នោះទេ​ ។ ​ទារក​ទើបតែ​នឹង​កើត​មានតម្រូវការ​ផ្នែក​សេរីរាង្គកាយ​ត្រូវ​បៅ​ទឹកដោះ​​រៀងរាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង ។ ​ការ​ចង់​ធ្វើឲ្យ​ទារក​តូច​​គេង​លក់​ពេញ​មួយយប់​ទៅបាន​អាច​បង្កជា​បញ្ហា​ គ្រោះ​ថ្នាក់​​ដល់​សុខភាព​ទារក​ ។ ​ទារក​ទើបនឹង​កើត​ត្រូវការ​បៅ​ឲ្យ​បាន​ញឹកញាប់​គឺ​រយៈពេល​រៀងរាល់​២ម៉ោង​ម្តង​ជានិច្ច ។ ​កាលណា​ទារក​មាន​អាយុ​ពី​៣​ទៅ​៤​ខែ​ទើបសុខភាព​ទារក​អាច​រឹងមាំ​បានល្អ​​ ដូចនេះ​ទារក​នោះ​អាច​គេង​លក់​ពេញ​មួយយប់​បាន ។

    ២.​មាន​វេជ្ជបណ្ឌិត​ជាច្រើន​នាក់​សន្មត់ថា​ទារក​អាយុ​៤​ខែ​ជា​វ័យ​ដែល​ទារក​អាច​គេង​ពេញ​មួយយប់​ដោយ​មិនចាំបាច់​បៅ​ឬក៏​ញ៉ាំ​អ្វី​ ។ ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ​អ្នក​មិនបាន​គេង​លក់ស្កប់​ទេ​នោះ ​សូម​កំណត់ខ្លួនឯង​ដោយ​ចូល​គេង​នៅពេលណា​ទារក​តូច​​គេង​ដែរ​ ហើយ​​សូម​កុំ​ព្យាយាម​​ធ្វើឲ្យ​ទារក​គេង​ពេញ​មួយយប់​តាមតែ​ការងោកងុយ​របស់​អ្នក​នោះ​ឲ្យសោះ ។

    ៣.​សូម​បំបៅ​ទារក​ភ្លាមៗ​មុនពេល​ដែល​អ្នក​ចង់ឲ្យ​វា​គេង​ ។ យកល្អ​គឺធ្វើឡើង​​មុនពេល​អ្នក​ចូលគេង​នាពេល​យប់ ។ ​ក៏ប៉ុន្តែ​ គ្រូពេទ្យ​ជំនាញ​មួយចំនួន​បាន​ផ្តល់​ដំបូន្មាន​ជំទាស់​ទៅនឹង​ ប្រការ​នេះ​ដោយសារតែ​ពូកគេ​យល់ថា​ ទារក​របស់អ្នក​នឹង​មាន​ទំលាប់​ពឹងផ្អែក​​តែទៅលើ​អាហារ​ដើម្បី​ធ្វើឲ្យ​ខ្លួនគេ​គេង​  ។ ​ប៉ុន្តែ​តាមរយៈ​ជីវសាស្រ្ត​បានឲ្យ​ដឹងថា ​ទារក​ទាំងឡាយ​នឹង​ចូលគេង​​បន្ទាប់ពី​ពួកគេ​ញ៉ាំ​ឆ្អែត​ ដូចនេះ​វា​ប្រសើរជាង​ពួកយើង​នាំគ្នា​ប្រឆាំងនឹង ​លក្ខណៈ​​ពិត​ពី​ធម្មជាតិ​បែប​នេះ ។

    ៤.​សូម​ព្យាយាម​ជ្រើសរើស​នូវ​ពេលវេលា​គេង​ណាមួយ​ឲ្យបាន​ត្រឹមត្រូវ​សម្រាប់​ទារក​របស់​អ្នក ។ ​ដើម្បីឲ្យ​ទារក​តូច​​ឆាប់​គេង​នាពេល​យប់​ សូម​រៀបចំ​រក​កន្លែង​ឲ្យ​គេ​​គេង​មុនពេល​គេ​ងងុយគេង​ខ្លាំង​ ។ ​ទារក​ដែល​ហត់នឿយ​ខ្លាំង​ជ្រុល​នឹង​​ពិបាក​រក​ពេលវេលា​ណាមួយ​ដើម្បី​គេង​​ឲ្យបាន​ច្បាស់លាស់​ណាស់​ ហើយ​គេង​ទ្រមក់​ជាង​ទារក​ដែល​អ្នក​បាន​រៀបចំ​កន្លែង ​ឲ្យវា​គេង​មុនពេល​វា​ងងុយ​ ។

    ៥.​សូម​ប្រុងប្រយ័ត្ន​មុនពេលដែល​លើកបី​ទារក​របស់​អ្នក​នៅពេលដែល​គេ​ភ្ញាក់​​ដឹងខ្លួន​នៅ​ពេល​យប់ ។ ​ប្រសិនបើ​គេ​ពិតជា​ស្រែកយំ​ដោយ​ភាពឈឺចាប់​នោះ​ សូម​លើកបី​គេ​ឡើង និង​សូម​​លួង​គេ​ភ្លាមៗ ។ ​ធ្វើ​បែប​នេះ​ ទារក​តូច​នឹង​មាន​អារម្មណ៍​កាន់តែ​ស្ងប់​ឡើង​ដោយ​ហេតុតែ​គេ​​យល់ថា​ តម្រូវការ​របស់​គេ​មាន​អ្នក​ជួយ​ឈឺឆ្អាល​មិនមែន​មិនដឹង​មិនឮ​នោះ​ទេ ។ ​សូម​ព្យាយាម​ស្វែងយល់​ដោយខ្លួន​អ្នកផ្ទាល់​ថាតើ​ភាព​ខុសគ្នា​រវាង​​តម្រូវការ​របស់​ទារក​ពីការ​ថ្នាក់ថ្មម​របស់​ម្តាយ​ឪពុក​ចំពោះ​គេ​ និង​ការយំ​​ធម្មតា​របស់​ទារក​ខុសគ្នា​បែបណា​ ។ ​មាន​ទារក​ខ្លះ​មាន​អាការ​​ដូចជា​ក្រញេក្រញូវ​នៅពេល​គេ​ចង់​គេង​ប្រសិនណា​អ្នក​លើកបី​គេ​នោះ​ គេ​នឹង​ភ្ញាក់​វិញ​ជាពុំខាន​ ។ ​តែ​ប្រសិនណា​ អ្នក​រង់ចាំ​មើល​រយៈពេល​២​ទៅ​៣​នាទី​ក្រោយមក​នោះ​ ប្រហែលជា​គេ​នឹង​គេងលក់​ដោយ​ខ្លួនឯង​វិញ​ជាក់ជា​ពុំខាន ។

    ៦.​សូម​រក្សា​ និង​បង្ក​នូវ​លក្ខណៈ​អំណោយផល​ល្អៗ​ចំពោះ​ការ​គេង​របស់​ទារក ។ ​ដូចជា​អ្នក​អាច​ធ្វើឲ្យ​ទារក​គេង​បាន​យ៉ាងងាយ​ប្រសិនបើ​គេ​ស្ថិតនៅ​ក្នុង​​បន្ទប់គេង​មិន​សូវ​ចាំង​ពន្លឺ និង​ទារក​គេង​មាន​ខ្នើយ​ព្រម​ជាមួយ​​ក្រណាត់​រុំ​ទន់ៗ​ ។ ​រីឯ​សំលេង​ស្រាលៗ​តិចៗ​ដូចជា​សំលេង​វិល​របស់​កង្ហា ​និង​សំលេង​ទូទៅ​​នៅក្នុង​បន្ទប់​​ក៏​ជា​កត្តា​ចំបាច់​មួយ​សម្រាប់​ការគេង​របស់​ទារក​​ផងដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.