តន្ត្រី​ទេសចរណ៍​ស្រាបៀរ​អាន់ឆ័រ​១៤​ខេត្ត-ក្រុង

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • តន្ត្រី​ទេសចរណ៍​ស្រាបៀរ​អាន់ឆ័រ​១៤​ខេត្ត-ក្រុងតាកែវៈ ក្នុង​បំណង​លើក​ស្ទួយ​វិស័យ​សិល្បៈ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​បាន​ ទូលំទូលាយ​នោះ ក្រុម​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​កម្ពុជា​ជា​ច្រើន​ដួង​បាន​មក​ធ្វើ​ការ​ ជួប​ជុំ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេស​ចរណ៍​ខ្នាត​ ធំ​១៤​ខេត្ត​ក្រុង​ដែល​មាន​ឈ្មោះ​ថា ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ស្រាបៀរ​អាន់ឆ័រ ដែល​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ស្រាបៀរ អាន់​ឆ័រ(Anchor Beer) ។
    ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​នោះ មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ផលិត​កម្ម​នានា​ដូចជា​ លោក ព្រាប សុវត្ថិ ឆន សុវណ្ណរាជ ឆាយ វីរៈ​យុទ្ធ កញ្ញា ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា អ៊ីវ៉ា ឈិត សុវណ្ណបញ្ញា សុខ ស្រីល័ក្ខណ៍​ ប្រេម៉ា សូលីដេត និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត​។
    ទោះ​បី​ជា​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​លំបាក​បន្តិច​ក្តី​ ប៉ុន្តែ​ការ​ប្រគំ​តន្ត្រី​នៅ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ជា​មួយ​នឹង​ស្នាម​ញញឹម និង​សំឡេង​ហ៊ោ​ទះ​ដៃ​យ៉ាង​រីករាយ​របស់​ពល​រដ្ឋ​ខ្មែរ​១៤​ខេត្ត​ក្រុង​។
    តារា​ល្បី​ៗ​ទាំង​នោះ បាន​និយាយ​ថា៖«​ពួក​យើង​មាន​ភាព​រីក​រាយ​មែន​ទែន​ នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​នេះ ក្រៅ​ពី​ពួក​យើង​ទទួល​បាន​កម្រៃ​យ៉ាង​សម​រម្យ​ក្នុង​កម្ម​វិធី​នេះ អ្វី​ដែល​សំខាន់​នោះ​ គឺ​ពួក​យើង​បាន​ចូល​រួម​ចំណែក​ក្នុង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី វិស័យ​សិល្បៈ​ខ្មែរ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​ជា​វិស័យ​អាទិភាព​ចម្បង​របស់​ជាតិ​»។
    ក្រុម​សិល្បៈ​ទាំង​នោះ​បន្ត​ថា៖​«​នេះ​មិន​មែន​ជា​លើក​ទី​១​សម្រាប់​ពួក​ យើង​ឡើយ​ ពួក​យើង​បាន​ចូល​រួម​ការ​ប្រគំ​តន្ត្រី​នេះ​ចំនួន​៣​ឆ្នាំ​មក​ហើយ។ ឆ្នាំ​នេះ​យើង​ទទួល​បាន​ការងារ​ច្រើន និង​ធំ​ជាង​មុន​»។
    អ្នក​ដឹក​នាំ​កម្ម​វិធី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ របស់​ស្រាបៀរ អាន់ឆ័រ និង​ជា​អ្នក​ផលិត​កម្មវិធី​ម្នាក់​នៅ​ស្ថានីយ​ទូរទស្សន៍​បាន​យ័ន​ លោក គង់ វិសាល បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​បែប​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣ ឆ្នាំ​មក​ហើយ។
    លោក គង់ វិសាល និយាយ​ថា៖«​ការ​ប្រគំ​តន្ត្រី​នេះ ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។ ខ្ញុំ​បាន​ទទួល​ការងារ​នេះ ពី​ក្រុម​ហ៊ុន​អាន់ឆ័រ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ផលិត​ផល​ស្រាបៀរ​ក្រុម​ហ៊ុន​នេះ​ដោយ​ ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​ទេសចរណ៍​»។ លោក​បន្ត​ថា៖ «​ការ​ប្រគំ​តន្ត្រី​នេះ ខ្ញុំ​គិត​ថា មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ព្រោះ​វា​បាន​ផ្តល់​នូវ​ពេល​វេលា​ជា​ច្រើន​សម្រាប់​សិល្បករ-ការិនី​យើង​ ក្នុង​ការ​ចូល​រួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​»។
    លោក​បាន​លើក​ឡើង​ថា សិល្បករ-ការិនី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ ព្រោះ​បើ​ឲ្យ​មនុស្ស​ធម្មតា​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​នោះ មហា​ជន​ពួក​គាត់​មិន​ចង់​ស្តាប់​យើង​ទេ​ តែ​បើ​ឲ្យ​សិល្បករ-ការិនី​ទៅ​ផ្សព្វ​ផ្សាយ​វិញ ពួក​គាត់​ពិត​ជា​រីករាយ និង​ធ្វើ​តាម​។
    លោក មាន សំអុល ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ស្រាបៀរ​អាន់ឆ័រ បាន​ឲ្យ​ដឹង​ថា ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​​នេះ បាន​ធ្វើ​ឡើង​មិន​មែន​ត្រឹម​តែ​ក្នុង​បំណង​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​ស្រាបៀរ អាន់ឆ័រ ឲ្យ​កាន់​តែ​ល្បី​ល្បាញ​ប៉ុណ្ណោះ​ទេ តែ​នោះ​ក៏​ជា​ការ​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ផង​ដែរ ពិសេស​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។
    លោក​បន្ត​ថា ដោយ​សារ​ទទួល​ការ​គាំទ្រ​កាន់​តែ​ខ្លាំង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្រុមហ៊ុន​អាន់​ឆ័រ កាន់​តែ​ពង្រីក​នូវ​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។ ជាក់​ស្តែង​ដូច​ជា​នៅ​ឆ្នាំ​២០១២​នេះ យើង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ចំនួន​១៤​ខេត្ត​ក្រុង ខណៈ​កាល​ពី​ឆ្នាំ​២០១០ យើង​ធ្វើ​១០​ខេត្ត និង​ឆ្នាំ​២០១១​ យើង​ធ្វើ​១២​ខេត្ត​នោះ​។ លោក​​បញ្ជាក់​ថា ​សម្រាប់​ឆ្នាំ​២០១២​ ព្រឹត្តិការណ៍​សិល្បៈ​ទេស​ចរណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចំនួន​១៤​ខេត្ត​ក្រុង​ក្នុង​នោះ មាន​ខេត្ត​ព្រះ​សីហនុ កំពត តាកែវ កំពង់ស្ពឺ កំពង់​ឆ្នាំង បន្ទាយ​មាន​ជ័យ បាត់ដំបង សៀមរាប កំពង់​ធំ ស្វាយរៀង​ព្រៃវែង ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។
    លោក មាន សំអុល មាន​ប្រសាសន៍​ថា៖«គោល​បំណង​សំខាន់​សម្រាប់​កម្មវិធី​នេះ​ធ្វើ​ឡើង​មិន​គ្រាន់​តែ​ដើម្បី​ផ្សព្វផ្សាយ​ពី​ស្លាក​សញ្ញា​ស្រាបៀរ​អាន់ឆ័រ​មួយ​មុខ​ នេះ​ទេ គឺ​យើង​ធ្វើ​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ ពិសេស​ដើម្បី​បញ្ជ្រាប​ពី​ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ដ៏ សម្បូរ​បែប​»។
    លោក​បន្ថែម​ថា៖«​ការ​ប្រឹង​ប្រែង​របស់​យើង មួយ​ឆ្នាំ​ចំណាយ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​នេះ ក៏​ដើម្បី​ជា​ការ​ជួប​ជុំ​គ្នា​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​នីមួយ​ ៗ​ ចែក​រំលែក​ក្ដី​សប្បាយ​រីករាយ​ជាមួយ​គ្នា​ផង​ដែរ​ ដោយ​យើង​ចាប់​ផ្តើម​នៅ​ខេត្ត​ព្រះសីហនុ និង​បញ្ចប់​នៅ​ខេត្ត​រតនគិរី»៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.