ស្នាដៃ​សិល្បៈ​កូន​ខ្មែរ​បញ្ជូន​ទៅ​ជប៉ុន

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខណៈ​ការ​ប្រលង​ប្រណាំង​បញ្ចេញ​ភាព​វ័យ​ឆ្លាត និង​ការ​ច្នៃ​ប្រឌិត​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ​ក្នុង​កម្មវិធី “Dream Girl”នៅ​សល់​រយៈ​ពេល​មិន​ដល់ ៥ ថ្ងៃ​ទៀត នោះ ពេល​នេះ​ស្នាដៃ​របស់​បេក្ខនារី​មួយ​ចំនួន​ក៏​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ជា​បណ្ដើរៗ​ហើយ​ដែរ ដើម្បី​ឲ្យ​គណៈកម្មការ​ធ្វើ​ការ​វិនិច្ឆ័យ​ផ្តល់​ចំណាត់​ថ្នាក់​ដល់​ម្ចាស់​ជយលាភី។
    ប្រធាន​បទ​ក្នុង​ការ​ចូលរួម​ប្រកួត​ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ​គឺ Pattern Design និង Character Designសម្រាប់​ឲ្យ​បេក្ខនារី​ទាំង​ឡាយ​ដាក់​ពាក្យ​ និង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដែល​ក្នុង​នោះ Pattern Design តម្រូវ​ឲ្យ​បេក្ខនារី​ដែល​ចូលរួម​ទាំង​អស់ Design រូប​ទាំង​ឡាយ​ណា​ដែល​មាន​ទ្រង់ទ្រាយ​ជា​ផ្កា និង​តែ​ម្នាក់​ឯង​គត់។ ដោយ​ឡែក​សម្រាប់​ផ្នែក Character Design គឺ​តម្រូវ​ឲ្យ​មាន​សមាជិក ៣​នាក់​ជា​ចាំបាច់​ដើម្បី​​ឌីហ្សាញ​វត្ថុ​អ្វី​មួយ​មិន​ថា​ជា ផ្លែឈើ ​សត្វ ​មនុស្ស ឬ​អ្វី​ផ្សេង​ប៉ុន្តែ​តួអង្គ​នោះ​ត្រូវ​មាន​ភ្នែក។
    អ្នក​រៀបចំ​កម្មវិធី​ប្រឡងប្រជែង​កញ្ញា ហេង ផាន់យ៉ា បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​ស្នាដៃ​សិល្បៈ​ចំនួន ៣៣ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​នៅ​ឯ​ប្រទេស​ជប៉ុន​ធ្វើ​ការ​វាយ​តម្លៃ​ដើម្បី​ផ្ដល់​ចំណាត់ថ្នាក់​រូប​ដែល​មាន​លក្ខណៈ​លេចធ្លោ​ជាង​គេ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​។ ក្នុង​នោះ​ផ្នែក Pattern Design មាន​ចំនួន ៣០ រូប និង Character Design មាន​ចំនួន ៣ រូប ដែល​រូប​ទាំង​អស់​នេះ​សុទ្ធ​តែ​កើត​ចេញ​ពី​គំនិត និង​ទេពកោសល្យ​ផ្ទាល់​របស់​បេក្ខជន​ចូលរួម។
    ប្រធាន​រៀប​ចំ​រូប​នេះ​បន្ត​ទៀត​ថា សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​នឹង​ត្រូវ​គេ​ប្រកាស ១ សប្ដាហ៍​ក្រោយ​កាល​បរិច្ឆេទ​ផុត​កំណត់​​នៅ​ថ្ងៃ ៣១ មករា​ខាង​មុខ​នេះ។ ជាមួយ​គ្នា​នោះ​ដែរ រូប​ដែល​ជាប់​ចំណាត់ថ្នាក់​នឹង​ត្រូវ​គេ​ដាក់​បង្ហាញ និង​លក់​នៅ​តាម​បណ្ដា​ហាង​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។
    នៅ​ចាំ​អី​ទៀត! ប្រិយមិត្ត​មិត្ត​យុវវ័យ​ដែល​មាន​ទេពកោសល្យ​និង​ភាព​ច្នៃ​ប្រឌិត​ហើយ​ដែល​ចង់​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ អាច​មក​សុំ​និង​ដាក់​ពាក្យ​ប្រលង​បាន​នៅ​អាសយដ្ឋាន​អាគារ​លេខ ១០ (ជាន់​ទី​៣ បន្ទប់ 3FB អគារ Vtrust) សង្កាត់​មិត្តភាព ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ឬ​សាកសួរ​ព័ត៌មាន​លំអិត​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ​ ០២៣ ៩៩៨ ៤៥៥ រៀង​រាល់​ម៉ោង​ធ្វើការ។ កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃ​ទី ៣១ មករា ២០១២
    ម្ចាស់​ជយលាភី​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចន្លោះ​ពី ១លានរៀល ទៅ ២លាន​រៀល ​ភាគ​រយ​ដែល​ទទួល​បាន​ពី​ការ​លក់​ស្នាដៃ​របស់​ខ្លួន និង​នៅ​មាន​រង្វាន់​លើក​ទឹកចិត្ត​ជា​ច្រើន​ទៀត៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.