វីតាមីន​​អាច​បង្កើន​គ្រោះ​ថ្នាក់​ស្លាប់​របស់​ស្ត្រី​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • តាម​ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​​បង្ហាញ​ថា ការទទួល​ទាន​ថ្នាំគ្រាប់​វីតាមីន​បន្ថែម​ច្រើន​​អាច​​ប៉ះ​ពាល់​អាក្រក់​ច្រើន​ជាង​ផលល្អ ។ ក្រុមអ្នក​ស្រាវ​ជ្រាវ​មកពី​សាកលវិទ្យាល័យ​ Minnesota បាន​សិក្សា​លើ​ទិន្នន័យ​នៃ​ការសិក្សា​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៨៦​​អំពី​សុខភាព​របស់​ស្ត្រី​ចំនួន​ច្រើន​ជាង​​៣៩.០០០នាក់​ដែល​មានអាយុ​ប្រហែល​​៦២ឆ្នាំ​​ដោយ​ការ​​ប្រមូល​ទិន្នន័យ​អំពី​ការ​ប្រើប្រាស់​ថ្នាំវីតាមីន​បន្ថែម​របស់​ស្ត្រី​នៅឆ្នាំ​១៩៨៦ ១៩៩៧ និង​២០០៤ ។

    លទ្ធផល​នៃ​សិក្សា​នេះ​បង្ហាញ​ថា​ ស្ត្រី​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំវីតាមីន​​បន្ថែម​មាន​កំណើន​​ប្រឈម​​​នឹង​ការស្លាប់​ជាមធ្យម​២,៤​ភាគរយ​​ច្រើនជាង​ស្ត្រី​ដែល​ពុំ​បាន​ប្រើប្រាស់​ថ្នាំ​វីតាមីន​បន្ថែម ​។

    ការសិក្សានេះ​សង្កត់ធ្ងន់​លើ​ទំនាក់​ទំនងរវា​អត្រា​មរណៈភាព និង​ការ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន​​បន្ថែម និង​សារធាតុខនិជ​ដែល​រួម​មាន​ការប្រើប្រាស់​ថ្នាំ​វីតាមីន​​ចំរុះ វីតាមីន B6 អាស៊ីត​ហ្វូលិច (folic acid) ជាតិដែក​ ម៉ាញ៉េស្យូម​ ស័ង្កសី​ និង​ទង់ដែង ។ លទ្ធផល​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ស្ត្រី​១២.​៧៦៩នាក់​ដែល​បាន​ប្រើប្រាស់​ថ្នាំវីតាមីន​បន្ថែម​ មាន​៤០,៨ភាគរយ​​បាន​ទទួល​មរណៈភាព​នៅ​ចុង​ឆ្នាំ២០០៨ ខណៈដែល​​៣៩,៨ភាគរយ​នៃ​ស្ត្រី​ចំនូន​១០.១៦១នាក់​ដែលពុំ​ប្រើប្រាស់ថ្នាំវីតាមីន​បន្ថែម​បាន​ទទួល​មរណៈភាព​នៅ​ក្នុង​ឆ្នាំដូច​គ្នា​នេះ​ដែរ ។

    លោក Mursu និយាយ​​ថា​ កំណើន​គ្រោះ​ថ្នាក់​នៃ​ការ​ស្លាប់​នេះ​អាចបណ្តាល​មក​ពី​ការ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​នៃ​សារធាតុ​របស់​វីតាមីន​បន្ថែម​ទាំង​នោះ ​។ ថ្នាំវីតាមីន​បន្ថែម​​ភាគ​ច្រើន​ផ្ទុក​បរិមាណ​សារធាតុ​ចិញ្ចឹម​យ៉ាង​ច្រើន​ជាង​បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​អាហារ​អាច​ផ្តល់​ឱ្យ​ ហើយ​វា​ក៏ត្រូវ​បាន​ដឹង​ដែរ​ថា​ ការ​ប្រមូល​ផ្តុំ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ​អាច​បណ្តាល​ឱ្យ​ពុល​ ជាពិសេស​ប្រសិន​បើ​ការ​ប្រើ​ប្រាស់​កាន់​តែយូរ​ព្រោះ​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​នឹង​ត្រូវ​បាន​សារពាង្គកាយ​ប្រើ​ប្រាស់ ។

    ខណៈដែល​សារធាតុខនិជ​ និង​វីតាមីន​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ការប្រើ​ប្រាស់​ច្រើន​ហួស​ពុំ​បាន​បង្ហាញ​ថា​មាន​ប្រយោជន៍​នោះ​ទេ ។ ការ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន​បន្ថែម​​ផ្តល់​ឱ្យ​សារពាង្គកាយ​នូវ​សំណាញ់​សុវត្ថិភាព​ចំពោះ​មនុស្ស​ដែល​ទទួល​វីតាមីន​ពុំគ្រប់​គ្រាន់ ចំណែក​​ការ​ប្រើ​ប្រាស់​វីតាមីន​ច្រើន​ពេក​នឹង​បង្ក​ឱ្យ​មាន​បញ្ហា ។

    លោក Mursu និង​ក្រុម​​អ្នក​ស្រាវ​ជ្រាវ​របស់​លោក​​ជឿជាក់​ថា គ្រោះ​ថ្នាក់​ដែល​អាច​​បង្កឡើង​ដោយ​ពពួក​សារធាតុចិញ្ចឹម​មានក្នុង​ថ្នាំ​វីតាមីន​គឺទាក់​ទង​នឹង​បរិមាណ​មិន​គ្រប់​គ្រាន់​ និង​ច្រើន​ពេក ។ ការទទួល​បាន​វីតាមីន​តិចតួច​ពេក​​បណ្តាលឱ្យ​វីតាមីន​គ្មាន​ប្រសិទ្ធភាព​ ចំណែក​ការ​ប្រើប្រាស់​វីតាមីន​ច្រើន​ពេក​​បណ្តាលឱ្យ​ប្រឈម​មុខ​នឹង​ជាតិពុល​រួមទាំង​ជម្ងឺ​ផង​ដែរ​ ។

    ការ​សិក្សា​របស់​ក្រុម​លោក​ Jaakko Mursu ក៏ដូច​ជា​ការ​សិក្សា​ស្រដៀង​គ្នានេះ​ដទៃទៀត​ដែរ​​​បាន​​ផ្តល់​ភស្តុតាង​​តិច​តួច​ដែល​បញ្ជាក់​ថា​ ការ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន​បន្ថែម​ជា​ប្រចាំ​អាច​ជួយ​ការ​ពារ​ពី​ជម្ងឺ​រ៉ាំរ៉ៃ ។ លោក ​Mursu បាន​ឱ្យ​ដំបូន្មាន​ថា មនុស្ស​គ្រប់រូប​គួរ​ពិចារណា​ឡើង​វិញ​​ថា​តើ​គួរ​ជ្រើស​រើស​យក​ការ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន​បន្ថែម ឬ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​សុខភាព ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.