បាត់ដំបងៈ កម្លាំងនគរបាលខេត្តបញ្ជូនក្រុមចោរ លួចម៉ូតូ៤នាក់ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ ដែលបានប្រព្រឹត្តកាល ពីម៉ោង១រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ នៅចំណុចភូមិកណ្តុរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកមៀនឡាយនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ក្រុមចោរទាំង៤នាក់ ដែលកម្លាំងនគរបាលស្រុកសំពៅលូន ចាប់បញ្ជូនមកស្នងការដ្ឋាននគរបាល កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ នោះមាន ១. ឈ្មោះ ជួប សារិត ហៅឡេវ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ ម៉ាប់ តាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ៣. ឈ្មោះ ផល ភ័ណ ភេទប្រុស អាយុ ១៨ឆ្នាំ ៤. ឈ្មោះ ហេង ចាន់ ហៀង ភេទប្រុស អាយុ ១៧ឆ្នាំ (ជនដៃដល់) ទាំង៤នាក់នេះ មានទីលំនៅ ភូមិកណ្តុរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានឈ្មោះ ផាន់ យុត ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
តាមរបាយការណ៍នគរបាលស្រុកសំពៅលូនបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដេកលក់ក្នុងផ្ទះ ឯជនសង្ស័យមានគ្នា៤នាក់។
របាយការណ៍ដដែលនេះ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុ ឈ្មោះ ហេង ចាន់ហៀង បាន ផ្លោះរបងចូលផ្ទះ ហើយលូនតាមបង្អួចដកគន្លឹះ បើកចូលយកម៉ូតូធុន សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខអូសចេញមកក្រៅ រីឯបក្ខពួកជាអ្នកមើលផ្លូវ។ ពេលលួចបានហើយ ជនដៃដល់បានជិះម៉ូតូនេះម្នាក់ឯង ទៅលក់នៅស្វាយ ខេត្តបន្ទាយមានជ័យ។
ខណៈដែលកំពុងដើរលក់ម៉ូតូនោះ អ្នកទិញម៉ូតូបានសួរទៅគ្មានឯកសារអ្វីជាប់ មកជាមួយ មានការសង្ស័យក៏រាយការណ៍ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនមកសមតក្ថកិច្ច នគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ ហេង ចាន់ហៀង បានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំគ្នា ទៅលួចម៉ូតូ ពីផ្ទះជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីលួចបានពួកគេបានជិះយក ទៅលក់គ្មានអ្នកណាទិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៤ នាក់ទៅតុលាការខេត្តនៅរសៀលថ្ងៃទី២៣ ខែមករា នេះ ដើម្បីចាត់ការតាមច្បាប់៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.