ភ្នំពេញ ៖ ស្រ្តីជាមេខ្យល់ម្នាក់ ក្នុងចំណោម ៧ នាក់ ដែលត្រូវជាភរិយា របស់ស្នងការរង ខេត្តតាកែវ លោក កែ កៃ ដែលបានដើរ បោកប្រាស់ ប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ និងនៅរាជធានីភ្នំពេញ ត្រូវបានក្រុមជនរងគ្រោះ នាំគ្នាចាប់ខ្លួន ប្រគល់ទៅឲ្យ ប៉េអឹមខេត្ត និងបានបញ្ជូនខ្លួន បន្តទៅកាន់ តុលាការខេត្តតាកែវ រួលរាល់ហើយ ដើម្បីរង់ចាំការដោះស្រាយ ក្នុងការសងប្រាក់ ទៅកាន់ ក្រុមប្រជាពលរដ្ឋរងគ្រោះ ចំនួន ៣៧ នាក់វិញ ។
លោក ឡា ល័យ មេបញ្ជាការ ប៉េអឹម ខេត្តតាកែវ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹង នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១២ ថា កាលពីថ្ងៃសៅរ៍ ទី ២៨ ខែមករា កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋ ដែលបានចាញ់បោកមេខ្យល់ថា នាំទៅធ្វើការ នៅប្រទេសអូស្ត្រាលី បាននាំគ្នា មកប្តឹងនៅកន្លែងរបស់លោក ជាបន្តបន្ទាប់ រហូតដល់ទៅជាង ៣០ គ្រួសារ ហើយប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ ក៏បាននាំគ្នាទៅព័ទ្ធផ្ទះ របស់លោក កែ កៃ ស្នងការរង ខេត្តតាកែវ ដែលប្រពន្ធរបស់លោក ធ្វើជាមេខ្យល់ បោកយកប្រាក់ របស់ប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗ អស់ប្រាក់ពី ៨ ពាន់ដុល្លារ ដល់ ១ម៉ឺនដុល្លារអាមេរិក ។ បន្ទាប់ពីសុំ ដីកា ពីតុលាការខេត្តរួចមក លោកក៏បានចាប់ខ្លួន អ្នកស្រី ហេង កែវឌីណា ប្រពន្ធលោកស្នងការរង ខេត្តតាកែវ ដែលធ្វើជាមេ ខ្យល់នោះ បញ្ជូនខ្លួនទៅឃុំ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តចំនួន ២ យប់ រួចក៏បន្តបញ្ជូនខ្លួន ទៅកាន់តុលាការខេត្ត ជាអ្នកដោះ ស្រាយបន្ត ។
លោកបន្តថា ”នៅពេលដែលយើង ធ្វើការសាកសួរ ទៅស្ត្រីរូបនេះឆ្លើយថា មានអ្នករស់នៅ ប្រទេសអូស្រ្តាលីទាក់ទងគាត់ ឲ្យ យកមនុស្ស ទៅអូស្រា្តលីទាន់ពេលនេះ គេមានឱកាសល្អ អាចធានាទៅបានច្រើន ហើយលុយដែលទទួលបាន ពីក្រុមប្រជា ពលរដ្ឋនោះ ស្រ្តីរូបនេះថា យកទៅឲ្យគេនៅភ្នំពេញ ។ ប៉ុន្តែ អ្នកនៅភ្នំពេញនោះ មិនស្គាល់ឈ្មោះគេទេ ស្គាល់តែលេខទូរស័ព្ទ ហើយស្រ្តីរូបនេះ បាននិយាយថា ខ្លួនក៏ចាញ់បោកគេដែរ រួចពេលនេះ ក្នុងខ្លួនគាត់ ក៏គ្មានប្រាក់មួយរៀលដែរ” ។
លោកបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរខេត្តតាកែវ បានសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ ដើម្បីធ្វើការ ស្រាវជ្រាវ ស្វែងរកចាប់ ខ្លួនមេខ្យល់ដទៃទៀត ដែលជាប់ទាក់ទង ក្នុងរឿងនេះ ” ។ ដោយឡែក ក្រុមប្រជាពលរដ្ឋទាំងអស់ ត្រូវរំងាប់ចិត្ត ទុកបញ្ហានេះ ឲ្យសមត្ថកិច្ច ជាអ្នកដោះស្រាយ តាមផ្លូវច្បាប់ ព្រោះមនុស្សកំពុងស្ថិតក្រោម ការគ្រប់គ្រង របស់ច្បាប់ហើយ ”។
ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ៣៧ នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅ ក្នុងរាជធានីភ្នំពេញ បាននិយាយ ឲ្យដឹងដែរថា ដោយសារតែជឿលើពាក្យសម្តី របស់ប្រពន្ធស្នងការរងរូបនេះ និងមានបំណងចង់ទៅ ធ្វើការងារនៅ ប្រទេស អូស្តា្រលីផងនោះ លោកបានចំណាយប្រាក់អស់ ជាង ៣ពាន់ដុល្លារ ដើម្បីបានទៅធ្វើការ នៅទីនោះ រីឯក្រុមជនរងគ្រោះ ផ្សេងៗ ទៀត បានចំណាយប្រាក់អស់ ៨ពាន់ ទៅ ១ម៉ឺន ដុល្លារ ហើយសូម្បីតែ កូនបង្កើតរបស់ប្រពន្ធស្នងការរង ក៏បានចាញ់បោក ម្តាយរបស់ខ្លួនដែរ ដោយបានចំណាយប្រាក់ ដើម្បីបានទៅធ្វើការ នៅទីនោះ។ បន្ទាប់ពីមានរឿងកើតឡើងមក ក្រុមជនរងគ្រោះ ទាំងអស់ បាននាំគ្នាដាក់ពាក្យបណ្តឹង ទៅកាន់បញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីឱ្យជួយដោះស្រាយ ។
លោកបន្តថា “នៅពេលដែលគេឃុំខ្លួន គាត់នោះ ប្តីគាត់បានអង្វរ ឲ្យពួកខ្ញុំដកពាក្យបណ្តឹង ហើយមានអ្នកខ្លះ មិនដកពាក្យ បណ្តឹងទេ តែពេលនោះ មានពួកខ្ញុំ ៧ នាក់ បានដកពាក្យបណ្តឹងចេញវិញ ដោយគិតថា បានលុយមកវិញខ្លះ ដោយគាត់បាន សន្យាថា ពីរថ្ងៃទៀត នឹងសងលុយវិញ នៅពេលលក់រថយន្តដាច់ ។ ប៉ុន្តែនៅពេលគ្រប់ចំនួនពីរថ្ងៃ ពួកយើង បាននាំគ្នាទៅ យកលុយ ស្រាប់តែប្តីគាត់ ដែលធ្វើជាស្នងការរង ខេត្តតាកែវនោះ និយាយថា គាត់មិនសងទេ ព្រោះមនុស្សជាប់គុគហើយ”។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌល ព័ត៌មានដើមអ្ពិល មិនអាចសុំការបំភ្លឺ ពីលោក កែ កៃ ស្នងការរង ខេត្តតាកែវ បាន ទេ ដោយលោកឆ្លើយថា កំពុងជាប់រវល់ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅខេត្តតាកែវ និងរាជធានីភ្នំពេញ ប្រមាណជា ៣៧នាក់ ត្រូវបានមេខ្យល់ បោកយកប្រាក់ ក្នុងម្នាក់ៗអស់ជាង ៣ពាន់ ឬ៨ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារ ដើម្បីបានទៅបម្រើការងារ នៅប្រទេសអូស្ត្រាលី ធ្វើជាអ្នកបេះ ផ្លែឈើ។ មេខ្យល់បានសន្យាថា នឹងនាំពួកគាត់ ទៅធ្វើការនៅប្រទេសអូស្ត្រាលី រយៈពេលមួយឆ្នាំ ធ្វើជាអ្នកបេះផ្លែឈើ ហើយ ក្នុងម្នាក់ៗ ត្រូវបង់ប្រាក់មុនចំនួន ២ពាន់៥រយដុល្លារ សហរដ្ឋអាមេរិក សម្រាប់ការចេញដំណើរ។
សូមបញ្ជាក់ថា កាលពីម៉ោង ៨ និង៥០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ សាច់ញាតិជនរងគ្រោះ បានទាក់ទងមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មានប្រជាពលរដ្ឋជាង ៣០ នាក់នោះ មកពីខេត្តតាកែវ ពួកគាត់បានមកអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ តាំងពីម៉ោង ១រសៀល ដើម្បីត្រៀមចេញទៅប្រទេសអូស្រ្តាលី ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.