ព្រាប សុវត្ថិ ខ្ញី​ចាស់​កាន់​តែ​ហឹរ​តម្លៃ​ខ្លួន​ហក់​ឡើង​ខ្ពស់​ដាច់​គេ

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • 120125_28aភ្នំពេញៈ មិន​ខុស​ពី​ពាក្យ​ចាស់​លោក​ពោល​ថា «​ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហឹរ» តារា​ចម្រៀង​ឈរ​តំណែង​កំពូល​គ្មាន​គូ​ប្រជែង​ជាង​១០​ឆ្នាំ​ជាប់​ៗ​គ្នា លោក ព្រាប សុវត្ថិ ក៏​កំពុង​តែ​មមា​ញឹក​ស្ទើរ​គ្មាន​ពេល​ទំនេរ​នៅ​ក្នុង​កម្ម​វិធី​ប្រគំ​ តន្ត្រី​ផ្សេង​ៗ​នា​រដូវ​នេះ។ ទោះ​បី​ជា​ខ្លួន​មាន​វ័យ​ច្រើន​បន្តិច​ក្តី តែ​បើ​តាម​ប្រភព​ពី​មជ្ឈ​ដ្ឋាន​សិល្បៈ និង​ក្រុម​ហ៊ុន​ផ្សេង​ៗ​បាន​ឲ្យ​ដឹង​ថា លោក​ព្រាប សុវត្ថិ នៅ​តែ​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ចន្លោះ​ពី​៣៥០០ ទៅ​៤០០០​ដុល្លារ​ក្នុង​មួយ​កម្ម​វិធី​ តែ​តម្លៃ​ខ្លួន​នេះ​មិន​មែន​ជា​ឧប​សគ្គ​សម្រាប់​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​ផ្សេង​ៗ​ឡើយ ពោល​គឺ​លោក​នៅ​តែ​មាន​ទីផ្សារ​យ៉ាង​មមា​ញឹក​។
    រដូវ​នេះ បើ​ក្នុង​វិស័យ​សិល្បៈ​គេ​ហៅ​ថា «​រដូវ​កើប​ប្រាក់​តាម​ខេត្ត​» ដែល​តារា​ចម្រៀង​ប្រុស​ស្រី​ស្ទើរ​គ្រប់​គ្នា​តែង​ទទួល​បាន​ការងារ​ចេញ​ ច្រៀង​ឲ្យ​ស្ថាប័ន​ផ្សេង​ៗ​យ៉ាង​គគ្រឹក​គគ្រេង។ ដោយ​ឡែក​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ឲ្យ​ដឹង​ថា ឈាន​ចូល​ខែ​នេះ ក្រុម​ហ៊ុន​ជា​ច្រើន​តែង​រៀបចំ​កម្ម​វិធី​ផ្សេង​ៗ​តាម​បណ្តា​ខេត្ត​ក្រុង ដូច្នេះ​លោក​ទទួល​បាន​ការងារ​ច្រើន​នៅ​ក្នុង​រដូវ​នេះ​។ លោក​បន្ត​ថា កម្ម​វិធី​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​នៅ​តាម​ខេត្ត​ទាំង​អស់​នោះ​ទេ ពោល​គឺ​អាស្រ័យ​តាម​កម្ម​វិធី​។
    តារា​ចម្រៀង​វ័យ​៣៦​ឆ្នាំ​រូប​នេះ ​មាន​ប្រសាសន៍​ថា៖«​ខ្ញុំ​ទទួល​បាន​ការងារ​ចេញ​ច្រៀង​ច្រើន​នៅ​រដូវ​នេះ ព្រោះ​សឹង​តែ​គ្រប់​ក្រុម​ហ៊ុន​គេ​តែង​រៀប​ចំ​កម្ម​វិធី​ផ្សេង​ៗ​នៅ​ក្នុង​ រដូវ​នេះ ជា​ខែ​ដែល​អត់​ភ្លៀង​ ពោល​គឺ​នៅ​រដូវ​ប្រាំង​រយៈ​ពេល​៥-៦​ខែ​ហ្នឹង យើង​មាន​កម្ម​វិធី​រហូត​»។ តែ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​រដូវ​វស្សា​លោក​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ទទួល​បាន​កម្មវិធី​ច្រើន​នៅ​ភ្នំពេញ​ដែរ​។
    ទន្ទឹម​នឹង​ទទួល​បាន​ការងារ​ចេញ​ច្រៀង​ក្នុង​កម្ម​វិធី​នានា​ច្រើន គេ​បាន​ដឹង​ថា ក្នុង​ចំណោម​តារា​ចម្រៀង​​ល្បី​ៗ​ទាំង​ប្រុស​ទាំង​ស្រី​ដូច​ជា ខេមរៈ សេរី​មន្ត ឆាយ វីរៈ​យុទ្ធ ឆន សុវណ្ណរាជ កែវ វាសនា ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា សុខ ពិសី គ្មាន​អ្នក​ណា​ម្នាក់​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដូច​លោក ព្រាប សុវត្ថិ ដែរ​ ហើយ​ប្រជាប្រិយ​ភាព​ក៏​មិន​ទាន់​មាន​តារា​ចម្រៀង​ណា​អាច​នឹង​ប្រជែង​នឹង​ លោក​បាន​នៅ​ឡើយ​។
    តាម​ប្រភព​ពី​មជ្ឈដ្ឋាន​សិល្បៈ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ខ្លួន​របស់​លោក​ ព្រាប សុវត្ថិ ពេល​ច្រៀង​មួយ​កម្ម​វិធី​មាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​ ពោល​គឺ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ទីតាំង​ជិត​ឆ្ងាយ ខេត្ត ឬ​ក៏​ក្រុង​។ អ្នក​រៀប​កម្ម​វិធី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេល​លោក​ ព្រាប សុវត្ថិ ច្រៀង​នៅ​ភ្នំពេញ​ តម្លៃ​ខ្លួន​គឺ​៣០០០​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ​។ រីឯ​តម្លៃ​ខ្លួន​របស់​លោក​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ខេត្ត​វិញ គឺ​ចន្លោះ​ពី​៣៥០០​ ទៅ​៤០០០​ដុល្លារ​ ដែល​តម្លៃ​ខ្លួន​នេះ​មាន​ការ​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​តារា​ចម្រៀង​មួយ​ចំនួន​បាន​ធ្លាក់​តម្លៃ​ខ្លួន​នោះ​។
    ពាក់​ព័ន្ធ​នឹង​តម្លៃ​ខ្លួន​នេះ លោក ព្រាប សុវត្ថិ ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រាប់​លម្អិត ដោយ​លោក​បាន​លើក​ហេតុ​ផល​ថា៖«​បាទ! សុំ​ទោស រឿង​នេះ ខ្ញុំ​មិន​អាច​ប្រាប់​ដោយ​បើក​ចំហបាន​ទេ ខ្ញុំ​សុំ​ទុក​រឿង​នេះ​ជា​រឿង​ secret (​ការ​សម្ងាត់) តែ​ត្រង់​គេ​ថា ៣០០០ ឬ​៤០០០​ដុល្លារ​ហ្នឹង វា​ជា​រឿង​របស់​គេ​»។ ទោះ​បី​យ៉ាងណា​លោក ព្រាប​ សុវត្ថិ ប្រាប់​ថា តម្លៃ​ខ្លួន​របស់​លោក​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​ក្រុម​ហ៊ុន​នានា​នោះ​ ទេ។
    លោក​បាន​មាន​ប្រសាសន៍​ថា៖​«​ក្រុម​ហ៊ុន​គាត់​មក​រក​ខ្ញុំ​ធ្វើ​ការ​ ខ្ញុំ​មាន​តម្លៃ​ខ្លួន​របស់​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ដូច​ជា​មិន​ដែល​មាន​បញ្ហា​រឿង​តម្លៃ​ខ្លួន​នេះ​ទេ»៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.