
ការផ្តល់រង្វាន់ពី Cellard។ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទជាច្រើននៅកម្ពុជាកំពុងតែប្រើយុទ្ធសាស្ត្រដើម្បីដណ្តើមទីផ្សារ។ ជីវ័ន
ភ្នំពេញៈ មន្ត្រី និងអ្នកជំនាញឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ចិន XINWEI កំពុងត្រៀមវិនិយោគលើទីផ្សារសេវាទូរស័ព្ទចល័តនៅកម្ពុជា ដែលនេះជាឱកាសសម្រាប់ក្រុមហ៊ុនគមនាគមន៍ចិន ក្នុងការបោះជំហានមកកាន់កម្ពុជា។
លោក សៀ ណារ៉េត ប្រធាននាយកដ្ឋានគ្រប់គ្រងប្រេកង់វិទ្យុ និងចេញអាជ្ញាប័ណ្ណនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញអាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុន Xinwei កាលពីចុងឆ្នាំមុន ហើយក្រុមហ៊ុននេះ កំពុងរង់ចាំការអនុញ្ញាតឲ្យសាងសង់អង់តែនទំនាក់ទំនងនៅក្នុង ប្រទេសកម្ពុជា។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន Xinwei អាចនឹងក្លាយទៅជាក្រុមហ៊ុនផ្តល់សេវា4G ដំបូងនៅប្រទេសកម្ពុជា។
អ្នកជំនាញ បានយល់ឃើញថា ទីផ្សារផ្តល់សេវាទូរស័ព្ទនៅកម្ពុជា មានភាពចង្អៀត ហើយមិនសូវចំណេញឡើយ។
លោក Marc Einstein អ្នកវិភាគប្រចាំក្រុមហ៊ុន Frost & Sullivan ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូឲ្យដឹងថា ក្រុមហ៊ុនXinwei ចាប់អារម្មណ៍លើការលក់បច្ចេកវិទ្យា ជាងការស្វែងរកផលចំណេញពីការផ្តល់សេវាទូរស័ព្ទដ៏ចង្អៀតនេះ។
លោក Einstein បានឲ្យដឹងថា ក្រុមហ៊ុន Huawei Technologies Co Ltd និង ZTE Corporation ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំពីររបស់ចិន។
Xinwei ដែលជាក្រុមហ៊ុនមិនសូវល្បីល្បាញនៅក្រៅប្រទេសចិន អាចនឹងសម្លឹងរកមើលទីផ្សារងាយស្រួល ដើម្បីវិនិយោគលើប្រព័ន្ធទូរស័ព្ទចល័ត និងទូរគមនាគមន៍។ លោកថ្លែងថា៖ «ក្រុមហ៊ុនទាំងនោះ អាចនឹងទទួលបានអាជ្ញាប័ណ្ណដើម្បីបង្កើតទីផ្សារសម្រាប់ផលិតផល ទូរគមនាគមន៍របស់ចិននៅកម្ពុជា»។
លោក Einstein បានឲ្យដឹងថា យុទ្ធសាស្ត្រនេះពេញនិយមនៅអាហ្វ្រិក។ ជំនួយរបស់ចិន ដែលផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើឡើងក្នុងគោលបំណងធ្វើទីផ្សារផលិតផល និងសេវាកម្មជាច្រើន ជាបន្តបន្ទាប់របស់ខ្លួន។
លោកបានបន្ថែមថា ភាពងាយស្រួលក្នុងការទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាទូរស័ព្ទ ចល័តនៅកម្ពុជា ធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសដ៏ល្អមួយ សម្រាប់យុទ្ធសាស្ត្រនេះ។
លោក Kang Nam-kook អគ្គនាយកក្រុមហ៊ុនកាំមីនតែល បានឲ្យដឹងថា ក្រុមហ៊ុនលោក ដែលក្លាយទៅជាក្រុមហ៊ុនទូរស័ព្ទទី៩ និងទទួលបានអាជ្ញាប័ណ្ណកាលពីខែតុលា មិនទាន់សម្រេចចិត្តនៅឡើយទេថា តើសេវាអ្វីដែលខ្លួននឹងផ្តល់នៅកម្ពុជាឡើយ។
លោកបន្ថែមថា ឧបសគ្គតិចតួច ក្នុងការបោះជំហានមកកាន់កម្ពុជា គឺបានគំរាមកំហែងដល់ការរកប្រាក់ចំណេញរបស់ក្រុមហ៊ុនទូរស័ព្ទនៅ កម្ពុជា។
លោកបានបញ្ជាក់ថា ការរួមបញ្ចូលគ្នា និងការទិញភាគហ៊ុនពីក្រុមហ៊ុនផ្សេងមិនអាចចៀសផុតបានឡើយ។ លោកក៏បានលើកឡើងថា៖ «ក្រុមហ៊ុនទូរគមនាគមន៍១០ មិនអាចនៅជាមួយគ្នាបានឡើយ»។
លោក Jeffery Tan អ្នកវិភាគខាងផ្នែកទូរគមនាគមន៍នៅធនាគារ OSK ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងកាលពីម្សិលមិញថា ប្រសិនបើជាក្រុមហ៊ុន Xinwei គ្មានគម្រោងចូលរួមក្នុងការបង្រួបបង្រួមទីផ្សារនេះទេ នោះការបោះជំហានរបស់ក្រុមហ៊ុននេះ មកកាន់ទីផ្សារកម្ពុជា បានកាត់បន្ថយប្រាក់ចំណូលនៅក្នុងវិស័យនេះ។
លោកបានឲ្យដឹងតាមអ៊ីមែលកាលពីថ្ងៃម្សិលមិញថា៖ «ការបោះជំហានមកកាន់ទីនេះដោយក្រុមហ៊ុនថ្មី គ្រាន់តែបន្ថែមការបំផ្លាញគុណតម្លៃក្នុងវិស័យនេះប៉ុណ្ណោះ។ នេះជាទីផ្សារមួយដែលកំពុងមានប្រាក់ចំណូលថយចុះ ដោយសារមានការប្រកួតប្រជែងតម្លៃគ្នាច្រើន»៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.