ការកើនឡើងខ្ពស់នៃសម្ពាធឈាមគឺជាបុព្វហេតុដ៏ចំបងដែលបណ្ដាលឱ្យមានជម្ងឺបេះដូង ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល និងបញ្ហាសុខភាពដទៃទៀត ។ ក៏ប៉ុន្តែ តើកត្តាអ្វីដែលបណ្ដាលឱ្យមានសម្ពាធឈាមខ្ពស់ ?ការពិសារបារី កម្រិតជាតិប្រៃច្រើន តំណពូជ ភាពធាត់ កង្វះលំហាត់ប្រាណ ភាពតានតឹង និងបញ្ហាធុញថប់អារម្មណ៍ សុទ្ធសឹងតែជាចំនុចចាប់ផ្តើមដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្ពាធឈាម ។
ទន្ទឹមនឹងនេះ ការស្រាវជ្រាវថ្មីមួយបង្ហាញថា ការទទួលទានដំណេកមិនបានស្កប់ស្កល់ល្អក៏ជាចំណែកមួយអាចបង្កឱ្យមានការកើនឡើងខ្ពស់នៃសម្ពាធឈាម ។
ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិចបានពិនិត្យតាមដានទៅលើអ្នកជម្ងឺជាបុរសចំនួន៧៨៤នាក់ដែលមានអាយុចាប់ពី៦៥ឆ្នាំ ។ ការសិក្សានេះបានរកឃើញថា អ្នកដែលទទួលទានដំណេកមិនបានស្កប់ស្កល់អាចប្រឈមនឹងគ្រោះថ្នាក់ប្រហែល៨៣ភាគរយដែលអាចបង្កឱ្យមានសម្ពាធឈាមឡើងខ្ពស់ ។
ទោះបីជាក្រុមអ្នកស្រាវជ្រាវបានសិក្សាតែទៅលើអ្នកជម្ងឺបុរសយ៉ាងណាក្តី ស្ត្រីក៏ទំនងជាមានទំនាក់ទំនងខ្លាំងទៅនឹងស្ថានភាពតែមួយនេះដែរ ។ នេះគឺជាការសិក្សាលើកដំបូងដែលបានបញ្ជាក់ថា ការទទួលទានដំណេកមិនល្អអាចបង្កើនគ្រោះថ្នាក់ខ្ពស់ទៅលើការកើនឡើងនៃសម្ពាធឈាម ។
លោកស្រី Natasha Stewart ប្រធានគិលានុបដ្ឋាយិកានៅឯមូនិធិគាំពារបេះដូងនៅក្នុងចក្រភពអង់គ្លេសបានឱ្យយោបល់ថា ក្រុមអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀតទៅលើក្រុមអ្នកជម្ងឺដែលមានវ័យផ្សេងពីនេះ និងត្រូវរកអំណះអំណាងដែលអាចបញ្ជាក់ថា ការទទួលទានដំណេកស្កប់ស្កល់ពិតជាអាចកាត់បន្ថយការកើនឡើងសម្ពាធឈាម ។
តាមរយៈការស្រាវជ្រាវនេះ យើងអាចដឹងបានថា ការទទួលទានដំណេកឱ្យបានស្កប់ស្កល់គឺជាកត្តាដ៏មានសារសំខាន់ដើម្បីបញ្ជៀសនូវការកើនឡើងនៃសម្ពាធឈាម ក៏ដូចជាការលើកកំពស់បញ្ហាសុខភាពដទៃទៀតផងដែរ ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.