​រោគ​សញ្ញា​សុខភាព​ផ្លូវភេទ​ធ្ងន់ធ្ងរ​ ៦​ចំនុច​ដែល​ស្ត្រី​គ្រប់​រូប​គួរតែ​ដឹង​

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:



  • សម្រាប់​ស្ត្រី​ភាគច្រើន​ ការ​មក​រដូវ​មិន​ទៀងទាត់​ចំនួន​ពីរ​ដង​ ឬ​កើត​ជំងឺផ្សិត​ម្តងម្កាល​គឺ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ​។​
    ប៉ុន្តែ​រោគ​សញ្ញា​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន​គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ងឿងឆ្ងល់​ដូច​ជា​ ការ​ហូរ​ឈាម​តាម​ទ្វារមាស​ដែល​វា​ច្រើន​តែ​កើតឡើង​ក្រោយ​ពី​រួម​ភេទ​ហើយ​ ឬ​ដុំ​អ្វីមួយ​ដុះ​មិនធម្មតា​ ហើយ​ឈឺ​។​
    តើ​ពេល​ណា​ដែល​អ្នក​គួរតែ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​?
    វេជ្ជបណ្ឌិត​ ហូ​លី​ពូ​រី​គ​ (Holly​ Puritz)​ ឯកទេស​ខាង​ជំងឺ​រោគ​ស្ត្រី​បានអោយ​ដឹង​ថា​ គ្រប់ពេល​នៃ​ការ​ឈឺ​ក្នុង​អាង​ត្រគៀក​ ស្នាម​អុចៗ​ រមាស់​ និង​រោគ​ផ្សេងៗ​ទៀត​មិន​អាច​ទៅ​ជា​ភាព​ធ្ងន់ធ្ងរ​បាន​ទេ​។​
    ទោះបីជា​ដំណើរការ​ធម្មតា​មួយ​ដូច​ជា​បញ្ចេញ​អូវុល​ (Ovulation)​ ក៏​អាច​ធ្វើ​អោយ​មានការ​ឈឺចាប់​បាន​ដែរ​។​
    ដូច​គ្នា​នេះ​ដែរ​ ការ​ហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​ប្រហែលជា​សញ្ញា​មួយ​នៃ​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​បណ្តាល​មក​ពី​ការ​ឆ្លង​ជំងឺ​ដែល​អាច​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ដែរ​ ។​
    ទោះបីជា​យ៉ាងណា​ក៏​ដោយ​ រោគ​សញ្ញា​មួយ​ចំនួន​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ​ ។​ ចូរ​កុំ​មានការ​ភ័យ​ខ្លាច​អោយ​សោះ​ ប៉ុន្តែ​វា​អាច​នឹង​ដឹង​បាន​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​ទទួល​បាន​ជំនួយ​ ។​
    ១,​ ឈឺ​អាង​ត្រគៀក 

    អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ ការ​ឈឺចាប់​នៅ​ពាក់កណ្តាល​វដ្ត​រដូវ​អាច​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពី​មានការ​ផ្ទុះ​បែក​នៃ​អូវុល​ហើយ​ ប៉ុន្តែ​បើ​ការ​ឈឺ​អាង​ត្រគៀក​របស់​អ្នកចេះ​តែ​វិវត្តន៍​រហូត​ ឬ​មិន​ធូរស្បើយ​ក្រោយ​ពី​ព្យាបាល​នៅ​តាម​ផ្ទះ​ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម​ ។​
    ករណី​ខ្លះ​ ការ​ឈឺ​ក្នុង​អាង​ត្រគៀក​ ឬ​ពោះ​ខ្លាំង​ ហើយ​កើត​យ៉ាង​លឿន​នោះ​ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ​ ។​ ការ​ដាច់​រហែក​ ឬ​ហូរ​ឈាម​ដោយសារ​គីស​ក្នុង​អូវែ​ (Ovarian​ Cyst)​ ក៏​អាច​ជា​បញ្ហា​ធ្វើ​អោយ​ឈឺចាប់​ប្រភេទ​នេះ​ដែរ​ ។​
    វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​ អ្នក​ស្ត្រី​ ជេ​ស៊ី​កា​ ហ្សេ​ហ្វឺ​ត​ (Jessica​ Shepherd)​ នៃ​សាកលវិទ្យាល័យ​ឡូ​អ៊ី​ស​វី​ល​ (Louisville)​ ដែល​ជា​នាយកដ្ឋាន​នៃ​ជំងឺ​រោគ​ស្ត្រី​ និង​សុខភាព​ស្ត្រី​និយាយ​ថា​ “​ជា​ធម្មតា​ យើង​នឹង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​ជាមួយ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​ចំនួន​ ហើយ​ជា​ធម្មតា​វា​ក៏​ធូរស្រាល​ទៅ​វិញ​ដោយ​ឯងៗ​ដែរ​”​។​
    ប្រសិនបើ​ការ​ឈឺ​ក្នុង​អាង​ត្រគៀក​ដ៏​ខ្លាំងក្លា​មួយ​ចាប់ផ្តើម​កើត​មាន​ភ្លាមៗ​ អាច​បណ្តាល​មក​ពី​ការ​រមួល​នៃ​អូវែ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​រ៉ាំ​ង​ស្ទះ​ដល់​ការ​ផ្គត់​ផ្គង​ឈាម​របស់​វា​ ។​ ស្ត្រី​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា​ចង់​ចង្អោ​ ឬ​ក្អួត​ ។​
    លើស​ពី​នេះ​ទៅ​ទៀត​ ការ​ឈឺពោះ​ និង​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ប្រហែលជា​សញ្ញា​មួយ​នៃ​ជំងឺ​កូនក្រៅស្បូន​ (​ការ​កាច់​សម្បុក​របស់​ពង​កូន​នៅ​ខាងក្រៅ​ស្បូន​)​ ។​
    ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ ចូរ​ស្វែងរក​សេវា​សង្គ្រោះ​បន្ទាន់​ភ្លាម​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​គ្រូពេទ្យ​របស់​អ្នក​បាន​ ។​
    អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ សំណាងល្អ​ដែរ​ ភាគច្រើន​នៃ​ការ​មិន​ស្រួល​ក្នុង​អាង​ត្រគៀក​គឺ​មិន​មាន​ទាក់ទង​នឹង​ជំងឺមហារីក​អូវែ​ទេ​ ប៉ុន្តែ​ស្ត្រី​គួរតែ​ដឹង​អំពី​ដំណើរ​ឥត​ឈប់​ឈរ​របស់​ជំងឺ​នេះ​ (​រោគ​សញ្ញា​ជា​ចង្កោម​)​ ។​ ប្រសិនបើ​អ្នក​ហើមពោះ​ តឹង​ក្នុង​អាង​ត្រគៀក​ និង​ឧស្សាហ៍​នោម​រយៈពេល​ពី​រស​ប្តា​ហ៍​រាល់ថ្ងៃ​ នោះ​មាន​ន័យ​ថា​វា​ជា​សញ្ញា​សញ្ញា​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ទៅ​ពិនិត្យ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​អូវែ​”​។​
    ២,​ ការ​ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់ 
    ថ្វីបើ​ថ្នាំ​ពន្យា​កំណើត​អាច​ធ្វើ​អោយ​មាន​កន្ទួល​អុចៗ​ដែល​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ក៏​ពិតមែន​ តែ​អ្នក​ប្រហែលជា​នៅ​តែ​ចង់ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​វេជ្ជបញ្ជា​។​
    អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បាន​ប្រើ​ថ្នាំ​ពន្យា​កំណើត​ណាមួយ​ទេ​ ហើយ​ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​ទៀត​លើស​ពីរ​មួយ​ខែ​ ឬ​ពីរ​ខែ​ ខ្ញុំ​គិត​ថា​វា​គួរតែ​ធ្វើការ​ពិនិត្យ​ ”​។​
    អ្នកស្រី​និយាយ​ថា​ ចំពោះ​រដូវ​ដែល​កើតឡើង​យូរ​ជាង​ធម្មតា​ ការ​ហូរ​ឈាម​ពាក់​កណ្តាលខែ​ ការ​មក​រដូវ​ពីរ​ដង​ក្នុង​មួយ​ខែ​ ការ​ហូរ​ឈាម​ក្រោយ​រួម​ភេទ​ និង​រូបភាព​មិនធម្មតា​ផ្សេងៗ​ទៀត​ គឺ​សុទ្ធតែ​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​ ។​
    ការ​ហូរ​ឈាម​មិនធម្មតា​ប្រហែលជា​បណ្តាល​មក​ពី​មូលហេតុ​ចំរុះ​ជា​ច្រើន​ប្រភេទ​ដែល​មិន​ចាត់​ទុក​ថា​មិន​គ្រោះថ្នាក់​ទេ​ ក្នុង​ចំនោម​មូលហេតុ​អស់ទាំង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​ជិត​ឈប់​មក​រដូវ​ ដុំ​ក្នុង​ស្បូន​ ឬ​ប៉ូ​លី​ព​ (Polyps)​។​
    អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ បញ្ហា​ទៅ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ អាច​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​វដ្ត​រដូវ​របស់​មនុស្ស​ស្រី​បាន​ដែរ​ ។​
    ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​ និង​ស្ត្រី​ក្រោយ​ពេល​រ៉ាំ​ង​រដូវ​ ការ​ស្ងួត​ទ្វារមាស​ផ្សំគ្នា​នឹង​ការ​កកិត​ អាច​ធ្វើ​អោយ​កើត​កន្ទួល​អុចៗ​ក្រោយ​ពី​រួម​ភេទ​បាន​។​
    ប៉ុន្តែ​ប្រសិនបើ​អ្នក​ហូរ​ឈាម​គ្រប់ពេល​រួម​ភេទ​ហើយ​រហូត​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​នោះ​គឺជា​សញ្ញា​គួរ​អោយ​មានការ​ព្រួយបារម្ភ​មួយ​ ដោយសារ​តែ​មាត់ស្បូន​កំពុង​តែ​ងាយ​នឹង​រលាក​ ហើយ​ភាគច្រើន​តែងតែ​កើត​មាន​ប្រសិនបើ​មាន​ជំងឺឆ្លង​ទៅ​លើ​មាត់ស្បូន​នោះ​។​ ជា​ធម្មតា​វា​មិនកើត​ទៅ​លើ​មាត់ស្បូន​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ​”​។​ ជំងឺឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដូច​ជា​ ជំងឺ​ប្រមេះទឹកបាយ​ ឬ​ជំងឺ​ក្លា​មី​ដៀ​ (Chlamydia)​ អាច​ធ្វើ​អោយ​មាន​ដំបៅ​លើ​មាត់ស្បូន​និង​ដែល​អាច​បង្ក​អោយ​មាន​ហូរ​ឈាម​ក្នុង​ពេល​រួម​ភេទ​ដែរ​ ។​
    ប្រសិនបើ​អ្នកជា​ស្ត្រី​រាំងរដូវ​ហើយ​ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ទៅ​លើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ ព្រោះ​វា​គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​របស់​ជំងឺមហារីក​ស្បូន​។​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​អ្នក​គួរតែ​រក​វា​អោយ​ឃើញ​ភ្លាមៗ​។​ ជំងឺមហារីក​ស្បូន​ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ជំងឺមហារីក​អូវែ​ គឺ​ អាច​ព្យាបាល​បាន​។​ វា​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​អាច​ព្យ​បាល​ជា​ ព្រោះ​ជា​ទូទៅ​វា​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា​ និង​មាន​រោគ​សញ្ញា​ធ្វើ​អោយ​យើង​ដឹង​ភ្លាមៗ​ នោះ​គឺ​ការ​ធ្លាក់ឈាម​ក្រោយ​ពេល​រាំងរដូវ​ ។​
    អ្នកស្រី​ហ្សេ​ហ្វឺ​ត​និយាយ​ថា​ ក្រៅពី​ការ​ធ្លាក់ឈាម​ក្រោយ​ពេល​រាំងរដូវ​ ការ​ធ្លាក់ឈាម​ពី​ទ្វារមាស​ដែល​បណ្តាល​មក​ពី​បញ្ហា​ផ្សេងៗ​ទៀត​មុន​ពេល​ពេញវ័យ​ ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ គួរតែ​ធ្វើការ​ពិនិត្យ​ផង​ដែរ​ ។​
    ៣,​ ហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស 
    ចំពោះ​ការ​ហូរ​ទឹករំអិល​ពី​ទ្វារមាស​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​ភាព​មិនធម្មតា​គឺជា​អ្វី​ដែល​ស្ត្រី​សម្រេច​ថា​វា​គឺជា​រឿង​មិនធម្មតា​។​ ស្ត្រី​ដឹង​ថា​រាង​កាយ​របស់​ពួក​គេ​ល្អ​សមសួន​ល្អ​ណាស់​”​។​
    រោគ​សញ្ញា​មិនធម្មតា​រួម​មាន​ ក្លិនស្អុយ​ខ្លាំង​(​កើតឡើង​ដោយសារ​ភាព​មិនធម្មតា​នៃ​ការ​ហូរ​ទឹករំអិល​ច្រើន​ពេក​)​ ជាប់​ទាក់ទង​គ្នា​នឹង​ការ​រមាស់​ ក្រហាយ​ ឬ​រលាក​(​ពណ៌​មិនធម្មតា​ ឬ​អាច​ជា​ឈាម​ហូរ​ចេញ​មក​)​។​
    ភាគច្រើន​នៃ​មូលហេតុ​ធ្វើ​អោយ​ហូរ​ទឹករំអិល​មិនធម្មតា​មក​គឺ​បញ្ហា​តិចតួច​ទេ​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​គ្រប់​ប្រភេទ​នៃ​ការ​ឆ្លង​រោគ​សុទ្ធតែ​អាច​បង្ក​អោយ​មានការ​ហូរ​ទឹករំអិល​បាន​ទាំងអស់​”​។​ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ មូលហេតុ​ចម្បងៗ​រួម​មាន​ ជំងឺ​បង្ក​ឡើង​ដោយ​រោគ​ផ្សិត​ បាក់តេរី​ឬ​ទ្រីកូម៉ូណាស់​ (Trichomonas)​។​ មូលហេតុ​អស់ទាំង​នេះ​គឺ​យើង​អាច​ព្យាបាល​បាន​យ៉ាង​ងាយស្រួល​ ។​
    ដោយសារ​តែ​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ក៏​អាច​ធ្វើ​អោយ​ហូរ​ទឹករំអិល​ខុស​ពី​ធម្មតា​ដែរ​នោះ​ ចូរ​ទៅ​ពិនិត្យ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទាត់​ចោល​នូវ​បញ្ហា​ដែល​ស្រ​ដៀង​គ្នា​។​
    ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​ប្រាកដ​ថា​ ត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​អំពី​ការ​មាន​បញ្ហា​អ្វីមួយ​ដែល​កើតឡើង​ជាប់​រហូត​។​
    ៤,​ ការ​រមាស់ 
    មនុស្ស​ស្រី​ប្រហែលជា​មានការ​រមាស់​តែ​គ្មាន​ហូរ​ទឹករំអិល​ ។​បញ្ហា​មួយ​នេះ​ច្រើន​ជួប​ជា​ញឹកញាប់​នៅ​ពេល​អ្នកជំងឺ​ប្រើ​ទឹកអប់​ ឬ​ទឹក​អនាម័យ​សម្រាប់​លាង​សម្អាត​។​ អ្នកស្រី​និយាយ​ថា​ “​រាល់​ទឹកអប់​ និង​ទឹក​ថ្នាំ​ផ្សេង​ទាំងអស់​សុទ្ធសឹងតែ​ជា​ហានិភ័យ​ទាំងអស់​។​ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​បញ្ហា​អា​ឡែ​ហ្ស៊ី​លើ​ស្បែក​ នោះ​វា​ក៏​នឹង​បង្ក​អោយ​មានការ​រមាស់​ និង​រលាក​កាន់តែ​ច្រើន​ដែរ​”​។​
    ថ្វីបើ​ការ​រមាស់​លើ​ប្រដាប់​ភេទ​មិន​ទំនងជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិតមែន​ តែ​វា​នៅ​តែ​ប្រការ​មួយ​សម្រាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​មាន​អ្វី​ធ្វើ​អោយ​រំខាន​ ។​ ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នេះ​គឺ​ធម្មតាៗ​ទេ​ ។​
    ទោះជា​យ៉ាងណា​ក៏​ដោយ​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​ប្រសិនបើ​វា​ធ្វើ​អោយ​រមាស់​ និង​មាន​អ្វី​ប្រែប្រួល​លើ​ស្បែក​ នោះ​គឺជា​សញ្ញា​គួរ​អោយ​ភ័យ​ព្រួយ​ហើយ​”​។​
    ឧទាហរណ៍​ បញ្ហា​ស្បែក​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា​ ឡាយ​កែន​ ស្លឺ​រ៉ូ​សឺ​ស​ (Lichen​ Sclersus)​ អាច​ធ្វើ​អោយ​រមាស់​ និង​កើតជា​កន្ទួល​អុចៗ​ តូចៗ​ សៗ​លើ​ប​បេ​រ​ ។​ អ្នកស្រី​ពូ​រីក​និយាយ​ថា​ ជំងឺ​ស្បែក​ ឡាយ​កែន​ ស្លឺ​រ៉ូ​សឺ​ស​ ជា​បញ្ហា​មិនសូវ​ជួប​ប្រទះ​ទេ​ ដែល​វា​អាច​កើត​ទៅ​លើ​ស្រី​ចំណាស់ៗ​ ។​
    អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ “​វា​គឺជា​ជំងឺ​ដែល​ត្រូវការ​ការ​ព្យាបាល​ដោយ​ថ្នាំពេទ្យ​”​។​ បើ​មិន​បាន​ព្យាបាល​ទេ​ កន្ទួល​អុចៗ​នោះ​អាច​ទៅ​ជា​សន្លាក​ និង​បង្ក​អោយ​មាន​បញ្ហា​ច្រើន​ក្នុង​ពេល​នោម​ ឬ​រួម​ភេទ​។​ វា​ក៏​មានឱកាស​តិចតួច​មួយ​ដែល​ថា​ ជំងឺមហារីក​ស្បែក​ប្រហែលជា​កើតឡើង​ដោយសារ​កន្ទួល​អុចៗ​ទាំងនេះ​ ។​
    មួយវិញទៀត​ពី​ជំងឺ​ឡាយ​កែន​ ស្លឺ​រ៉ូ​សូ​សគឺ​មាន​ដំបៅ​រមាស់​ជា​ច្រើន​នៅ​លើ​ប​បេ​រ​ ឬ​ទ្វារមាស​ ហើយ​ប្រហែលជា​ត្រូវធ្វើ​អាណា​ប៉ាត់​ (Biopsy)​ ដើម្បី​ទាត់​ចោល​ជំងឺមហារីក​។​ 
    ៥,​ ទ្វារមាស​ស្ងួត 

    ការ​ស្ងួត​ទ្វារមាស​នៅ​លើ​ស្ត្រី​បំបៅ​ដោះ​កូន​ ឬ​ស្ត្រី​រាំងរដូវ​រួច​អាច​ធ្វើ​អោយ​មាន​កន្ទួល​អុចៗ​បន្ទាប់​ពី​រួម​ភេទ​រួច​ ។​ នៅ​ពេល​មួយ​ដែល​ស្ត្រី​បំបៅ​ដោះ​កូន​បញ្ចេញ​អូវុល​ម្តងទៀត​ ភាព​ស្ងួត​នោះ​នឹង​ត្រូវ​បាត់​ទៅ​វិញ​ ។​
    ប៉ុន្តែ​អ្នកស្រី​ហ្សេ​ហ្វឺ​ត​និយាយ​ថា​ “​ទ្វារមាស​រួម​ស្វិត​គឺ​ពិតជា​រឿង​ដ៏​សំខាន់​ ជា​ពិសេស​ចំពោះ​ស្ត្រី​រាំងរដូវ​ហើយ​”​។​
    មិនមែន​មាន​តែ​ស្ត្រី​ដែល​មាន​ទ្វារមាស​ស្ងួត​ទេ​ដែល​រួម​ភេទ​ទៅ​ឈឺ​នោះ​ ប៉ុន្តែ​ភាព​ស្តើង​នៃ​ទ្វារមាស​ក៏​ធ្វើ​អោយ​ស្ត្រី​នោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ដែរ​ ។​
    អ្នកស្រី​ហ្សេ​ហ្វឺ​ត​និយាយ​ថា​  ស្ត្រី​មិន​គួរ​ណា​មានការ​អៀនខ្មាស​ក្នុង​ការ​បញ្ជាក់​អំពី​ការ​ស្ងួត​របស់​ទ្វារមាស​ខ្លួន​ទៅ​គ្រូពេទ្យ​នោះ​ទេ​។​ ពួក​គេ​ប្រហែលជា​អាច​បំបាត់រោគ​សញ្ញា​នៃ​ការ​ស្ងួត​ទ្វារមាស​នេះ​បាន​តាម​រយៈ​ប្រើ​ក្រែ​ម​មាន​ជាតិ​អេ​ស្ត្រូ​ជេន​សម្រាប់​លាប​ កង​ដាក់​ក្នុង​ស្បូន​ ឬ​ថ្នាំ​គ្រាប់​សម្រាប់​លេប​។
    ៦,​ មាន​ដុំ​អ្វីមួយ​ដុះ 

    ស្ត្រី​មួយ​ចំនួន​ដែល​កើត​មាន​គីស​សេ​បូម​ (Sebaceous​ Cyst)​ និង​ទង​ស្បែក​ក្នុង​តំបន់​គ្រ​លាន​ ឬ​ស្ត្រី​ផ្ទៃពោះ​ប្រហែលជា​មានការ​រីក​សរសៃ​ឈាមវ៉ែន​ អាច​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​នៅ​លើ​ប​បេ​រ​ទ្វារមាស​នៅ​ពេល​ឈរ​ ។​ អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ “​រាល់​ដុំ​ទាំងអស់​ខាងលើ​នេះ​សុទ្ធតែ​ជា​ដុំ​ស្លួ​ត​ មិនមែន​មហារីក​ទេ​”​។​
    ប៉ុន្តែ​ដុំ​ខ្លះ​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ ដូច្នេះ​ដើម្បី​មានការ​ប្រុង​ប្រយ័ត្ន​អ្នក​ត្រូវ​តែ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​។​
    អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ ដុំ​នៅ​ខាងក្នុង​តំបន់​ប្រដាប់​ភេទ​ប្រហែលជា​អាច​ចង្អុលបង្ហាញ​មហារីក​ ។​ រោគ​សញ្ញា​នៃ​ជំងឺមហារីក​ទៅ​លើ​បបរ​ទ្វា​មាស​រួម​មាន​ ដុះ​ដុំ​មិនធម្មតា​ រាង​របស់​ដុំ​នោះ​ដូ​ចឬស​ ក្រហម​ ដែល​មិន​អាច​ជា​វិញ​នោះ​ទេ​  ។​
    ជាមួយ​គ្នា​នេះ​ដែរ​  អ្នកស្រី​ពូ​រី​គ​និយាយ​ថា​ ជំងឺមហារីក​ស្បែក​មេ​ឡា​ណូ​ម៉ា​ (Melanoma)​ អាច​កើត​នៅ​លើ​ប​បេ​រ​ទ្វារមាស​ដែរ​។​ រោគ​សញ្ញា​របស់​មហារីក​ប្រភេទ​នេះ​មាន​ ដុះ​ប្រជ្រុយ​ពណ៌​ខៀវចាស់​ ឬ​ត្នោត​នៅ​ក្នុង​ប្រដាប់​ភេទ​។​ អ្នកស្រី​បន្ថែម​ថា​ “​អ្នកជំងឺ​ទាំងអស់​ច្រើន​តែ​មានការ​ភ្ញាក់​ផ្អើ​ក​ដោយសារ​ជំងឺ​នេះ​ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.