
ប្រាសាទទឹកកកដែលធ្វើដោយដៃ នៅក្រុងស៊ីលវើសន រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក។
ក្រុងស៊ីលវើសន : ចំពោះមនុស្សភាគច្រើន រដូវរងាគឺជាវេលាដ៏ធុញថប់បំផុត។ ការជីកកាយទឹកកកចេញពីមុខផ្ទះ គឺជាការងារដ៏ពិបាកមួយ។ ប៉ុន្តែសម្រាប់លោកប្រេន គ្រីស្ទិនសិន (Brent Christensen) លោកបានប្រើប្រាស់ព្រឹលទឹកកកទាំងនោះ បង្កើតជាសំណង់សិល្បៈដ៏គួរឲ្យទាក់ទាញ ដែលអាចធានាឲ្យលោកមានជីវភាពធូរធារបាន។
អ្នកជំនាញឆ្លាក់ទឹកកករូបនេះបានស្ថាបនាប្រាសាទទឹកកក នៅក្រុងស៊ីលវើសន (Silverthorn) ដោយប្រើប្រាស់ដុំទឹកកកស្រួច និងព្រឹលទឹកកករោយពី លើ។ ដុំទឹកកកស្រួចបង្កើតបានជាកំពូលប្រាសាទ ជញ្ជាំង ចន្លោះផ្លូវដើរ និងទឹកជ្រោះជាថ្នាក់ៗ។
នៅពេលដែលព្រះទិនករចាំងពន្លឺពីផ្ទៃមេឃពណ៌ខៀវស្រងាត់ចំប្រាសាទ ទឹកកកនោះ វាបញ្ចេញពន្លឺចែងចាំងដូចត្បូងពេជ្រ បីដូចក្នុងរឿងព្រេងនិទាន។ ស្ថាបនិកប្រាសាទទឹកកកនេះ បានចាត់ទុកស្នាដៃរបស់ខ្លួនគឺជា «វិមានទិព្វ»។
លោក គ្រីស្ទិនសិន បាននិយាយថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលអាចធ្វើឲ្យប្រាសាទទឹកកកនេះក្លាយជាឆ្នាំងបាយដ៏យូរអង្វែង របស់ខ្ញុំ»។
ប្រាសាទទឹកកកនៅក្រុងស៊ីលវើសន គឺជាស្នាដៃធំទី៣ហើយរបស់លោក គ្រីស្ទិនសិន។ លោកបានចាប់ផ្ដើមសាងសង់ប្រាសាទទឹកកកដំបូងនៅសួនច្បារផ្ទះរបស់លោក ឯរដ្ឋយូថាស (Utah) កាលពី៣ឆ្នាំមុន។
លោកបានរំឭកថា៖ «កាលនោះ អ្នកជិតខាងខ្ញុំស្រែកសួរខ្ញុំថា តើលោកធ្វើអ្វី ហ្នឹង ម៉េចក៏ចម្លែកម្ល៉េះ?»។
លុះក្រោយមក ស្នាដៃរបស់លោកត្រូវបានម្ចាស់រមណីយដ្ឋាននានាចាប់អារម្មណ៍វិនិយោគជា កន្លែងកម្សាន្ត។ ដូច្នេះហើយទើបលោកត្រូវបានជួលឲ្យទៅសង់ប្រាសាទទឹកកក២នៅរដ្ឋ យូថាស និង១ទៀតនៅក្រុងស៊ីលវើសន រដ្ឋខូឡូរ៉ាដូ។
លោក គ្រីស្ទិនសិន បាននិយាយថា៖ «តាមដែលខ្ញុំដឹង នៅក្នុងពិភពលោកនេះ មិនមានអ្នកណាសង់ប្រាសាទទឹកកកដោយដៃផ្ទាល់ដូចជារូបខ្ញុំទេ»។
ទំហំនៃប្រាសាទទឹកកករីកមាឌ និងរួមមាឌអាស្រ័យលើអាកាសធាតុ។ កម្ពស់របស់វាអាចស្ថិតនៅចន្លោះពី ៦ ទៅ១២ម៉ែត្រលើផ្ទៃដីជិត៤ពាន់ម៉ែត្រការ៉េ។
ជាមួយនឹងថ្លៃចូលទស្សនាប្រមាណ១០ដុល្លារ ប្រាសាទទឹកកកដែលស្ថិតនៅខាងកើតសួនច្បារ ប៊្លូរីវើ ផាកវេ នេះចាប់បើកទ្វារពីម៉ោង១១ព្រឹកដល់៩យប់ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.