បង្កើន​ថាមពលខួរ​ក្បាល​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ប្រសិន​បើ​លោកអ្នក​គិត​ថា​ ការ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​គឺ​ជា​កិច្ចការ​ដ៏​លំបាក​មួយ​នោះ​ សូម​​គិត​ជាថ្មី​ម្តង​ទៀត ។ វា​មិន​មែន​គ្រាន់​តែ​ជា​វិធី​សាស្ត្រ​ងាយៗ​នោះទេ​ ប៉ុន្តែ​វា​ប្រាកដ​ជា​អាច​ជួយ​លោក​អ្នក​បាន ។ វីធីសាស្ត្រ​​ល្អៗ​មួយ​ចំនួន​ខាង​ក្រោម​​នឹង​អាច​ជួយ​លោក​អ្នក​ក្នុងការ​បង្កើន​ថាមពល​ខួរ​ក្បាល​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ ។

    ធ្វើលំហាត់​ប្រាណ
    លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ ។ លំហាត់​ប្រាណ​ជាប្រចាំ​ថ្ងៃ​​ជួយ​លោកអ្នកបញ្ចេញ​ជាតិ​ពុល​ពីរាង​កាយ​ ដុត​បំផ្លាញ​​កាឡូរី និង​​រក្សារាង​កាយ​ឱ្យ​បាន​ស្អាត​សមសួន ​។ ក្រៅ​ពី​អត្ថប្រយោជន៍នេះ​ លំហាត់​ប្រាណ​ជួយ​ឱ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​ប្រសាទខួរក្បាល និង​បង្កើន​ថាមពលដល់​ខួរ​ក្បាល ។

    ធ្វើ​លំហាត់​ខួរក្បាល
    ក្រៅពី​ធ្វើ​លំហាត់​ប្រាណ​ លោក​អ្នក​គួរ​តែ​ធ្វើ​លំហាត់​ខួរ​ក្បាល​បន្ថែម​ទៀត​ ។ លោក​អ្នក​គួរ​តែ​សាក​ល្បង​​ធ្វើ​លំហាត់​ខួរក្បាល​ដូច​ខាង​ក្រោម​នេះ​ ហើយ​សម្គាល់​ពី​អត្ថប្រយោជន៍របស់​វា ។
    • ប្រើ​ដៃ​ម្ខាង​ទៀត ​(ដៃ​ឆ្វេង)​ ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដូច​ជា​បើក​ទ្វារ​ បើក​គម្រប​កំប៉ុង​ ឬលើក​របស់​ស្រាលៗ... ។
    • ធ្វើ​ការ​ពិភាក្សា​​លើ​ប្រធាន​បទ​អ្វី​មួយ​ជាមួយ​មិត្ត​ភក្តិ ។
    • បង្កើន​ការ​ចង​ចាំ​ដោយ​រៀន​ច្រៀងចម្រៀង​ថ្មីៗ ឬ​អត្ថបទ​កំណាព្យ​រាល់​សប្តាហ៍ ។
    • ព្យាយាម​គណនា​លេខ​ដោយ​ខ្លួន​ឯង​​ដោយ​មិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​គិត​លេខ ។
    • បង្ខំ​ខួរក្បាល​របស់​លោក​អ្នក​ឱ្យ​ចង​ចាំ​អ្វី​មួយ​ពី​អតីត​កាល​ ។ វា​​អាច​ជាឈ្មោះ​របស់​នរណា​ម្នាក់ ប៉ុន្តែ​លោក​អ្នក​មិន​គួរ​ប្រើ​ប្រាស់​តម្រុយ​ណាមួយ​នោះ​ទេ​គឺ​ត្រូវ​ព្យាយាម​នឹក​ឱ្យ​ឃើញ​ដោយ​ប្រើ​តែ​ខួរ​ក្បាល​ប៉ុណ្ណោះ ។

    លេង​ល្បែង​ខួរ​ក្បាល
    កិច្ចការ​មួយ​​ដែល​​សប្បាយ​​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ខួរក្បាល​នោះ​គឺ​លេង​ល្បែង​កំសាន្ត​ដែល​តម្រូវ​ឱ្យអ្នក​ប្រមូល​អារម្មណ៌ សម្មាធិ និង​គិត ។ មាន​ល្បែង​កំសាន្ត​ជា​ច្រើន​ដែល​ជួយ​​ពង្រឹង​ថាមពល​ខួរ​ក្បាល ហើយ​គួរ​ជ្រើសរើសល្បែង​កំសាន្ត​ណា​ដែលលោក​​អ្នក​ចូល​ចិត្ត​ ។ ចំណាយ​ពេលខ្លះ​លេង​ល្បែងកំសាន្ត Sudoku (ល្បែង​ម្យ៉ាង​ដែល​ប្រើស​លេខ​ដើម្បី​លេង​កំសាន្ត) ឬ​ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៌​លើ​ការ​ស្វែង​រក​ពាក្យ​​អ្នក​គួរ​តែ​លេងល្បែង​កំសាន្ត​ស្បែង​រកពាក្យ និង​គួរ​តែ​ព្យាយាម​សាកល្បង​លេងល្បែង​កំសាន្ត​ដែល​ប្រាស់ប្រាស់​ខួរក្បាល​ដើម្បី​លេង​ផ្សេងៗ​ទៀត ។ ម្យ៉ាង​ទៀត លោក​អ្នក​គួរ​លេង​ វីដេអូ​ហ្គេម​ ណា​ដែល​តម្រូវ​ឱ្យ​លោក​អ្នក​រៀប​ផែនការ​ និង​ប្រើ​យុទ្ធវិធី ។

    សម្រាក
    វិធី​សំខាន់​មួយ​ទៀតដែល​ជួយបំពេញ​ថាមពល​ខួរ​ក្បាល​គឺ​ការសម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ។ ការ​ធ្វើ​សម្មាធិ​ជួយ​ឱ្យលោកអ្នក​ប្រមូល​អារម្មណ៌​បាន​ល្អ​ និង​មាន​ចិត្ត​ស្ងប់ ហើយ​ខួរក្បាល​ និង​រាង​កាយ​សម្រាក​បាន​ល្អ ។ លើស​ពី​នេះ​ វា​ជួយ​ឱ្យ​លោក​អ្នក​គេង​យប់​បាន​យ៉ាង​លង់​លក់ ។ ប្រសិន​បើ​​សម្រាក​មិន​បាន​គ្រាប់​គ្រាន់​ លោក​អ្នក​នឹង​មិន​មាន​ថាមពល​សម្រាប់​បំពេញ​កិច្ច​ការ​ផ្សេងៗ​នោះទេ ។

    របប​អាហារ
    ការ​គ្រប់​គ្រងរបប​អាហារ​មិន​មែន​ជា​កិច្ចការ​ដែល​លំបាក​នោះ​ទេ ។ មាន​អាហារ​ល្អៗ​ជា​ច្រើន​សម្រាប់​ខួរក្បាលដូច​ជា​​ស្កសូកាឡា​ អាស៊ីត​អូមេហ្គា​ ៣ (ភាគច្រើន​សម្បូរ​ក្នុង​ខ្លាញ់​ត្រី​សមុទ្រ) គ្រាប់​ធញ្ញជាតិ និង​ត្រីជាដើម ។ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​​គឺ​ជា​គន្លឹះសំខាន់​ក្នុង​ការ​បង្កើន​ថាមពល​ខួរ​ក្បាល ។

    វិធីសាស្ត្រមួយ​ចំនួន​ផ្សេង​ទៀត ៖
    • រៀន​ប្រើ​ឩបករណ៌​តន្ត្រី
    • អាន​អត្ថបទ​ដែល​ចូល​ចិត្ត​ជាប្រចាំ
    • គេង​ថ្ងៃ
    • បង្កើត​ទំលាប់​ថ្មី
    • រៀន​ភាសា​
    • សរសេរកំណត់​ហេតុ​ប្រចាំ​ថ្ងៃ
    • សើច​ឱ្យបាន​ច្រើនយ៉ាង​តិច​ណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ
    • គ្រប់​គ្រង​ភាព​តាន​តឹងឱ្យ​បាន​ល្អ
    • ជួប​នឹង​មនុស្ស​ថ្មីៗ
    • យំ​នៅ​ពេល​លោកអ្នក​ចង់​យំ ។ ការ​ទុក​ភាព​សោក​សៅ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ខួរក្បាល ហើយ​ការយំ​ឱ្យ​​អស់​ទឹក​ភ្នែក​ជួយ​ឱ្យឈាម​រត់​បាន​ល្អ​ក្នុង​សរសៃរឈាម ។
    លោក​អ្នក​អាចប្រើ​វិធី​សាស្ត្រ​ណាមួយ​ខាង​លើ​ដើម្បី​ជួយ​ពង្រឹង​ថាមពល​ខួរក្បាល​ដោយ​វា​នឹង​ជួយ​ឱ្យ​សមត្ថភាព​ខួរ​ក្បាល​កាន់​តែ​ប្រសើរឡើង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.