តំលៃ​ប្រេង​សាំង នៅ​តែ​ជា​ចំណុច​រសើប

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ប៉ុន្មាន​ថ្ងៃ​​នេះ​​ យុវជន​ និង​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​​​ថា​ តម្លៃ​ប្រេង​សាំង​ហាក់​ដូចជា​ហក់​ឡើង​បន្តិច​ម្ដង​ៗ​ នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ធំ​ៗ ​ដែល​ជា​កត្តា​នាំ​ឲ្យ​មាន​ការ​កើន​ឡើងចំពោះ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​​​ពួក​គេ។
    “​តម្លៃ​សាំង​គួរ​តែ​ នៅ​ត្រឹម​តម្លៃ​ជាង​៤០០០​រៀល​បាន​ហើយ​”។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ឡយ រ៉គី និស្សិត​ឆ្នាំ​ទី​១​ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​ជា​និស្សិត​ ​នៃ សាកលវិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ កញ្ញា ​បាន​ឲ្យ​ដឹង​បន្ត​ថា ​សម្រាប់​កញ្ញា​​ ម្ដាយ​ឲ្យ​ចាយ​ក្នុង​១​ថ្ងៃ ​តែ​១៥០០០​រៀល ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ចាក់​សាំង​២​លីត្រ​ក្នុង​១​ថ្ងៃ​ ដូច្នេះ​គ្រាន់​តែ​ចាក់​សាំង​ កញ្ញា ​បាន​ចំណាយ​​ប្រហែល​ជាង ​​១១០០០រៀល​ ទៅ​ហើយ​ ​ដែល​នៅ​សល់​​តិច​តួច​សម្រាប់​ញ៉ាំ​​​​ប៉ុណ្ណោះ។
    មូលហេតុ​ដែល​កញ្ញា​ចង់​ឲ្យ​តម្លៃ​ចុះ​ទាប​បែប​នេះ​ កញ្ញា​បាន​លើក​ឡើង​ថា កាល​ណា​ប្រេង​សាំង​ឡើង​ថ្លៃ​​នឹង​នាំ​ឲ្យ​​ថ្លៃ​ទំនិញ​គ្រប់​មុខ​ក៏​ឡើង​ថ្លៃ​ដែរ។​ ឧទាហរណ៍​ថា​ កសិករ​ដាំ​បាន​កសិផល​ ហើយ​​​ត្រូវ​ការ​ដឹក​ជញ្ជូន ដូច្នេះ​កសិផល​ទាំង​នោះ​ត្រូវ​កើន​ឡើង​តាម​តម្លៃ​ប្រេង​​​នោះ​ដែរ​។
    ស្រដៀង​នឹង​កញ្ញា​ខាង​លើ​​ យុវជន​ ហ៊ាន សិលា​ រស់​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ​ និង​បច្ចុប្បន្ន​ជា​បុគ្គលិក​ នៅ​សណ្ឋាគារ​ ណាហ្គាវើល បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ចង់​ឲ្យ​ប្រេង​មាន​តម្លៃ​ថោក​ក្នុង​ចន្លោះ​​ពី​ ៤០០០​រៀល ដល់ ​៥០០០​រៀល​ទើប​សម​រម្យ​។ សម្រាប់​ប្អូន​ផ្ទាល់ ​ចាក់​សាំង​​ក្នុង​មួយ​ថ្ងៃ​ ​១​លីត្រ​ចំណាយ​អស់​ជាង​៥០០០​រៀល​។
    យុវជន​ម្នាក់​នេះ​បាន​បន្ត​ថា​ ស្ថានីយ​ប្រេង​សាំង​មាន​ច្រើន​តែ​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​បើសិនជា​​តម្លៃ​ប្រេង​នៅ​តែ​ឡើង​បន្ត​​ទៀត​នោះ​ ​រូប​គេ​ក៏​នៅ​តែ​ចាក់​ដែរ​ តែ​ត្រូវ​បន្ថយ​ការ​ធ្វើ​ដំណើរ​​វិញ។​ សិលា ​បាន​និយាយ​ដូច្នេះ​ថា​ “ឡើង​ទៀត​ ចាក់​តិច​ បន្ថយ​ជិះ​”។
    សម្រាប់​លោក​ ព្រហ្ម សំណាង អាយុ៥៨ ឆ្នាំ មាន​កូន​៦​នាក់​ក្នុង​បន្ទុក​ មាន​មុខរបរ​​រត់​ម៉ូតូ​កង់​បី​ កំពុង​ចាក់​សាំង​ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់តិច ​ ផ្លូវ​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​ចាក់​សាំង​អស់​៣​លីត្រ ​ដែល​​ត្រូវ​ចំណាយ​ជិត​២​ម៉ឺន​រៀល​។
    លោក​បាន​ត្អូញត្អែរ​ថា​ “ការ​រត់​ម៉ូតូ​កង់​បី​សព្វ​ថ្ងៃ​នេះ​ លំបាក​ណាស់​សាំង​ថ្លៃ​ហើយ អ្នក​ជិះ​តថ្លៃ​ស្វិតស្វាញ​ទៀត​ផង​ មិន​សូវ​ចំណេញ​ទេ ដូច្នេះ​ចង់​ឲ្យ​តម្លៃ​ប្រេង​សាំង​ចុះ​ថោក​ជាង​នេះ​ គឺ​ត្រឹម​​តែ​ ៤០០០​រៀល​បាន​ហើយ​”។
    មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ប្រេង​ លោក​បណ្ឌិត ​កង ច័ន្ទតារារ័ត្ន អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​​បាន​ឲ្យ​ដឹង​ថា ប្រទេស​យើង​ជា​ប្រទេស​នាំ​ចូល​ប្រេង​ ដូច្នេះ​បើសិនជា​ប្រទេស​អ្នក​ផលិត​ប្រេង​គេ​ឡើង គឺ​យើង​ត្រូវ​តែ​ឡើង​តាម​គេ​ដែរ។​ សម្រាប់​ពេល​ថ្មី​ៗ​នេះ បើ​តាម​ការ​សង្កេត​របស់​លោក នៅ​ទីផ្សារ​​អន្តរជាតិ​ ដូចជា​មិន​មាន​ការ​ឡើង​ថ្លៃ​ទេ ដូច្នេះ​បើ​គេ​មិន​ឡើង​ផង​ ក្នុង​ស្រុក​ឡើង​ លោក​ក៏​មិន​ដឹង​ថា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​​នោះ​ទេ។ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ប្រេង​ខ្លាំង​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ លោក កង ​ច័ន្ទ​តារារ័ត្ន បាន​បន្ថែម​ថា រដ្ឋាភិបាល​អាច​អញ្ជើញ​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ទាំង​អស់​នោះ ​មក​ជជែក​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​ ត្រូវ​យក​ប៉ុន្មាន​សម្រាប់​ចំណេញ​ដើម្បី​ជៀសវាង​ការ​ឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​ ព្រោះ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភទុន នា​ពេល​កន្លង​មក​ដែរ​ ដើម្បី​ទប់​ស្ថេរ​ភាព​នៃ​តម្លៃ​ប្រេងសាំង​ ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ និង​កំណត់​​លើ​បញ្ហា​នេះ។
    ចំណែក​ឯ​បណ្ដា​ក្រុមហ៊ុន​ចែកចាយ​សាំង​មួយ​ចំនួន​ Sabay ​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​​​បាន​ទេ​ក្នុង​ថ្ងៃ​នេះ។ ហាង​ឆេង​សាំង​តាម​ស្ថានីយ​មួយ​​ចំនួន​ ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី ​២៦​ ខែ​មករា​ ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ​​ មាន​តម្លៃ​ប្រដំប្រសងគ្នា ពោលគឺ ក្រុមហ៊ុន​កាលតិច​ ​សាំង​ធម្មតា​តម្លៃ​ ​៥៤០០​រៀល​ និង​សាំង​សូពែរ​ ៥៧០០​រៀល។ ក្រុមហ៊ុន​ តូតាល់ សាំង​ធម្មតា​មាន​តម្លៃ​ ៥៤០០​រៀល និង​សាំង​សូពែ​រ ៥៧០០​រៀល ។ ក្រុមហ៊ុន សូគីម៉ិច ​និង​ ក្រុមហ៊ុន តេលា សាំង​ធម្មតា​តម្លៃ ៥២៥០រៀល និង​សាំង​សូពែ​ ៥៥៥០​រៀល។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ  ​តម្លៃ​​សាំង​ធម្មតា​ ​នៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ផ្សេងៗ​​ ​មាន​តម្លៃ​​​ត្រឹម​តែ​ ៥១០០​ ​រៀល​ប៉ុណ្ណោះ ​ចំណែក​សាំង​សូពែរ​វិញ​ តម្លៃ​ប្រហែល​​៥៥០០​ រៀល​​​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.